ក្រោយពីប្រកាសភ្ជាប់ពាក្យកាលពីដើមឆ្នាំ ២០២៣ ឥឡូវតារាប្រុសហុងកុងលោក Kenneth Ma ក៏បានបង្ហើបពីដំណឹងល្អនឹងរៀបការឆាប់ៗ ជាមួយមិត្តស្រី Roxanne Tong ក្នុងឆ្នាំនេះ។ ថ្មីៗ នេះដែរ អ្នកទាំងពីរក៏បានបង្ហើបថា កំពុងតែប្រឹងប្រែងធ្វើការសន្សំប្រាក់ឱ្យបានច្រើនតាមដែលអាចធ្វើបានដើម្បីទិញផ្ទះធំមួយទុករស់នៅ។

កំឡុងពេលចូលរួមកម្មវិធីប្រេនគ្រឿងអលង្ការមួយនៅហុងកុង អ្នកទាំងពីរបានក្លាយជាទីចាប់អារម្មណ៍ខ្លាំងពីមហាជន និងក្រុមអ្នកកាសែត ដោយសារនេះជាលើកទី ១ ដែលអ្នកទាំងពីរបង្ហាញខ្លួនក្នុងកម្មវិធីតែមួយបន្ទាប់ពីប្រកាសភ្ជាប់ពាក្យ។ ក្នុងឱកាសនោះ តារាស្រី Roxanne Tong ក៏បាននិយាយទៅរឿងរៀបមង្គលការរបស់អ្នកទាំងពីរផងដែរ។

នាងបានលើកឡើងថា៖ នាងសុំរក្សាការសម្ងាត់នូវរឿងលម្អិតមួយចំនួនសម្រាប់ពិធីមង្គលការរបស់នាង និងមិត្តប្រុសតារាប្រុស Kenneth Ma។ អ្នកទាំងពីរមានគម្រោងរៀបការនៅក្រៅប្រទេសជាមុនសិន និងបន្ទាប់មកនឹងធ្វើពិធីនៅហុងកុងម្ដងទៀត តែសម្រាប់ទីកន្លែងសុំលាក់សិន។ នាងបន្ថែមថា៖ មិនយូរនោះទេ ពិធីមង្គលការរបស់អ្នកទាំងពីរនឹងធ្វើឡើងឆាប់ៗ ក្នុងឆ្នាំនេះតែម្ដង មិនមានការពន្យារពេលទៀតទេ។


មែនទែនទៅ តារាប្រុសស្រីមួយគូនេះមានគម្រោងរៀបការតាំងពីពេលទើបដែលទាក់ទងគ្នាដំបូងៗ ម្ល៉េះក្នុងឆ្នាំ ២០២០ ប៉ុន្ដែដោយសារតែការរាលដាលជំងឺកូវីត ១៩ ក៏ធ្វើឱ្យអ្នកទាំងពីរចេះតែពន្យារពេលរៀបការម្ដងហើយម្ដងទៀត។ រហូតដល់ឆ្នាំ ២០២៣ អ្នកទាំងពីរក៏បានប្រកាសថានឹងចូលរោងមង្គលឆាប់ៗ នេះហើយ បន្ទាប់ពីរៀបចំអស់រយៈពេលជាច្រើនឆ្នាំ៕



























Account
Security
Favourite Content