នៅថ្ងៃទី១៧ ខែកុម្ភៈកន្លងទៅ Kendrick Lamar បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងវិស័យហ៊ីបហប ដោយតារាប្រុសរូបនេះបានទទួលងារ ជាតារាហ៊ីបហប់ដំបូងគេបង្អស់ដែលទទួលបានអ្នកស្ដាប់ចំនួន ១០០ លាននាក់ក្នុងរយៈពេលមួយខែ នៅលើកម្មវិធី Spotify។

ភាពជោគជ័យខាងលើនេះ គឺជាលទ្ធផលមួយដែលតារារ៉េបវ័យ ៣៧ឆ្នាំរូបនេះបានទទួល ក្រោយពីឡើងសម្ដែងនៅក្នុងកម្មវិធី Super Bowl Halftime show កាលពីថ្ងៃទី១០ ខែកុម្ភៈកន្លងទៅនេះ ដោយចំនួននៃអ្នកចូលស្ដាប់ចម្រៀងរបស់ Kendrick Lamar មានការកើនឡើងខ្លាំងក្នុងកម្រិត ១៧៥ភាគរយនៅលើកម្មវិធី Spotify។
តួយ៉ាង ស្នាដៃបទ Not Like Us ដែលជាចម្រៀងមានប្រជាប្រិយភាពខ្ពស់ និងធ្លាប់បានឈរជើងនៅលើតារាងធំៗស្រាប់ទៅហើយនោះ ក៏កាន់តែមានសន្ទុះនៃការគាំទ្រច្រើនជាងមុនមិនធម្មតា។ ជាក់ស្ដែង សារព័ត៌មាន The Standard បានរាយការណ៍ថា ត្រឹមពេល ៣ម៉ោងក្រោយពី Kendrick Lamar បានឡើងច្រៀងនៅក្នុងកម្មវិធីកីឡាខាងឡើងនេះ ចំនួនអ្នកស្ដាប់បទ Not Like Us បានកើនឡើងរហូតដល់ទៅ ៤៣០ភាគរយ។
ស្របពេលដែលបទ All the Star ដែលតារារ៉េបម្ចាស់ពានរង្វាន់ Grammy រូបនេះ បានច្រៀងរួមគ្នាជាមួយនឹងភ្ញៀវកិត្តិយស SZA ក៏ទទួលបានការចូលស្ដាប់កើនឡើងដូចគ្នា ក្នុងកម្រិត ២៩០ភាគរយ ទន្ទឹមគ្នានឹងបទ HUMBLE ដែលចំនួនការស្ដាប់បានកើនឡើងក្នុងតួលេខ ៣០០ភាគរយ។

ដោយឡែក Kendrick Lamar ក៏ទទួលបានជោគជ័យនៅលើតារាង Billboard ដែរ។ គិតត្រឹមរសៀលថ្ងៃទី១៩ ខែកុម្ភៈនេះ អាល់ប៊ុមចុងក្រោយបង្អស់ GNX បានក្លាយជាអាល់ប៊ុមដែលមានប្រជាប្រិយបំផុតលំដាប់លេខ ៤ នៅលើតារាង Billboard 200 ស្របពេលដែលអាល់ប៊ុមពីឆ្នាំ ២០១២ គឺ good kid, m.A.A.d និងអាល់ប៊ុម២០១៧ គឺ DAMN. ក៏បានត្រឡប់មកឈរជើងនៅលើតារាងនេះដូចគ្នាដែរ ក្នុងលំដាប់ទី ២៧ និង ២៩។
គួរបញ្ជាក់ផងដែរថា ភាពជោគជ័យបន្ទាប់ពីឡើងសម្ដែងនៅក្នុងកម្មវិធី Super Bowl Halftime show មិនមែនជាហេតុការណ៍ថ្មីឡើយ។ តួយ៉ាង កាលពីឆ្នាំ២០២៤ តារាចម្រៀងប្រុស Usher ក៏ទទួលបានជោគជ័យក្រាស់ក្រែលក្រោយពីឡើងសម្ដែងនៅក្នុងកម្មវិធីតែមួយនេះដែរ ដោយនៅគ្រានោះលោកអាចប្រាក់ចំណូលបន្ថែមរហូតដល់ទៅ ១០០លានដុល្លារអាមេរិក៕
























Account
Security
Favourite Content