ដំណឹងមរណៈភាពរបស់តារាស្រីហុងកុងជើងចាស់ Kathy Chow ពិតជាធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនហាក់មានការភ្ញាក់ផ្អើលខ្លាំង ដោយសារតែរឿងរ៉ាវកើតឡើងភ្លាមៗពេក សឹងមិនជឿ។

កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៣ តារាស្រីហុងកុងជើងចាស់ Kathy Chow ត្រូវគេរាយការណ៍ថា បានទទួលមរណៈភាព។ តែបន្ទាប់មក មិត្តភ័ក្ដិជិតស្និទ្ធរបស់តារាស្រីរូបនេះដែរជាអ្នកយកព័ត៌មានល្បីនៅឯ TVB ក៏បានចេញមុខបញ្ជាក់ថា “បច្ចុប្បន្នតារាស្រី Kathy Chow គឺនៅមានជីវិតនៅឡើយ នាងបានសន្លប់អស់រយៈពេល ២៤ ម៉ោង នៅមិនទាន់ដឹងខ្លួន ដោយសារបញ្ហាសុខភាព តែអាយុជីវិតរបស់នាងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមគ្រូពេទ្យ”។
រហូតដល់ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២៣ ម្សិលមិញនេះ ភ្នាក់ងារតំណាងរបស់តារាស្រី Kathy Chow ក៏បានចេញប្រកាសពីដំណឹងមរណភាពរបស់រូបនាង ដោយនាងបានលាចាកលោកនាអាយុ ៥៧ ឆ្នាំ។ ចំពោះមូលហេតុមិនត្រូវបានបញ្ជាក់ជាផ្លូវការនោះទេ គ្រាន់តែត្រូវបានលើកឡើងថាពាក់ព័ន្ធសុខភាព។



តាមការបង្ហើបរបស់តារាស្រី Kathy Chow ក្នុងបទសម្ភាសន៍មុនៗ នាងធ្លាប់លើកឡើងថាខ្លួនមានជំងឺម៉្យាងឈ្មោះ Lupus erythematosus (ជាជំងឺអូតូអ៊ីមម៉ូន ប្រភេទសើស្បែករ៉ាំរ៉ៃ) ចាប់តាំងពីឆ្នាំ ១៩៩៩ និងត្រូវផឹកថ្នាំឲ្យបានទៀងទាត់ ដើម្បីកុំឲ្យប៉ះពាល់ដល់អាយុជីវិត។ មូលហេតុនៃការស្លាប់របស់នាងត្រូវបានគេសង្ស័យថា មកពីជំងឺមួយនេះ។


គួរបញ្ជាក់ Kathy Chow ជាតារាបង្ហាញម៉ូត តារាចម្រៀង និងតារាសម្ដែងដ៏ល្បីល្បាញម្នាក់ អំឡុងចុងទសវត្សរ៍ឆ្នាំ ៩០។ តារាស្រីរូបនេះ មានភាពលេចធ្លោខ្លាំងភាពយន្ត និងរឿងភាគបុរាណជាច្រើន រួមទាំងរឿង The Feud of Two Brothers (១៩៨៦), Looking Back in Anger (១៩៨៩), Fight Back to School III (១៩៩៣) និង Ashes Of Love ឆ្នាំ ២០១៨៕























Account
Security
Favourite Content