KONNECT Entertainment របស់តារាចម្រៀងខេប៉ុប លោក Kang Daniel ត្រូវបានរាយការណ៍ថា ដើរមកដល់ដំណាក់កាលត្រូវបិទទ្វារហើយ ខណៈតារា និងបុគ្គលិកដែលស្ថិតនៅក្រោមក្រុមហ៊ុមមួយនេះ ក៏បានចាកចេញអស់ទៅហើយដែរ។



យោងតាមប្រភពព័ត៌មានរបស់ប្រទេស កូរ៉េ Star News បានឲ្យដឹងថា តារា និងបុគ្គលិក បានចាកចេញជាបន្ដបន្ទាប់ពីក្រុមហ៊ុន KONNECT Entertainment។ តារាស្រី Yuju ដែលបានចូលរួមជាមួយក្រុមហ៊ុននៅចុងឆ្នាំ ២០២១ បានបញ្ចប់កុងត្រា កាលពីខែ មេសា កន្លងទៅ។ ចំណែកក្រុមរាំ We Dem Boyz ដែលបានចុះកុងត្រានៅចុងឆ្នាំ ២០២២ បានចាកចេញក្រោយចុះកុងត្រាត្រឹម ១ ឆ្នាំប៉ុណ្ណោះ។ ស្របពេលជាមួយគ្នា តារាចម្រៀង និងផលិតករ Chancellor ក៏បានរាយការណ៍ថា ចាកចេញពីក្រុមហ៊ុនដូចគ្នា។
តារាចម្រៀងប្រុស Kang Daniel បានបង្កើតក្រុមហ៊ុន KONNECT Entertainment កាលពីពាក់កណ្ដាលឆ្នាំ ២០១៩។ លោកមានតួនាទីនាយកប្រតិបត្ដិផង និងតារាក្រោមក្រុមហ៊ុនផង។ ម្ចាស់ភាគហ៊ុនដែលកាន់កាប់ច្រើនជាងគេក្នុងក្រុមហ៊ុន មិនត្រូវបានបង្ហាញឈ្មោះឡើយ ប៉ុន្ដែបុគ្គលម្នាក់នោះត្រូវបានរាយការណ៍ថា កាន់កាប់ភាគហ៊ុនសរុប ៧០ ភាគរយ។ បច្ចុប្បន្ន តារាប្រុស Kang Daniel កំពុងដាក់ពាក្យប្ដឹងដល់បុគ្គលនោះពីបទ ក្លែងបន្លំឯកសារ កិបកេងប្រាក់ពីក្រុមហ៊ុន និងផ្សេងៗទៀត។


គួរបញ្ជាក់ថា តារាប្រុស Kang Daniel ក៏សម្រេចចិត្ដលែងបន្ដកុងត្រាផងដែរ ក្រោយកុងត្រារបស់លោកផុតកំណត់នៅខែ មិថុនា ខាងមុខ និងសុំលាលែងពីតំណែងនាយកប្រតិបត្ដិ ស្របពេលដែលបុគ្គលិកក្នុងក្រុមហ៊ុនប្រមាណជាង ២០ នាក់ក៏បានលាឈប់ផងដែរ៕























Account
Security
Favourite Content