កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅ តារាចម្រៀងប៉ុបអាមេរិកដ៏ពេញនិយម Justin Bieber បានត្រឡប់មកកាន់មីក្រូហ្វូនបង្អួតស្ទីលខ្លួនម្ដងទៀត ខណៈត្រូវគ្រួសារមហាសេដ្ឋីនៃប្រទេសឥណ្ឌាអញ្ជើញទៅសម្តែងនៅក្នុងពិធីជប់លៀង Pre-Wedding នៅទីក្រុងបុមបៃ ប្រទេសឥណ្ឌា មុនឈានដល់ពិធីមង្គលការផ្លូវការនៅថ្ងៃទី១២ ខែកក្កដា សម្រាប់គូស្នេហ៍ថ្មីថ្មោង Radhika Merchant និង Anant Ambani កូនប្រុសពៅរបស់ Mukesh Ambani ដែលជាមហាសេដ្ឋីមានបំផុតនៅអាស៊ី។


ក្នុងនោះ មានសេចក្ដីរាយការណ៍បង្ហាញថា Justin ទទួលបានប្រាក់ឈ្នួលច្រើនជាង ១០ លានដុល្លារ ជាចំនួនដ៏ច្រើនលើសពីប្រាក់ឈ្នួលដែលគេទទួលបានពីការងារឯកជននាពេលកន្លងៗមកដែលមានចន្លោះ ២,៥ លានដុល្លារទៅ ៦ លានដុល្លារ។
បន្ទាប់ពីហោះទៅសហរដ្ឋអាមេរិកវិញ Justin Bieber បានបង្ហោះរូបថតនៅលើគណនី Instagram របស់ខ្លួន តាំងពីពេលនេះនៅព្រលានយន្តហោះ ពេលជិះរថយន្ត limousine ទៅចូលរួមព្រឹត្តិការណ៍ រួមទាំងរូបភាពនៃបរិយាកាសច្រៀងជាមួយអ្នកគាំទ្រម្តងទៀតនៅក្នុងកម្មវិធីពិសេសនេះ ដោយបានច្រៀងបទចម្រៀងល្បីៗរបស់ខ្លួនដូចជា ‘Boyfriend’ និង ‘Peaches’ ក្នុងឈុតអាវយឺត និងអាវក្រៅពណ៌ស ជាមួយស្ទីលសំយេះខោដែលជាស្ទីលប្រចាំខ្លួនរបស់គេ។


ក្រៅពី Justin សិល្បករលំដាប់ពិភពលោកផ្សេងទៀតដូចជា Drake, Lana Del Ray និង Adele ក៏ត្រៀមខ្លួនឡើងសម្ដែងក្នុងកម្មវិធីមង្គលរបស់គូស្វាមីភរិយាថ្មីនេះដែរ ដែលអាចនិយាយបានថាគ្រួសារមហាសេដ្ឋី Ambani ហ៊ានចាយមួយអស់ដៃដើម្បីមង្គលការកូនប្រុសរបស់លោកមានភាពអស្ចារ្យមិនចាញ់អ្នកណាឡើយ ៕































Account
Security
Favourite Content