ថ្មីៗនេះតារាចម្រៀងប្រុស Jeon Jungkook កូនពៅនៃក្រុមតារាចម្រៀងប្រុសលំដាប់ពិភពលោក BTS បានចេញនូវអាល់ប៊ុមទោលមានចំណងជើងថា Seven ដែលធ្វើឱ្យលោកកាន់តែទទួលបានភាពល្បីល្បាញ និងប្រជាប្រិយភាពថែមមួយកម្រិតទៀត។

តាមរយៈបទចម្រៀង Seven លោកទទួលបានការកោតសរសើរ និងពានរង្វាន់ធំៗជាច្រើន។ ជាពិសេស លោកបានក្លាយជាតារាចម្រៀងអាស៊ីតែមួយដែលក្ដោបក្ដាប់តំណែងលេខ ១ ក្នុងតារាង Billboard Global Excluding U.S, Billboard Global 200 Top 10 និង Billboard Hot 100 ទៀតផង។



មុននឹងឈានដល់ជំហានដ៏អស្ចារ្យមួយនេះ សមាជិកទាំងអស់ក្នុងក្រុមរួមទាំងរូបលោកផ្ទាល់ពិតជាបានឆ្លងកាត់នូវឧបសគ្គជាច្រើនរហូតដល់ថ្នាក់ចង់សម្រេចចិត្តបញ្ឈប់គ្រប់យ៉ាងទៅហើយ។ ជាពិសេសលោកត្រូវរស់នៅបែកឆ្ងាយពីក្រុមគ្រួសារតាំងពីនៅវ័យក្មេងខ្ចីនៅឡើយ។

បន្ថែមពីលើការខិតខំប្រឹងប្រែងផលិតបទចម្រៀងរួមទាំងសមត្ថភាព និងទេពកោសល្យផ្សេងៗហើយ កម្លាំងចិត្តនៃការគាំទ្រពីហ្វេនក៏ដូចជា ARMY ក៏ជាចំណែកមួយដ៏ធំដែលជំរុញឱ្យរូបលោក និងបងៗក្នុងក្រុមឡើងមកដល់ចំណុចកំពូលដែរ។
ដូច្នេះបុរសម្នាក់នេះតែងតែដឹងគុណចំពោះទឹកចិត្តអ្នកគាំទ្រជានិច្ច។ ជាក់ស្ដែងនៅក្នុង Weverse Live ថ្មីៗនេះលោកក៏បាននិយាយថាពេលខ្លះ ARMY ពិតជាសំខាន់ខ្លាំងរហូតលោកប្រើពាក្យខ្លះដែលលោកមិនធ្លាប់បាននិយាយជាមួយប៉ាម៉ាក់ទៀតផង។


លើសពីនេះហ្វេនជាច្រើនបាននិយាយតៗគ្នាថា Jungkook គឺជាបុរសម្នាក់ដែលមានភាពកក់ក្ដៅ និងបារម្ភពីអ្នកជុំវិញខ្លួនជានិច្ច ជាពិសេសហ្វេនរបស់លោកតែម្ដង។ ជានិច្ចកាល លោកតែងតែមានសារលើកទឹកចិត្តជាច្រើនទៅដល់មនុស្សជុំវិញខ្លួន និងអ្នកគាំទ្រផងដែរ។


យោងតាមគេហទំព័រ DECCAN Chronicle ថ្មីៗនេះក៏បានផ្ញើសារលើកទឹកចិត្តដល់អ្នកគាំទ្រដោយផ្ដោតខ្លាំងតម្រូវការ និងសារៈសំខាន់នៃការខិតខំប្រឹងប្រែងក៏ដូចជាការអត់ធ្មត់នៅក្នុងជីវិត។ លោកបាននិយាយថាការខិតខំប្រឹងប្រែងនឹងធ្វើឱ្យយើងក្លាយជាមនុស្សម្នាក់ដែលយើងស្រមៃចង់បាន។

Jungkook បានបន្តថាយើងនឹងស្ដាយក្រោយប្រសិនបើយើងមិនបានខំឱ្យអស់ពីលទ្ធភាព ហើយមិនត្រូវគិតថាវាយឺតពេលនោះទេ បើយើងមិនទាន់បានសាកល្បង។ ក្នុងការធ្វើអ្វីមួយអាចត្រូវការពេលវេលាច្រើន ប៉ុន្តែវានឹងមិនមានផលអាក្រក់ណាមួយដោយសារការអនុវត្តឡើយ។ ជាការពិត អំឡុងពេលអនុវត្តយើងអាចនឹងជួបប្រទះការបាក់ទឹកចិត្ត ប៉ុន្តែត្រូវគិតមកវិញថានេះហើយជាភស្ដុតាងដែលបង្ហាញថាកំពុងធ្វើបានល្អហើយ។

តារាចម្រៀងវ័យក្មេងរូបនេះបានចែករំលែកបន្តទៀតថាមិនដឹងថាថ្ងៃមុខនឹងត្រូវជួបប្រទះអ្វីនោះទេ ប៉ុន្តែការប្រឹងប្រែងនឹងនាំយើងទៅកន្លែងណាមួយដែលយើងប្រាថ្នា។ ជាមួយគ្នានេះ Jungkook ក៏បានពន្យល់ទៅក្មេងជំនាន់ក្រោយឱ្យយល់ថាសុភមង្គល និងភាពសោកសៅគីដើរទន្ទឹមគ្នា។ ដូច្នេះបើក្នុងជីវិតមិនមានកំហឹង ឬទុក្ខសោកខ្លះទេ យើងនឹងអាចរកសុភមង្គលបានឡើយ។


តារាខេប៉ុបមួយដួងនេះក៏បានបន្ថែមដែរថាកុំដោយសារតែកំហុស និងការគិតខុសធ្វើឱ្យបាត់បង់មនុស្សជុំវិញខ្លួន។ លោកបានជំរុញ និងលើកទឹកចិត្តឱ្យមហាជនកុំធ្វើអ្វីមួយដោយប្រញាប់ប្រញាល់ខ្លាំងពេក ហើយជាក់ស្ដែងរូបលោកផ្ទាល់និយាយថាមុននឹងសម្រេចធ្វើអ្វីមួយក លោកមិនភ្លេចគិតពីរដងព្រមទាំងមិនភ្លេចថាខ្លួននៅទីណា និងក្នុងស្ថានភាពបែបណានោះទេ។



ចំពោះការប្រាស្រ័យទាក់ទងគ្នាជាមួយមនុស្សជុំវិញខ្លួន Jungkook បាននិយាយថាយើងគួរតែព្យាយាមយល់ គោរពគ្នាទៅវិញទៅមក និងគិតគូរដល់អ្នកដទៃផង។ ទាល់តែយើងអាចយល់ពីគ្នា និងស្និទ្ធស្នាលគ្នាហើយក្លាយជាមនុស្សតែមួយទើបធ្វើឱ្យទំនាក់ទំនងមួយនេះទៅបានដោយរលូន។ ជាចុងក្រោយ លោកក៏បានចែករំលែកបន្ថែមថាបើឱ្យលោករស់នៅដោយគ្មានគោលដៅ និងមហិច្ឆតា លោកសុខចិត្តស្លាប់ល្អជាង។
ដូច្នេះហើយទោះបីតារាចម្រៀងរូបនេះនៅវ័យក្មេងពិតមែន ប៉ុន្តែសារទាំងនេះពិតជាអត្ថប្រយោជន៍ និងអត្ថន័យខ្លាំងដែលយើងគួរតែយល់ផងដែរ៕


























Account
Security
Favourite Content