មុនពេលចូលបម្រើយោធា Jin បានក្លាយទៅជាទូតសុច្ឆន្ទៈរបស់ Jin Ramen ដោយកន្លងមកលោកក៏ជាឯកអគ្គរដ្ឋទូតរបស់ប្រេនលំដាប់ផ្សេងទៀតដូចជា Louis Vuitton និង Samsung Galaxy ក្នុងនាមជាសមាជិក BTS ផងដែរ។ រហូតដល់លោកបញ្ចប់កាតព្វយោធាហើយ តារាចម្រៀងប្រុសល្បីឈ្មោះរូបនេះក៏ត្រូវបានប្រកាសជាផ្លូវការជា BA ដំបូងបំផុតរបស់ប្រេនគ្រឿងអលង្ការរបស់ប៉ារីស Fred Jewelry ទៀតផង។

ទន្ទឹមនឹងនេះ ក្រោយពី Jin បានបញ្ចប់កម្មវិធី BTS Festa 2024 ដោយជោគជ័យ អ្នកគាំទ្រជាច្រើនបានសង្ស័យថាលោកទំនងនឹងក្លាយជាទូតសុច្ឆន្ទៈថ្មីសម្រាប់ប្រេន Gucci ឆាប់ៗនេះ។ បន្ទាប់មកលោកក៏ត្រូវបានប្រទះឃើញលោកបានប្រើប្រាស់ប្រេនមួយនេះក្នុងឱកាសផ្សេងៗបន្ថែមទៀតផងដែរ។ លើសពីនេះ Gucci ក៏បានផ្ញើអំណោយជូនលោកជាបន្ដបន្ទាប់ដែលអាចជាតម្រុយមួយសម្រាប់អ្នកគាំទ្រអំពីទំនាក់ទំនងរវាង Jin និងប្រេនមួយនេះ។





លុះដល់ថ្ងៃទី៧ ខែសីហា Gucci បានប្រកាសជាផ្លូវការថា Jin បានជាទូតសកលចុងក្រោយបំផុតដែលជាដំណឹងមួយដ៏រីករាយសម្រាប់អ្នកគាំទ្រនៅជុំវិញពិភពលោក។ យោងតាម WWD នាយកផ្នែកច្នៃប្រឌិតរបស់ Gucci គឺលោក Sabato De Sarno បាននិយាយថា Jin មានបុគ្គលិកលក្ខណៈកក់ក្ដៅ និងចិត្តល្អបូករួមជាមួយនឹងការលេងស្ទីលដែលមានលក្ខណៈប្លែកពីគេផងដែរ។ លោកក៏បានបន្ថែមទៀតថា តារាចម្រៀងប្រុសរូបនេះជាសិល្បករមានចិត្តទូលាយ និងអស្ចារ្យម្នាក់ដែលអាចនាំអារម្មណ៍របស់មនុស្សឱ្យមកតាមតន្រ្ដីរបស់លោក។ ដូច្នេះលោកពីតជាមានកិត្តិយសក្នុងការចែករំលែក និងរួមដំណើរជាមួយ Jin។


គួរបញ្ជាក់ផងដែរថាក្រៅពី Jin ហើយក្នុងនោះក៏មាន Hanni សមាជិកក្រុម NewJeans, Lee Jung Jae, Park Gyu Young, និង Jay Park ដែលជាទូតផ្សព្វផ្សាយរបស់ Gucci ផងដែរ។ លើសពីនេះ Gucci ក៏គ្រោងនឹងផ្ដួចផ្ដើមគំនិតវប្បធម៌របស់ខ្លួននៅទីក្រុងសេអ៊ូលនៅថ្ងៃទី១៥ ខែតុលា ខាងមុននេះក្នុងគោលបំណង “ដើម្បីឧទ្ទិសដល់បេតិកភណ្ឌនៃវប្បធម៌កូរ៉េដោយការយកចិត្តទុកដាក់លើការងាររបស់បុគ្គលដែលបានលើកកម្ពស់សិល្បៈក្នុងស្រុកដល់កម្រិតពិភពលោកតាមរយៈការថតរូប វីដេអូ ការតាំងពិព័រណ៌ ការសម្តែងពិសេស និងការបង្រៀនវប្បធម៌”៕


























Account
Security
Favourite Content