កាលពីថ្ងៃទី ៩ ខែ មករា ឆ្នាំ ២០២៤ តារាប្រុសតៃវ៉ាន់ល្បីឈ្មោះ Jimmy Lin បានចូលរួមក្នុងកម្មវិធីំមួយនៅឯទីក្រុង ម៉ាកាវ ប្រទេសចិន។ ការបង្ហាញខ្លួនរបស់លោកជាសាធារណៈលើកនេះគឺមិនមែនជាលើកទី ១ ឡើយបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរក្នុងឆ្នាំ ២០២២ តែអ្នកគាំទ្រ និងមហាជនជាច្រើននៅតែមានក្ដីបារម្ភចំពោះសុខភាពរបស់លោក។


យោងតាមប្រភពព័ត៌មានចិន 163 បានឲ្យដឹងថា បច្ចុប្បន្នតារាប្រុសវ័យ ៤៩ ឆ្នាំរូបនេះគឺមានរូបរាងស្គមខ្លាំងបើប្រៀបធៀបមុនពេលលោកជួបគ្រោះថ្នាក់ចរាចរណ៍ ដោយលោកមានទម្ងន់ជាង ៤០ គីឡូប៉ុណ្ណោះ។ ទម្រង់មុខរបស់រូបលោកក៏ប្រែប្រួលខុសពីមុន ដោយសារតែការវះកាត់ឆ្អឹងលើផ្ទៃមុខ។
មែនទែនទៅ បន្ទាប់ពីសម្រាកព្យាបាលអស់រយៈពេលជាង ១ ឆ្នាំ ស្ថានភាពរបស់លោកគឺត្រឡប់មកដូចដើមបានតែចន្លោះពី ៦០ ទៅ ៧០ ភាគរយប៉ុណ្ណោះ។ បើតាមប្រភពដដែលបានឲ្យដឹងថា លោកអាចនឹងត្រូវចំណាយពេលវេលា ២ ទៅ ៣ ឆ្នាំ ដើម្បីវិលត្រឡប់មកសភាពដើមវិញ។



ទាក់ទិននឹងគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់នេះ តារាប្រុស Jimmy Lin ធ្លាប់បានចែករំលែកថា៖ វាពិតជារឿងសំណាងមួយហើយ ដែលលោកនៅរស់រានមានជីវិត។ លោកធ្លាប់បានលើកឡើងថា៖ គ្រោះថ្នាក់ចរាចរណ៍នេះពិតជាបន្សល់ទុកនូវអារម្មណ៍ភ័យខ្លាចដល់រូបលោក របួសរបស់លោកគឺធ្ងន់ធ្ងរពេលជួបគ្រោះថ្នាក់ភ្លាមៗ។ ហើយហានិភ័យដែលអាចឲ្យលោកពិការក៏មានភាគរយខ្ពស់។


គួររំឮកថា តារាប្រុស Jimmy Lin បានជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយកូនប្រុស នៅខែ កក្កដា ឆ្នាំ ២០២២ នៅតំបន់ Taoyuan ប្រទេសចិន។ ក្រោយកើតហេតុ លោកត្រូវបានរាយការណ៍បានបាក់ឆ្អឹងថ្ពាល់ និងប៉ះពាល់ឆ្អឹងលើមុខជាច្រើនកន្លែង។ លោកក៏បានបាក់ឆ្អឹងជាច្រើនកន្លែងលើដងខ្លួន។ ការប៉ះទង្គិចខួរក្បាលធ្វើឲ្យដំបូងៗ លោកពិបាកក្នុងការមើល និងឃើញអ្វីគ្រប់យ៉ាងសុទ្ធតែព្រាលៗ មិនសូវច្បាស់៕
























Account
Security
Favourite Content