Jessi ជាតារាចម្រៀងរ៉េបម្នាក់មានភាពល្បីល្បាញ ហើយនាងក៏ជាមនុស្សម្នាក់ដែលមានទំនុកចិត្ត ភាពជឿជាក់លើខ្លួនឯង រឹងមាំ និងឯករាជ្យផងដែរ។ ជាមួយគ្នានេះ ការធ្វើដំណើរលើវិថីសិល្បៈ គឺត្រូវតែជួបរាល់បញ្ហា និងឧបសគ្គជាច្រើនមិនថាតូច ឬធំនោះទេ។

សូម្បីតែរូបនាងផ្ទាល់ បើទោះបីនាងជាមនុស្សរឹងមាំប៉ុណ្ណាក៏ដោយ ក៏បញ្ហាទាំងនោះនៅតែអាច ជះឥទ្ធិពលមកលើនាងបន្តិចបន្តួចដែរ។ ប៉ុន្តែនាងគឺជាមនុស្សម្នាក់ដែលមានភាពអត់ធ្មត់ មិនចូលចិត្តយកពាក្យសម្ដីមិនល្អរបស់អ្នកដទៃមកដាក់ក្នុងចិត្ត ចង់ធ្វើអ្វីដែលខ្លួនគិតថាត្រូវហើយចង់ធ្វើ និងស្គាល់ខ្លួនឯងច្បាស់ ទើបបញ្ហាទាំងនោះមិនមែនជាសម្ពាធដ៏ធំរបស់នាង។
ជាក់ស្ដែងនៅក្នុងកម្មវិធី Jessi’s Show!terview របស់ស្ថានីយទូរទស្សន៍ SBS កាលពីឆ្នាំ ២០២០ តារារ៉េបស្រីរូបនេះបានធ្វើការសម្ភាស និងលេងសើចពីនេះពីនោះជាមួយ YouTuber ម្នាក់។ នៅជិតចុងកម្មវិធី តារាយូធូបម្នាក់នោះ ក៏បានចែករំលែកពីបញ្ហាដែលលោកកំពុងជួបប្រទះដែលធ្វើឱ្យគាត់គិតច្រើន និងមានភាពតានតឹងយ៉ាងខ្លាំងផងដែរ។ បន្ទាប់មក Jessi ក៏បានទទួលសំណួរថា នៅពេលចាប់ផ្ដើមមានអារម្មណ៍បាក់ទឹកចិត្ត តើអ្នកនឹងធ្វើអ្វី?

Jessi បាននិយាយថា ជាការពិតនាងមិនដែលកើតមកដោយមានទំនុកចិត្តលើខ្លួនឯងនោះទេ។ នាងក៏បានចែករំលែកថានៅពេលដែលយើងចាប់ផ្ដើមមានអារម្មណ៍បាក់ទឹកចិត្ត យើងគ្រាន់តែសម្លឹងមើលកញ្ចក់ហើយប្រាប់ខ្លួនឯងថា “យើងគឺល្អបំផុត”។ ប៉ុន្តែវាត្រូវការភាពអត់ធ្មត់ និងការអនុវត្តច្រើន។
តារាស្រីវ័យ ៣៤ ឆ្នាំ រូបនេះ បានបន្ដថាប្រសិនបើយើងធ្លាក់ចូលរណ្ដៅនៃជំងឺបាក់ទឹកចិត្ត នោះវាពិតជាពិបាកខ្លាំងណាស់ដើម្បីស្រោចស្រង់ខ្លួនឯងឡើងមកវិញ។ ដូច្នេះយើងគួរតែជួយខ្លួនឯងជាមុនសិនដោយព្យាយាមរស់នៅជាមួយមនុស្សដែលមានការគិតវិជ្ជមាន ហើយត្រូវបំបែកគំនិតអវិជ្ជមានដែលកំពុងនៅក្នុងខួរក្បាលរបស់យើង។
នេះគឺជាសារដ៏មួយសម្រាប់លើកទឹកចិត្តឱ្យប្រិយមិត្តក្លាហាន និងរឹងមាំដើម្បីជម្នះនូវឧបសគ្គទាំងនោះ៕






















Account
Security
Favourite Content