មិនត្រឹមតែផ្ទុះការគាំទ្រខ្លាំងសម្រាប់ការចាក់បញ្ចាំងក្នុងស្រុកប៉ុណ្ណោះទេ ខ្សែភាពយន្តខ្នាតធំ «បណ្ដាសានាងរាត្រី» ដែល ព្រះនាង នរោត្តម ជេនណា ចូលរួមសម្តែងក៏ផ្ទុះការគាំទ្រយ៉ាងខ្លាំងក្លាក្នុងការចាក់បញ្ចាំងនៅប្រទេសមីយ៉ាន់ម៉ាផងដែរ។ នេះបើយោងតាមការបង្ហោះរបស់ ទំព័រហ្វេសប៊ុកផ្លូវការ LD Entertainment Co.,LTD. កាលពីយប់ថ្ងៃទី១៦ ខែឧសភា ម្សិលមិញ។


ក្នុងនោះ ផលិតកម្ម LD Entertainment បានបង្ហាញមោទនភាពយ៉ាងក្រៃលែងដែលបាននាំយកភាពយន្តខ្មែរមានគុណភាពទៅកាន់ឆាកអន្តរជាតិ ហើយអ្វីដែលកាន់តែអស្ចារ្យនោះគឺភាពយន្តរឿង «បណ្ដាសានាងរាត្រី» បានក្លាយជាភាពយន្តដែលទទួលបានការទស្សនាច្រើនជាងគេសម្រាប់ International Film នៅក្នុងប្រទេសមីយ៉ាន់ម៉ា ថែមទៀតផង។

ទំព័រហ្វេសប៊ុកផលិតកម្ម LD រៀបរាប់ឡើងថា «ពួកយើងពិតជាមានមោទនភាពណាស់ដែលបានយកភាពយន្តខ្មែរមានគុណភាពទៅកាន់ឆាកអន្តរជាតិអ្វីដែលកាន់តែអស្ចារ្យនោះគឺភាពយន្តរឿង ” បណ្ដាសានាងរាត្រី ” បានទទួលបានការទស្សនាច្រើនជាងគេសម្រាប់ International Film នៅក្នុងប្រទេសមីយ៉ាន់ម៉ាពួកយើងនឹងក្រុមការងាររបស់ផលិតកម្ម អិលឌី ពិតជាអរគុណយ៉ាងក្រៃលែងសម្រាប់ការគាំទ្រតាំងពីក្នុងស្រុករហូតដល់ក្រៅស្រុក រួមទាំងក្រុមការងារទាំងអស់ដែលបាមលះបង់ទាំងកម្លាំងកាយសម្រាប់ខ្សែភាពយន្តនេះពួកយើងនឹងបន្តពង្រឹងអភិវឌ្ឍបន្ថែមនូវការផលិតសាច់រឿងដែលមានគុណភាពបែបនេះឲ្យបានកាន់តែច្រើនទៅឆាកអន្តរជាតិដែលតំណាងឲ្យកូនខ្មែរទាំងមូល» ។
នេះជាភាពជោគជ័យថ្មីមួយទៀតសម្រាប់ភាពយន្តខ្មែរ ដែលទទួលបានការគាំទ្រខ្លាំងពេលនាំចេញទៅចាក់បញ្ចាំងនៅទីផ្សារក្រៅប្រទេស ក្រៅពីស្នាដៃរឿង «បណ្ដាសានាងរាត្រី» ឬ «The Night Curse of Reatrei» ផលិតកម្ម LD Entertainment ក៏ត្រៀមនាំភាពយន្តខ្មែរផ្សេងទៀតទៅចាក់បញ្ចាំងនៅទីផ្សារអន្តរជាតិបន្តដូចគ្នា។

សូមជម្រាបថា រឿង «បណ្ដាសានាងរាត្រី» ជាស្នាដៃភាពយន្តខ្នាតធំលើកដំបូងបង្អស់ដែល ព្រះនាងតូច ជេនណា បានចូលរួមសម្តែងជាមួយតារាភាពយន្តល្បីៗ ដូចជា៖ ស៊ីន យូប៊ីន, Paing Takhon, សំ ថារ័ត្ន, កុមារី ម៉ានីកា ព្រមជាមួយតារាវ័យក្មេងជាច្រើនរូបទៀត។
មុននាំចេញទៅចាក់បញ្ចាំងនៅប្រទេសមីយ៉ាន់ម៉ា និងបានក្លាយជាភាពយន្តដែលទទួលបានការទស្សនាច្រើនជាងគេសម្រាប់ International Film រឿង «បណ្ដាសានាងរាត្រី» ក៏ធ្លាប់បានជាប់ជាភាពយន្តដែលទទួលបានការគាំទ្រជាខ្លាំងសម្រាប់ដើមឆ្នាំ២០២៤នេះ និងទទួលបានការសរសើរខ្លាំងពីអ្នកនិយមទស្សនារឿង horror movie ថែមទៀតផង៕
























Account
Security
Favourite Content