ឈិន ឡុង ជាកំពូលតារាសម្ដែងជើងចាស់ហុងកុងដ៏ល្បីល្បាញម្នាក់ ដោយកេរ្ដិ៍ឈ្មោះរបស់លោកបានរីកសុសសាយជុំវិញពិភពលោក និងបន្សល់ទុកស្នាដៃមានគុណភាពជាច្រើន។ នៅខែ មេសា ឆ្នាំ ២០២៤ លោកនឹងឈានចូលដល់វ័យ ៧០ ឆ្នាំ។ អ្នកនិយមលេងបណ្ដាញសង្គមជាច្រើន បានលើកឡើងថា លោកគឺដល់វ័យចូលនិវត្ដន៍ និងគួរជ្រើសរើសរស់នៅឲ្យសប្បាយរីករាយសម្រាប់ជីវិតចុងក្រោយរបស់លោក។ តែផ្ទុយទៅវិញ ដោយទឹកចិត្ដនៅស្រឡាញ់សិល្បៈ និងការសម្ដែង តារាប្រុស ឈិន ឡុង នៅតែបន្ដថតរឿងយ៉ាងសកម្មគ្មានភាពនឿយហត់។

ថ្មីៗ នោះ រូបលោកត្រូវបានគេប្រទះឃើញកំពុងថតភាពយន្ដមានចំណងជើងថា “Stranger Family” នៅទីក្រុង Wuhan ប្រទេស ចិន។ លោកត្រូវបានអ្នកគាំទ្រប្រទះឃើញ យកចិត្ដទុកដាក់ចំពោះការថតរឿង និងខិតខំប្រឹងប្រែងខ្លាំង បើទោះជាលោកមានវ័យចំណាស់ហើយក្ដី។ ជាការលើកទឹកចិត្ដ អ្នកគាំទ្រជាច្រើនក៏បានទៅរង់ចាំដល់កន្លែងថតរឿង និងសួរសុខទុក្ខរូបលោក។ លោកត្រូវបានគេរាយការណ៍ថា ជាតារាមានអត្ដចរិតល្អ និងរួសរាយ ខណៈលោកមិនភ្លេចរាក់ទាក់អ្នកគាំទ្រ។




ក្នុងភាពយន្ដថ្មីនេះ លោកត្រូវតុបតែងខ្លួនឲ្យកាន់តែចាស់ខ្លាំង និងបានបង្ហាញខ្លួនជាមួយសក់ស្ទើរស្កូវពាសពេញក្បាល។ លោកនៅតែបន្ដថតឈុតគ្រោះថ្នាក់ៗ ជាច្រើនដោយខ្លួនឯងដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើន អត់ទ្រាំមិនសរសើរមិនបានចំពោះទឹកចិត្ដស្នេហាសិល្បៈរបស់លោក។ ទោះជាយ៉ាងណាក្ដី ក៏មានមតិជាច្រើនស្នើសុំឲ្យលោក ឈិន ឡុង ឲ្យមានការប្រុងប្រយ័ត្ន និងថែទាំសុខភាពរបស់ខ្លួនកំឡុងពេលថតរឿងថ្មី ដោយសារខ្លាចមានឧបទ្ទវហេតុនឹកស្មានមិនដល់ណាមួយកើតឡើង។


សម្រាប់ភាពយន្ដកុនថ្មីរបស់លោក “Stranger Family” មានការចូលរួមសម្ដែងពីតារាល្បីៗ ដូចជា Peng YuChang និង Zhang Jianing ខណៈរំពឹងអាចចាក់ផ្សាយនៅចុងឆ្នាំ ២០២៥ ខាងមុខ៕
























































Account
Security
Favourite Content