កាលពីថ្ងៃទី២៣ ខែតុលានេះ Incheon International Airport Corporation សម្រេចផ្ដល់សិទ្ធិដល់តារា និងបុគ្គលសធារណៈក្នុងការចេញចូលតាមច្រកពិសេស ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពួកគេ និងអ្នកដំណើរទូទៅ។

សេចក្ដីប្រកាសនេះបានធ្វើឡើងក្រោយពីហ្វូងអ្នកគាំទ្រមករង់ចាំសិល្បករក្នុងដួងចិត្តរបស់ខ្លួនកាន់តែមានសមាជិកច្រើនទៅ និងអាចធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវជាតិ និងអន្តរជាតិដទៃទៀតផងដែរ។ សេចក្ដីប្រកាសនេះបានសរសេរថា៖ “ថ្មីៗនេះ ប្រជាប្រិយភាពរបស់តារាកូរ៉េកាន់តែរីកសុះសាយលំដាប់អន្តរជាតិ។ ជាញឹកញយ អ្នកគាំទ្រតែងតែមករួមគ្នានៅក្នុងអាកាសយានដ្ឋាន និងមានទំនោរកាន់កើតមានច្រើនទៅៗដែលមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ផាសុកភាពរបស់អ្នកដំណើរទូទៅប៉ុណ្ណោះទេ តែក៏ប៉ះពាល់ដល់សុវត្ថិភាពផងដែរ។
ជាលទ្ធផល អាកាសយានដ្ឋាន Incheon បានសម្រេចឱ្យអ្នកសិល្បៈ និងបុគ្គលសាធារណៈអាចធ្វើការស្នើសុំប្រើប្រាស់ច្រកទ្វារចេញចូលពិសេស ដែលកន្លងមកជាច្រកផ្ដាច់មុខរបស់អ្នកបម្រើការលើយន្តហោះ និងអ្នកបើកយន្តហោះ ដោយតម្រូវឱ្យខាងផលិតកម្មនីមួយៗធ្វើការស្នើសុំជាមុន។ សិទ្ធិពិសេសនេះនឹងចាប់ផ្ដើមអនុវត្តចាប់តាំងពីថ្ងៃទី២៨ ខែតុលានេះតទៅ។

គួរបញ្ជាក់ផងដែរថា ការសម្រេចនេះជាការឆ្លើយតប ក៏ដូចជាដំណោះស្រាយទៅលើបញ្ហាដែលបានកើតឡើងកាលពីខែកក្កដា នៅពេលដែលតារាសម្ដែង Byun Woo-seok បានធ្វើដំណើរទៅក្រៅប្រទេស និងទាក់ទាញឱ្យមានអ្នកគាំទ្រជាច្រើនអ្នកបានទៅរង់ចាំនៅក្នុងព្រលានយន្តហោះ។ បន្ថែមពីនេះទៀត សន្តិសុខផ្ទាល់ខ្លួនរបស់លោកក៏បានបំពានដល់អ្នកដំណើរផ្សេងទៀត តាមរយៈការបិទច្រកចេញចូល និងពិនិត្យសំបុត្រយន្តហោះរបស់ពួកគេ ដើម្បីការពារកុំឱ្យអ្នកគាំទ្របន្លំចូលចិត្តតារាសម្ដែងរូបនេះ។
ក្រោយដំណឹងនេះបានផ្សព្វផ្សាយតាមរយៈបណ្ដាញទំនាក់ទំនងសង្គម សាធាណជនបានបង្ហាញការយល់ឃើញផ្សេងៗគ្នា។ អ្នកខ្លះបានលើកឡើងថា វាជារឿងមិនស្មើភាពគ្នា និងអយុត្តិធម៌។ ដោយឡែក សម្រាប់អ្នកខ្លះទៀតយល់ថា វាជាដំណោះស្រាយមួយឆ្លាតវៃ ហើយពួកគេក៏បានចែករំលែកពីបទពិសោធន៍អវិជ្ជមានដែលខ្លួនបានជួបដោយសារតែភាពកកកុញរបស់អ្នកគាំទ្រនៅក្នុងព្រលានយន្តហោះផងដែរ។ នេះបើយោងតាម The Chosun Daily៕
























Account
Security
Favourite Content