កាលពីថ្ងៃទី១១ ខែកញ្ញានេះ ក្រុមចម្រៀងស្រីរបស់កូរ៉េខាងត្បូង NewJeans បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ក្រោយពីពួកគេបានធ្វើការ Live នៅលើ YouTube ទាក់ទងនឹងការដកតំណែងពីអតីត CEO Min Hee Jin ជាមួយនឹងការព្រងើយកន្តើយពីសំណាក់ HYBE និងCEOថ្មី Ju Young Kim របស់ ADOR។

ក្នុងគ្រាមួយនៃការផ្សាយផ្ទាល់នោះ Hanni ដែលជាសមាជិកម្នាក់របស់ NewJeans បានរំឭកដល់កាលដែលអ្នកគ្រប់គ្រងនៃក្រុមចម្រៀងមួយ ប្រាប់ឱ្យសមាជិកនៃក្រុមនោះមិនឱ្យអើពើនឹងនាង។ ក្រោយមកនាងក៏បានយកហេតុការណ៍នេះទៅប្រាប់ដល់ CEOថ្មី Ju Young Kim តែបែរជានាងព្យាយាមបញ្ចប់រឿងទាំងគ្មានដំណោះស្រាយ ដោយលើកឡើងថានាងគ្មានភស្តុតាងគ្រប់គ្រាន់ ហើយវាបានហួសពេលទៅហើយ។
បើទោះបីជា Hanni មិនបានបញ្ជាក់ថាជាក្រុមណាមួយឱ្យពិតប្រាកដ ឬបង្ហើបព័ត៌មានអ្វីមួយដែលអាចទាយដឹងថាជាក្រុមណាក៏ដោយ តែនេះមិនមែនជាបញ្ហាសម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិតនោះទេ។ កាលពីថ្ងៃទី១២ ខែកញ្ញា នៅពេលដែល Market Insight by Hankyung News បានរាយការណ៍យ៉ាងលម្អិតពីហេតុការណ៍ខាងលើថា៖ “អ្វីដែលបានបំផ្លាញទំនុកចិត្តរវាង NewJeans និង HYBE នោះគឺដោយសារតែបញ្ហាទំនាក់ទំនងរវាង NewJeans និងអ្នកគ្រប់គ្រងរបស់ ILLIT”។
Hankyung News បានរៀបរាប់បន្ថែមថា៖ “វាបានកើតឡើងចន្លោះពេល ៣ខែមុន ប្រហែលខែមិថុនា ក្រោយពី Min Hee Jin បានឈ្នះទៅលើការតស៊ូក្ដីរវាងនាង និង HYBE។ បើតាមការអធិប្បាយរបស់ Hanni កាលពីថ្ងៃទី១១នេះ នាងអាចសំដៅទៅលើអ្នកគ្រប់គ្រងរបស់ ILLIT”។

អត្ថបទរបស់ Hankyung News បានសរសេរបន្តថា ឳពុកម្ដាយរបស់ក្រុម NewJeans បាននាំយករឿងនេះទៅនិយាយជាមួយនឹង ADOR និងHYBE រួចទៅហើយ ដើម្បីមានដំណោះស្រាយមួយរួមគ្នា។ ផ្ទុយមកវិញ បញ្ហានេះមិនបានដោះស្រាយនោះទេ ដោយហេតុថាភាគីទាំងសងខាងបានបកស្រាយផ្សេងៗគ្នា។
តាមរយៈ Hankyung News ដដែល បានអះអាងថា HYBE បានពិនិត្យមើលកាមេរ៉ាសុវត្ថិភាពប្រមាណ ៧ ទៅ៨នាទីពីហេតុការណ៍នេះ។ ជាលទ្ធផល កាមេរ៉ាពិតជាចាប់បានការរាក់ទាក់គ្នារវាង Hanni និងសមាជិក ILLIT ពិតមែន តែកាមេរ៉ាមិនអាចចាប់បានហេតុការណ៍ណាមួយដែលបញ្ជាក់ពីការចោទប្រកាន់របស់សមាជិកក្រុម NewJeans រូបនេះនោះទេ ដោយហេតុថា ភស្តុតាងមិនគ្រប់គ្រាន់ ទើបដំណោះមិនបានសម្រេចដូចអ្វីដែលឳពុកម្ដាយរបស់ NewJeans រំពឹងទុក។
ក្រោយពីចេញមុខបកស្រាយជាសាធារណៈ ការប៉ាន់ប្រមាណនៃការបញ្ចប់កិច្ចសន្យាមុនកំណត់បានគណនាឡើង នៅករណីដែលក្រុមចម្រៀងនេះចង់ចាក់ចេញពីក្រុមហ៊ុនរបស់ខ្លួន។ ជាក់ស្ដែង NewJeans អាចធ្វើរឿងនេះតាមផ្លូវច្បាប់បាន ដោយប្រើប្រាស់ប្រព័ន្ធតុលាការ។ ដោយឡែក បើពួកគេចង់បញ្ចប់កិច្ចសន្យាមុនពេលកំណត់ដោយមិនមានពាក្យបណ្ដឹង សំណងដែល NewJeans ត្រូវបង់ទៅ HYBE អាចនឹងត្រូវចំណាយយ៉ាងហោចណាស់ ៣សែនលានវ៉ុន (ប្រមាណ ២២៥លានដុល្លារអាមេរិក) ឬក៏អាចខ្ពស់ដល់ ៦សែនលានវ៉ុន (៤៤៩ លានដុល្លារអាមេរិក) ក៏ថាបាន។ ចំនួននេះ គ្រាន់តែជាការប៉ាន់ស្មានតែប៉ុណ្ណោះ ដោយយោងទៅតាមច្បាប់គណៈកម្មការពាណិជ្ជកម្មយុត្តិធម៌របស់កូរ៉េខាងត្បូង (Korea’s Fair Trade Commission) ព្រោះកិច្ចសន្យារបស់ភាគីទាំងពីរមិនបានបង្ហាញជាសាធារណៈនោះទេ៕

























Account
Security
Favourite Content