ប៉ុន្មានថ្ងៃមុននេះ តារាសម្តែងរូបស្រស់ ភីយ៉ា ឈ្មោះពិតថា លី ឌីណា បានដឹកដៃគូស្នេហ៍ចូលរោងការតាមប្រពៃណីយ៉ាងអធិកអធម ក្រោយស្រលាញ់មើលចិត្តគ្នាអស់រយៈពេលប្រមាណ៧ ឆ្នាំ។ ស្វាមីតារាសម្តែងរូបនេះ ត្រូវគេស្គាល់ថាជាមេធាវី និងមានវ័យជាង ៤០ ឆ្នាំ។ ភីយ៉ា ពិតជាស្រស់ស្អាតខ្លាំងក្នុងថ្ងៃពិសេសរបស់ខ្លួន សូម្បីតែសិល្បករចូលរួមក៏លាន់មាត់សរសើរពីសម្រស់នាងគ្រប់ៗគ្នា។
បន្ទាប់ពីរៀបការរួច តារាសម្តែងរាងតូចច្រឡឹងនេះ នៅបន្តការងារសិល្បៈដូចដើម ព្រោះស្វាមីនាងមិនបានហានឃាត់នោះឡើយ តែអ្វីដែលស្វាមីនាងហាមប្រាមនោះ គឺមិនឱ្យថតឈុតឆាកស្នេហាឱបថើមស្និទ្ធស្នាលខ្លាំងជាមួយតួប្រុសដូចពីមុនទៀតឡើយ ដោយសារស្វាមីនាងជាមនុស្សមានមុខមាត់នៅក្នុងសង្គមផងដែរ។
ក្រោយរៀបចំមង្គលការជាស្វាមីភរិយាពេញច្បាប់ ភីយ៉ា មិនបានបញ្ជាក់ឱ្យដឹងគម្រោងធ្វើដំណើរកម្សាន្តទៅទីណាទេ តែនាងត្រៀមយកកូនភ្លាមៗតែម្តង ព្រោះស្វាមីចង់បានកូនច្រើន ដើម្បីបង្កើនសមាជិកក្នុងគ្រួសារ។
តារាសម្តែងរូបស្រស់នេះរំលឹកឱ្យដឹងថា មុនឈានដល់ការដឹកដៃគ្នាចូលរោងការ ជីវិតស្នេហានាងនិងគូស្នេហ៍ជួបប្រទះឧបសគ្គ និងព្យុះភ្លៀងច្រើនណាស់ ប៉ុន្តែឧបសគ្គទាំងនោះមិនអាចឱ្យនាងបោះបង់ក្តីស្រលាញ់ខ្លួនឡើយ ផ្ទុយទៅវិញនាងមានតែខិតខំថែរក្សាចំណងស្នេហ៍របស់ខ្លួនរហូតបានដឹកដៃគ្នារៀបការ។
គួររំលឹកផងដែរថា ភីយ៉ា ជាតារាសម្តែងម្នាក់លេចធ្លោខ្លាំងគួរសមក្នុងចង្កោមសិល្បៈខ្មែរ នាងបានចូលរួមសម្តែងក្នុងរឿងដុំ និងរឿងភាគជាច្រើនកាលពីកន្លងមក។ មិនខុសពីតារាស្រីមួយចំនួន កន្លងមកតារាសម្តែង ភីយ៉ា ក៏ធ្លាប់ជំពប់រឿងអាស្រូវស្នេហាដណ្តើមស្វាមីគេផងដែរ តែពេលនេះនាងកាន់តែសប្បាយចិត្ត ព្រោះអាចបញ្ចប់រឿងអាស្រូវដែលបានកើតទាំងនោះហើយ ក្រោយដឹកដៃគូស្នេហ៍រៀបការតាមប្រពៃណី៕