YG ជាផលិតកម្មធំមួយក្នុងប្រទេសកូរ៉េខាងត្បូង ហើយក៏ជាផលិតកម្មមួយក្នុងក្ដីស្រមៃរបស់យុវវ័យដែលមានបំណងចង់ក្លាយជាតារាខេប៉ុប ដោយសារតែជាទ្រនំរបស់ក្រុមចម្រៀងល្បីៗជំនាន់មុនដូចជា BIGBANG និង 2NE1ដើម។ ជាពិសេស ភាពល្បីល្បាញខ្លាំងរបស់ក្រុមចម្រៀងនារី BLACKPINK កាន់តែធ្វើឱ្យមនុស្សជាច្រើនចង់ក្លាយខ្លួនជាសិល្បៈករប្រចាំផលិតកម្ម YG។ ប៉ុន្ដែផលិតកម្ម YG ត្រូវបានគេចាត់ទុកថាជាកន្លែងហ្វឹកហាត់ដ៏តឹងរ៉ឹងមួយសម្រាប់ក្រុមអ្នកហ្វឹកហាត់ ជាពិសេសបើចង់ចេញជាសមាជិកក្រុមណាមួយក្នុងផលិតកម្មទៀតពិតជាត្រូវមានទេពកោសល្យខ្លាំងមិនងាយរកបាន។




ថ្មីៗ នេះ សមាជិករបស់ក្រុមចម្រៀង Treasure បានទម្លាយពីបទពិសោធន៍របស់ពួកគេកំឡុងពេលនៅជាអ្នកហ្វឹកហាត់។ ការហ្វឹកហាត់ពិតជាមិនមានភាពងាយស្រួលឡើយគឺវាមានភាពតឹងរ៉ឹង និងស្មុគស្មាញជាពិសេសបើជាមនុស្សចូលចិត្តសេរីភាពខ្លាំងអាចនឹងពិបាកក្នុងការហ្វឹកហាត់។ ជាទូទៅអ្នកហ្វឹកហាត់ទាំងអស់ក្នុងផលិតកម្ម YG ត្រូវទៅហាត់ប្រាណរៀងរាល់ម៉ោង ៩ ព្រឹក បន្ទាប់ពីនោះមានការរៀនភាសាបរទេស។
ជាបន្ដបន្ទាប់គឺត្រូវចេញពីថ្នាក់មួយចូលថ្នាក់មួយ មានម៉ោងហ្វឹកហាត់សំឡេង ម៉ោងហ្វឹកហាត់រាំ និងម៉ោងសម្រាប់ហ្វឹកហាត់ជាក្រុម។ ម្នាក់ៗ គឺតែងតែនៅហ្វឹកហាត់ និងរៀនរហូតដល់ម៉ោង ១០ ទៅ ១១ យប់។ បើអ្នកហ្វឹកហាត់ខ្លះមិនសូវរៀនទាន់គេ នឹងត្រូវហ្វឹកហាត់ម្នាក់ឯងបន្ថែមនៅបន្ទប់ពិសេសផ្សេងមួយទៀត។ អ្វីដែលសំខាន់មួយទៀតគឺហាមមានស្នេហាជាដាច់ខាត។

ចំណុចមួយទៀតគឺរបបអាហារ និងការហូបចុក។ រាល់ពេលដែលញ៉ាំអាហារណាមួយអ្នកហ្វឹកហាត់ត្រូវរាយការណ៍ទៅកាន់អ្នកមើលថែពួកគេ។ ខាងផលិតកម្មមានការរៀបចំរបបអាហារឱ្យផងដែរ និងត្រូវហូបរួចរាល់តាមម៉ោងកំណត់ទៀត។
ជាចុងក្រោយសមាជិករបស់ក្រុមចម្រៀង Treasure បានបញ្ជាក់ថា ថ្វីបើមានការហ្វឹកហាត់យ៉ាងតឹងរ៉ឹងខ្លាំងក៏ពិតមែន តែចំណុចពិសេសមួយរបស់អ្នកហ្វឹកហាត់នៅផលិតកម្ម YG គឺគ្មានបំណុលជាប់ខ្លួនទេ។ រាល់ការចំណាយសម្រាប់ការហ្វឹកហាត់ និងអាហារផ្សេងៗ ផលិតកម្មជាអ្នកចេញឱ្យទាំងអស់ និងចាត់ទុកថាជាប្រាក់សម្រាប់បណ្ដុះបណ្ដាលអ្នកមានទេពកោសល្យ។ បើទោះជាមិនបានជាប់ចេញច្រៀងក៏មិនមានបំណុលត្រូវសងទៅផលិតកម្មវិញដែរ៕

























Account
Security
Favourite Content