Hanni សមាជិកនៃក្រុម K-pop NewJeans បានចូលខ្លួនស្រាយបំភ្លឺពីបទពិសោធន៍នៃការគំរាមកំហែង និងការរើសអើងជាប្រព័ន្ធនៅកន្លែងធ្វើការ ឯរដ្ឋសភារបស់ប្រទេសកូរ៉េខាងត្បូង។

នៅក្នុងសវនកម្ម ដែលបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែតុលាកន្លងទៅ តារាចម្រៀង K-pop រូបនេះបានស្ម័គ្រចិត្តផ្ដល់សក្ខីកម្មបន្ថែមពីរឿងរ៉ាវនៃការមិនអើពើ និងអយុត្តិធម៌ដែលខ្លួនបានជួបក្នុងនាមជាសិល្បករនៃផលិតកម្ម ADOR ដែលជាផលិតកម្មបុត្រសម្ព័ន្ធរបស់របស់ក្រុមហ៊ុន HYBE។
បញ្ហានេះបានលេចឮជាលើកដំបូងនៅក្នុងការ Live មួយនៅលើ YouTube ដែលសមាជិកទាំង ៥បានធ្វើឡើងកាលពីថ្ងៃទី១១ ខែកញ្ញា ដោយ Hanni បានលើកឡើងថានាងបានធ្វើការរាក់ទាក់ដល់សិល្បករផ្សេងទៀតដែលស្ថិតនៅក្រោមក្រុមហ៊ុនមេតែមួយ តែបែរជាអ្នកគ្រប់គ្រងរបស់សិល្បករនេះ ប្រាប់ពួកគេកុំឱ្យខ្វាយខ្វល់ពីនាងទៅវិញ។ អ្នកគ្រប់គ្រងរូបនេះ ដោយក្រោយមកគេដឹងថាជាអ្នកគ្រប់គ្រងរបស់ក្រុមចម្រៀងនារី ILLIT បានចេញមុខប្រកែកនឹងការចោទប្រកាន់នេះ។
ទាក់ទងនឹងបញ្ហាខាងលើ Hanni បាននិយាយនៅក្នុងសវកម្មថា រឿងនេះមិនមែនកើតឡើងត្រឹមតែមួយដងនោះទេ ហើយមូលហេតុដែលនាងចេញមុខនិយាយបែបនេះ ក៏ដោយសារតែនាងមិនចង់ឱ្យអ្នកផ្សេងទៀតនៅក្នុងវិស័យមួយនេះទទួលបានបទពិសោធន៍ដូចជាខ្លួន។

តារាស្រីវ័យ ២០ឆ្នាំរូបនេះបានបន្តថា នាងបាននាំយកបញ្ហាខាងលើទៅប្រាប់ Kim Ju-young ដែរ តែនាយកប្រតិបត្តិការថ្មីរបស់ Ador រូបនេះហាក់មិនចេញមុខជួយនាងឱ្យពេញលេញទេ ដោយនាងបានត្រឹមដោះសាថា គ្មានភស្តុតាងគ្រប់គ្រាន់។
“ខ្ញុំបានមើលវីដេអូពីកាមេរ៉ាសុវត្ថិភាពដែរ តែវាមានប្រវែងត្រឹមតែ៨វិនាទីប៉ុណ្ណោះ។ ដោយឡែកវីដេអូប្រមាណ ៥០នាទីទៀតបែរជាបានបាត់ទៅវិញ។ នៅពេលដែលខ្ញុំសួរថាហេតុអ្វីបានជាបាត់ដូច្នេះ ការពន្យល់របស់គាត់ (Kim Ju-young) នៅក្នុងកិច្ចប្រជុំតែងតែប្រែប្រួលជានិច្ច រហូតដល់ចំណុចមួយគាត់បាននិយាយថា វីដេអូបានលុបបាត់ទៅហើយ” Hanni និយាយបែបនេះ។
តារាចម្រៀងដែលមានដើមកំណើតវៀតណាមរូបនេះបានប្រាប់ទៅសមាជិកសភាបន្ថែមថា ដោយសារតែនាងមិនអាចស្ដាប់យល់ភាសាកូរ៉េបានទាំងអស់ ទើបនាងសម្រេចចិត្តថតកិច្ចសន្ទនានៅក្នុងការប្រជុំនោះទុកជាសំឡេងដើម្បីការពារក្នុងការឆកល្វែងព័ត៌មានសំខាន់ណាមួយ ដែលវាជាភស្តុតាងមួយដែលអាចបញ្ជាក់ថា ពួកគេពិតជាបានកុហកមែន។

ឆ្លើយតបនឹងការលើកឡើងនេះ Kim Ju-young ដែលបានចូលរួមជាសាក្សីម្នាក់ដែរក្នុងសវនកម្មនេះ បានច្រានចោលសម្ដីរបស់ Hanni ដោយគាត់បានពន្យល់ថា គាត់បានជឿជាក់លើអ្វីដែលសិល្បកររូបនេះបានប្រាប់ ហើយគាត់ក៏ព្យាយាមស្វែងរកភស្តុតាងតាមអ្វីដែលខ្លួនអាចធ្វើបាន រួចទៅហើយដែរ។
អតីតប្រធានផ្នែកធនធានមនុស្សរបស់ HYBE រូបនេះនិយាយថា៖ “យើងបានស្នើសុំការបញ្ជាក់ពីសិល្បករ និងអ្នកគ្រប់គ្រង់ម្នាក់នោះរួចមកហើយ។ ក្រោយមក យើងបានចាត់វិធានការគ្រប់បែបយ៉ាង រួមទាំងការព្យាយាមទាញយកវីដេអូពីការមេរ៉ាសុវត្ថិភាពដែលបានបាត់ដោយសារតែផុតកាលបរិច្ឆេទនៃការរក្សាទុកទៀតផង”។
បន្ថែមពីនេះ Hanni ក៏បានរៀបរាប់ពីការរើសអើងពីសំណាក់ក្រុមការងារ HYBE ដែលមានចំពោះនាង និងសមាជិកក្រុមដទៃទៀតផងដែរ។ ដំបូងឡើយ នាងគិតថា អាចគ្រាន់តែជាការយល់ឃើញផ្ទាល់ខ្លួនតែប៉ុណ្ណោះតែក្រោយពីប្រមូលបានភស្ដុតាងបន្ថែម ទើបនាងអាចសម្រេចបានថាវាជាការពិតដូចអ្វីដែលខ្លួនគិតមែន។ ម្ចាស់បទ Supernatural រូបនេះ បានអធិប្បាយថា ខ្លួនចាប់បានថាមានអ្នករិះគន់ និងព្យាយាមបន្ទាបបន្ថោកភាពជោគជ័យរបស់ក្រុមចម្រៀងខ្លួន។
ទន្ទឹមគ្នានោះ ចម្លើយរបស់ Kim Ju-young បានឆ្លើយតបទៅនឹងសមាជិកសភាថា ក្រុមហ៊ុននឹងទទួលយកការបញ្ចេញមតិរបស់សិល្បករខ្លួន និងរីករាយសហការយ៉ាងពេញទំហឹងជាមួយនឹងក្រសួងការងារក្នុងការការស៊ើបអង្កេតស្វែងរកការពិត។

គួរបញ្ជាក់ផងដែរថា ស្របពេលដែលគូបដិបក្ខទាំងពីបានបង្ហាញខ្លួននៅក្នុងសភានាថ្ងៃនោះ ដោយឡែកលោក Bang Si Hyuk បែរជាមិនបានបង្ហាញវត្តមាននោះទេ។
លោក Park Hong Bae ដែលជាតំណាងនៃសមាជិកសភាម្នាក់បានរិះគន់ចំៗទៅលើស្ថាបនិក និងប្រធានក្រុមហ៊ុន HYBE រូបនេះថា ស្របពេលដែល Bang Si Hyuk ជាអ្នកដែលត្រូវចេញមុខទទួលខុសត្រូវទៅលើបញ្ហាមួយនេះ លោកបែរជាទៅរីករាយជាមួយនឹងដំណើរកម្សាន្តនៅសហរដ្ឋអាមេរិកទៅវិញ។ តំណាងរូបនេះបានបន្តថា លោក Bang គួរតែស្វែងយល់ពីភាពធ្ងន់ធ្ងន់នៃស្ថានភាពមួយនេះឱ្យបានច្រើនជាងនេះ។
លើសពីនេះ សេចក្ដីប្រកាសរបស់ HYBE អំពីផែនការសម្រាប់ត្រីមាសទី៤ឆ្នាំនេះ ក៏មិនមានគម្រោងចេញអាល់ប៊ុមថ្មីរបស់ NewJeans ដែរ បើទោះជា Min Hee Jin ធ្លាប់បង្ហើបថា NewJeans នឹងចេញអាល់ប៊ុមថ្មីនៅចុងឆ្នាំនេះក៏ដោយ។
មុននឹងបិទសវនកម្ម Hanni ធ្វើការថ្លែងអំណរគុណចំពោះរដ្ឋសភាដែលបានផ្តល់ឱកាសមួយនេះ មុននឹងនាងបញ្ចប់សេចក្ដីរបស់ខ្លួនថា៖ “ខណៈដែលច្បាប់តែម្ខាងមិនអាចដោះស្រាយបញ្ហាទាំងអស់បាន ថ្នាក់មូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមកក្នុងនាមជាមនុស្ស នឹងអាចកាត់បន្ថយបញ្ហានៃការបៀតបៀន និងគំរាមកំហែងនៅកន្លែងធ្វើការបាន”៕

























Account
Security
Favourite Content