ថ្មីៗនេះផ្អែកតាមការផ្សព្វផ្សាយសារព័ត៌មានរបស់កូរ៉េខាងត្បូង ក្រុមហ៊ុន Gold Madalist ដែលជាភ្នាក់ងាររបស់តារាសម្ដែងប្រុស Kim Soo Hyun បាន និងកំពុងប្រឈមមុខនឹងវិបត្តិដ៏ធំបំផុតស្ទើរបះជើង ស្របពេលដែលរឿងអាស្រួវ បណ្ដឹង និងការរំពឹងទុកផ្នែកហិរញ្ញវត្ថុកើតឡើងមកចំពេលតែមួយ។

ភាពច្របូលច្របល់មួយនេះមិនមែនទើបតែកើតឡើងនៅទេ ពោលគឺចាប់ផ្ដើមមានបញ្ហាតាំងពីការចេញលក់ក្នុងឆ្នាំ ២០២០ មកម្លេះ។ លុះមកបច្ចុប្បន្នក្រុមហ៊ុនរឹតតែជាប់គាំងខ្លាំងមួយកម្រិតដោយសារបញ្ហាស្មុគស្មាញជាច្រើនបានផ្ទុះឡើងដែលហាក់ដូចជាមានភាពលំបាកក្នុងការស្រោចស្រង់ឱ្យប្រសើរឡើងវិញ បើទោះបីជាពួកគេទទួលបានប្រាក់ចំណូលច្រើនក្រាស់ក្រែលពីភាពជោគជ័យរបស់ខ្សែភាពយន្ដ Queen of Tear ជាង ២១.៦ ពាន់លានវ៉ុនប្រមាណជាង ១៥ លានដុល្លារអាមេរិកក៏ដោយ។
យោងតាមរបាយការណ៍សវនកម្មឆ្នាំ ២០២៤ ការកើនឡើងអត្រានៃការលក់របស់ក្រុមហ៊ុន Gold Madalist បានហក់ដល់ ៦១.៧% និងទទួលបានប្រាក់ចំណេញប្រតិបត្តិការចំនួន ៤៨.៤% បើធៀបនឹងឆ្នាំ ២០២៣។ ដូច្នេះបើប្រៀបធៀបរវាងទាំងពីរឆ្នាំនេះ ក្រុមហ៊ុនទទួលបានប្រាក់ចំណេញសុទ្ធប្រហែល ២.២ ពាន់លានវ៉ុនប្រមាណ ១.៥ លានដុល្លារអាមេរិក។ ទន្ទឹមគ្នានេះកន្លងមក បើទោះបីជាធ្លាប់មានពាក្យចចាមអារ៉ាមថាក្រុមហ៊ុនជួបបញ្ហាហិរញ្ញវត្ថុក៏ដោយ ក៏ក្រុមហ៊ុននៅតែទទួលបានប្រាក់ចំណេញចំនួន ៤.៧ ពាន់លានវ៉ុន (៣.៣ លានដុល្លារអាមេរិក) ដដែល។


យ៉ាងណាមិញស្ថានភាពប្រសើរបែបនេះគឺមិនស្ថិតស្ថេរឡើយនៅពេលដែលរឿងក្ដីរបស់តារាប្រុស Kim Soo Hyun បានផ្ទុះឡើងដែលធ្វើឱ្យមានសម្ពាធទាំងផ្នែកច្បាប់ និងផ្នែកហិរញ្ញវត្ថុ។ ជាក់ស្ដែងដូចជាការដើរក្ដីពាក្យបណ្ដឹងទាមទារសំណងខូចខាតចំនួន ១២ ពាន់លានវ៉ុនពីភាគីខាងគ្រួសារតារាស្រី Kim Sae Ron និងគណនីយូធូប HOVERLAB ពីបទបរិហាកេរ្ដិ៍ទៅកាន់សវនការ ក៏តម្រូវឱ្យលោកត្រូវបង់ថ្លៃសេវាតុលាការចំនួនជាង ៣០ លានវ៉ុនផ្សេងដែរ។ ការលំបាកផ្នែកហិរញ្ញវត្ថុក៏ត្រូវបានផ្សារភ្ជាប់មួយចំណែកធំទៅនឹងការរបូតកិច្ចព្រមព្រៀងរបស់ Kim Soo Hyun ជាមួយប្រេនល្បីៗជាង ១៥ ម៉ាករួមមាន Homeplus, Eider និង Prada ជាដើម ដែលនេះនៅមិនទាន់រាប់បញ្ចូលទាំងការពិន័យលើកិច្ចសន្យាលើសពី ២០ ពាន់លានវ៉ុនប្រហែលជាង ១៤ ដុល្លារអាមេរិកនៅឡើយទេ។ មិនត្រឹមប៉ុណ្ណេះការពន្យារពេលថតរឿង “Knock Off” របស់ Disney+ ដោយគ្មានដែនកំណត់ដោយសារតែបញ្ហាចម្រូងចម្រាសរបស់តារាប្រុសរូបនេះ ក៏ត្រូវបានគេប៉ានប្រមាណថាអាចនឹងមានការពិន័យជាទឹកប្រាក់រហូតដល់ ១៨០ ពាន់លានវ៉ុន ឬច្រើនជាងនេះថែមទៀតផង។

មិនទាន់ចប់នៅឡើយនោះទេ ការចោទប្រកាន់ពីការគ្រប់គ្រងភាគហ៊ុនទៅលើ Gold Madalist ប្រៀបបានទៅនឹងការចាក់សាំងបន្ថែមពីលើភ្លើងដោយទីភ្នាក់ងារមួយនេះត្រូវបានគេចោទប្រកាន់ពីឧបាយកលតម្លៃហ៊ុនទាក់ទងនឹងក្រុមហ៊ុនអប់រំអនឡាញ KOSDAQ ដែលខ្លួនទទួលបានកាលពីឆ្នាំ ២០២០។ ហេតុនេះទើបសេវាត្រួតពិនិត្យហិរញ្ញវត្ថុកូរ៉េបានរាយការណ៍ពីសកម្មភាពជួញដូរដ៏គួរឱ្យសង្ស័យទៅកាន់ប៉ូលីស ហើយផ្សារហ៊ុនកូរ៉េទាំងមូលក៏កំពុងតែស៊ើបអង្កេតពីបញ្ហាមិនប្រក្រតីនេះដែរ។
គួររំឮកផងដែរថា ទីភ្នាក់ងារដំបូងឡើយបានសាងកេរ្ដិ៍ឈ្មោះរបស់ខ្លួនតាមរយៈការចុះហត្ថលេខាជាមួយតារាសម្ដែងល្បីៗដូចជា Seo Ye-ji និង Kim Sae-ron ព្រមទាំងបានបណ្ដុះបណ្ដាលទេពកោសល្យតារាថ្មីៗផ្សេងទៀតដូចជា Choi Hyun-wook និង Lee Chae-min។ ពេលនេះរឿងអាស្រូវ និងអសកម្មភាពរបស់ Kim Soo Hyun ដែលជាតារាធំក្នុងភ្នាក់ងារបានធ្វើឱ្យជំហររបស់ពួកគេធ្លាក់ចុះខ្សោយយ៉ាងខ្លាំង។ បញ្ហានៃវិបត្តិដ៏ធំសម្បើមបែបនេះបានឆ្លុះបញ្ចាំងឱ្យអ្នកនៅក្នុងឧស្សាហកម្មនេះកត់សម្គាល់ឃើញថាតារាប្រុស Kim Soo Hyun ជាប្រៀបដូចជាសសរទ្រូងរបស់ Gold Madalist ពិតមែនដោយប្រភពចំណូលមួយផ្នែកគឺទទួលបានពីលោក។ បើទោះជាយ៉ាងនេះក្ដី ក៏ការតស៊ូតាមផ្លូវច្បាប់នៅតែត្រូវបន្ដ ហើយកេរ្ដិ៍ឈ្មោះដែលរងការខូចខាតក៏នឹងត្រូវការពេលវេលាដើម្បីស្រោចស្រង់ឡើងវិញផងដែរ៕























Account
Security
Favourite Content