តារាចម្រៀងខេប៉ុប G-Dragon បានទទួលងារជាតារាស្លៀកពាក់ស្អាតបំផុតម្នាក់ក្នុងសតវត្សរ៍ទី ២១ ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក Complex ខណៈដែលលោកគឺជាសិល្បករអាស៊ីតែម្នាក់គត់ដែលបានជាប់ក្នុងបញ្ជី។


តារាចម្រៀងវ័យ ៣៧ ឆ្នាំរូបនេះបានជាប់ចំណាត់ថ្នាក់ទី ១៦ ក្នុងបញ្ជី “តារាល្បីៗស្លៀកពាក់ស្អាតបំផុតទាំង ២៥ នៃសតវត្សរ៍ទី ២១” របស់ Complex ដែលចេញផ្សាយកាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ខណៈតារាអន្តរជាតិផ្សេងទៀតក្នុងបញ្ជីនេះមានដូចជាដូចជា Kanye West, Rihanna, Pharrell Williams និង David Beckham។
ទស្សនាវដ្ដី Complex បានសរសេរលើគេហទំព័ររបស់ខ្លួនថា៖ “សព្វថ្ងៃនេះ មើលទៅក្រុមហ៊ុនម៉ូដធំៗទាំងអស់ហាក់សុទ្ធតែមានតារា K-pop ជាទូតសុច្ឆន្ទៈសកលរបស់ខ្លួន។ ប៉ុន្តែអ្នកដែលបានចូលក្នុងវិស័យនេះតាំងពីដើមដំបូងគឺ G-Dragon ដែលជាអ្នកកំណត់ស្តង់ដារនេះ”។
“ជិតពីរទសវត្សរ៍ក្នុងអាជីពរបស់ខ្លួន G-Dragon បានបន្តអភិវឌ្ឍស្ទីលក្នុង K-pop ដោយឥតមានព្រំដែន និងជំរុញវិស័យខេប៉ុបទាំងមូលឱ្យចាត់ទុកការលេងម៉ូដជាទម្រង់នៃការបង្ហាញពីខ្លួនឯង”។
ដោយត្រូវបានទទួលស្គាល់ថាជាតារាពូកែលេងម៉ូដដ៏ល្បីម្នាក់តាំងពីប្រឡូកសិល្បៈដំបូងៗ G-Dragon បានក្លាយជាទូតសុច្ឆន្ទៈសកលបុរសអាស៊ីដំបូងគេរបស់ម៉ាក Chanel ក្នុងឆ្នាំ ២០១៦ និងបានបន្តតួនាទីនោះរហូតមកដល់សព្វថ្ងៃ។
បច្ចុប្បន្នតារាចម្រៀងរូបនេះកំពុងត្រៀមខ្លួនសម្រាប់ការសម្ដែងបន្ថែមនៅទីក្រុងសេអ៊ូលដែលជាផ្នែកនៃការប្រគំតន្ត្រីទេសចរណ៍ពិភពលោក “Übermensch” របស់លោកនៅខែធ្នូ បន្ទាប់ពីបានបញ្ចប់ការសម្តែងចំនួន ៣៦ ឆាកនៅទីក្រុងចំនួន ១៦ ទូទាំងពិភពលោក ៕























































Account
Security
Favourite Content