កាលពីមួយរយៈមុនតារាចម្រៀងខេប៉ុបល្បី G-Dragon ត្រូវបានគេចោទប្រកាន់រឿងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ខណៈមានមតិរិះគន់ជាហូរហែរ។ រហូតដល់ថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០២៣ លទ្ធផលតេស្ដចំពោះការប្រើប្រាស់គ្រឿងញៀនរបស់តារាប្រុសរូបនេះបានចេញមកអវិជ្ជមាន និងបង្ហាញថាលោកមិនបានប្រើប្រាស់គ្រឿងញៀនដូចគេចោទប្រកាន់ទេ។

ថ្មីៗ នេះ G-Dragon ក៏បានចេញនិយាយពីអារម្មណ៍ពិតរបស់ខ្លួនក្នុងបទសម្ភាសន៍ទាក់ទិននឹងរឿងរ៉ាវជាប់ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន។ តារាប្រុសរូបនេះលើកឡើងថា៖ លោកពិតជាមានការព្រួយបារម្ភ ប៉ុន្ដែលោកត្រូវសម្រួលអារម្មណ៍ធ្វើចិត្តក្លាហានដើម្បីនិយាយពីរឿងទាំងអស់ដើម្បីភាពស្អាតស្អំរបស់ខ្លួន។
លោកបានបញ្ជាក់ទាំងអួលដើមក និងទឹកភ្នែករលីងរលោងថា៖ លោកមិនបានប្រើប្រាស់គ្រឿងញៀនទេ។ ការធ្វើតេស្ដគឺអវិជ្ជមានដោយសារតែលោកមិនដែលប៉ះពាល់គ្រឿងញៀន និងមិនដែលទទួលបានគ្រឿងញៀនពីនរណាទាំងអស់។ ប្រសិនបើក្នុងខ្លួនរបស់លោកមានសារធាតុញៀនទើបវាជារឿងដ៏ចម្លែកមួយ។


លោកបន្ដថា៖ ចំពោះមូលហេតុដែលលោកសម្រេចចិត្តសហការជាមួយប៉ូលីសផ្ដល់ចម្លើយ និងធ្វើតេស្ដដោយសារលោកដឹងពីខ្លួនឯងច្បាស់ជាងនរណាទាំងអស់។ លោកមិនបានធ្វើអំពើខុសច្បាប់ ដូច្នេះមិនមានអ្វីដែលត្រូវភ័យខ្លាច និងឲ្យប៉ូលីសស៊ើបអង្កេតឡើយ។ លោកជាមនុស្ស ប្រសិនបើលោកបង្ហាញអាការភ័យខ្លាចវាមិនមែនជារឿងចម្លែកដូចគ្នា។ ណាមួយរឿងគ្រប់យ៉ាងពិតជាធ្វើឲ្យលោកច្របូកច្របល់ព្រោះវាភ្លាមៗ ពេក។
លោកបានបន្ថែមថា លោកមិនយល់នោះទេ ហេតុអ្វីបានជានៅតែមានមនុស្សច្រើនឡើងយល់ច្រឡំ និងគិតថាលោកប្រើប្រាស់គ្រឿងញៀន ប៉ុន្ដែមិនជាអ្វីនោះទេ លោកនៅតែអាចបន្ដបញ្ជាក់ឲ្យគ្រប់គ្នាបានដឹង លោកពិតជាស្អាតស្អំ និងមិនបានប្រើប្រាស់គ្រឿងញៀនទេ។


មែនទែនទៅ បើទោះជាលទ្ធផលតេស្ដបានបញ្ជាក់ថា អវិជ្ជមាន តែនៅតែមានមហាជនមួយចំនួនចោទប្រកាន់ និងមិនជឿរូបលោក ជាពិសេសថែមទាំងលើកឡើងថា G-Dragon បានប្រើប្រាស់ប្រាក់ដើម្បីបិទបញ្ចប់រឿង។
គួរបញ្ជាក់ថា បច្ចុប្បន្នប៉ូលីសនៅ Nuksubon បានឲ្យដឹងថា ភស្ដុតាងដែលមាននៅពេលនេះសម្រាប់ការចោទប្រកាន់ G-Dragon លើការប្រើប្រាស់គ្រឿងញៀនគឺមានតែពាក្យសម្ដីរបស់នារីម្នាក់ដែលចេញចោទប្រកាន់ថា G-Dragon បានប្រើប្រាស់គ្រឿងញៀន ខណៈប៉ូលីសកំពុងបន្ដស៊ើបតាមរយៈភស្ដុតាងដែលមានក្នុងដៃ ៕

























Account
Security
Favourite Content