នាយករដ្ឋមន្រ្តីរបស់ប្រទេសកូរ៉េខាងត្បូង Kim Min Seok បានតែងតាំង G-Dragon ជាទូតសុច្ឆន្ទៈសម្រាប់កិច្ចប្រជុំ APEC ឆ្នាំ ២០២៥ ដែលគ្រោងនឹងប្រព្រឹត្តឡើងនៅទីក្រុង Gyeongju ប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។


នៅថ្ងៃទី២៣ ខែកក្កដានេះ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Kim Min Seok បានប្រកាសព័ត៌មានខាងលើ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួនផ្ទាល់ ដោយបង្ហាញពីមោទកភាពក្នុងការជ្រើសរើស G-Dragon ឱ្យក្លាយជាអ្នកតំណាងនៅក្នុងកិច្ចប្រជុំ APEC ឬ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០២៥។
ទន្ទឹមគ្នានេះ ក្រុមការងាររបស់ APEC ផ្ទាល់ក៏បានសរសើរតារាប្រុសវ័យ ៣៦ឆ្នាំរូបនេះ ថាជានិមិត្តរូបនៃភាពច្នៃប្រតិដ្ឋ និងនវានុវត្តន៍របស់ប្រទេសកូរ៉េខាងត្បូង ស័ក្តិសមកេរ្តិ៍ឈ្មោះជាស្ដេចខេប៉ុប ក៏ដូចជាស្នាដៃលេចធ្លោ ដែលធ្លាប់ចេញផ្សាយចម្រៀងនៅឯអវកាសជាដើម។

Galaxy Corporation ដែលជាទីភ្នាក់ងារបស់ G-Dragon ក៏បានបង្ហាញការតាំងចិត្ត ផ្ដល់ការគាំទ្រដល់តារាប្រុសយ៉ាងពេញទំហឹងលើការងារទាំងអស់ក្នុងតួនាទីថ្មីនេះ ក៏ដូចជារួមចំណែកលើកកម្ពស់កូរ៉េខាងត្បូងក្នុងកិច្ចប្រជុំផងដែរ។
ការរួមចំណែករបស់ G-Dragon ត្រូវបានគេរំពឹងថា នឹងអាចទាក់ទាញការយកចិត្តទុកដាក់ និងការចូលរូមបន្ថែមទៀតក្នុងកិច្ចប្រជុំ APEC ដែលនឹងមកដល់ក្នុងរយៈពេល ១០០ថ្ងៃនាពេលខាងមុខ ដោយនេះក៏ជាចំណុចគួរឱ្យចាប់អារម្មណ៍មួយដែរ តាមរយៈកិច្ចសហការរវាងផ្នែកការទូត និងឧស្សាហកម្មកម្សាន្ត៕
























Account
Security
Favourite Content