កាលពីថ្ងៃទី២ ខែធ្នូ កន្លងទៅ Tao អតីតសមាជិកក្រុមចម្រៀងបុរស EXO បានប្រកាសពីដំណឹងអាពាហ៍ពិពាហ៍នៅលើគណនី Weibo ផ្ទាល់ខ្លួន ដោយភ្ជាប់ជាមួយនឹងឃ្លាខ្លីអត្ថន័យជ្រៅថា “Goal achieved”។

នៅក្នុងរូបភាពដែលភ្ជាប់មកជាមួយនឹងការបង្ហោះនោះ តារាប្រុសវ័យ ៣១ បានថតរូបជាមួយនឹងភរិយាដែលទស្សនិកជនស្គាល់ថា ជាតារាសម្ដែងស្រី Xu Yiyang ដោយមានកាន់សំបុត្រអាពាហ៍ពិពាហ៍នៅក្នុងដៃរៀងខ្លួនផង។ នេះជាដំណឹងល្អមួយសម្រាប់អ្នកទាំងពីរ ក៏ដូចជាអ្នកគាំទ្រដែលតែងតែតាមដានទំនាក់ទំនងរបស់គូស្នេហ៍មួយនេះកន្លងមក។
ប្រវត្តិស្នេហារបស់អ្នកទាំងពីរ បានចាប់ផ្ដើមដោយជួបគ្នាជាលើកដំបូងតាំងតែពីឆ្នាំ ២០១៤ មកម៉្លេះ ជាពេលដែល Tao និង Xu Yiyang នៅច្រកក្រោមទ្រនំ SM Entertainment នៅឡើយ មុននឹងមានដំណឹងលេចឮពីទំនាក់ទំនងស្នេហារវាងតារាទាំងពីរដួងខ្ទង់ឆ្នាំ ២០២០។ ក្រោយទាក់ទងមើលចិត្តគ្នាអស់ពេលជាច្រើនឆ្នាំ កាលពីខែសីហា ឆ្នាំ២០២៤ តារាសិស្សច្បងបានសម្រេចចិត្តសុំតារាសិស្សប្អូនរៀបការ ក្នុងបរិយាកាសដែលអមដោយប្រាសាទ និងផ្កាពណ៌ផ្កាឈូកជាច្រើនទង។

សូមរំឭកផងដែរថា Xu Yiyang ក៏ជាអតីតសិល្បកររបស់ផលិតកម្ម SM មួយរូបដែរ ដោយសាធារណជនបានចាប់អារម្មណ៍ទៅលើលោកស្រីខ្លាំងនៅក្នុងឆ្នាំ ២០១៦ នៅពេលដែលគាត់បានលេចមុខទន្ទឹមគ្នានឹង Ningning សមាជិកក្រុម aespa។ ដោយឡែកនៅក្នុងឆ្នាំ ២០១៩ Xu Yiyang បានសម្រេចចិត្តមកប្រឡូកការងារសិល្បករនៅក្នុងប្រទេសកំណើតរបស់ខ្លួនវិញ ក្នុងនាមជាសមាជិកក្រុមនារី Legal High។
បច្ចុប្បន្នគូស្វាមីភរិយាថ្មីកំពុងតែស្នាក់នៅ និងបម្រើការងារនៅក្នុងប្រទេសចិន។ ក្រោយពីត្រឡប់មកប្រទេសកំណើតវិញ អតីតសមាជិក EXO រូបនេះបានបង្កើតក្រុមហ៊ុន L.TAO Entertainment ដោយមាន Xu Yiyang ជាអ្នកចម្រៀងប្រចាំផលិតកម្មមួយរូបផងដែរ៕
























Account
Security
Favourite Content