តារាចម្រៀងនិងសម្ដែងចិន Tao ដែលត្រូវបានគេស្គាល់ផងដែរថាជាអតីតសមាជិកក្រុមចម្រៀងខេប៉ុប EXO នឹងចូលរោងការជាមួយនឹងអតីតអ្នកហ្វឹកហាត់ SM Entertainment ឈ្មោះ Xu Yiyang នៅខែតុលានេះ។

ផ្អែកតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានចិន Sina Entertainment នៅថ្ងៃទី ១១ ខែសីហា Tao បានប្រកាសក្នុងអំឡុងពេលថតកម្មវិធីមួយនាពេលថ្មីៗនេះថាលោកនិង Xu Yiyang នឹងរៀបចំពិធីអាពាហ៍ពិពាហ៍នៅក្នុងខែតុលា។
គូស្នេហ៍មួយគូនេះបាននិងកំពុងរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ដែលត្រូវបានពណ៌នាថាជា «អាពាហ៍ពិពាហ៍ប្រចាំសតវត្សរ៍» អស់រយៈពេលប្រាំមួយខែមកហើយ។ ពិធីនេះត្រូវបានគេរំពឹងថានឹងមានការចូលរួមពីតារាល្បីៗជាច្រើន ព្រមជាមួយអ្នកគាំទ្រជាង១០០នាក់។ កន្លែងអង្គុយពិសេសនឹងត្រូវបានបម្រុងទុកសម្រាប់អ្នកគាំទ្រ ហើយគូស្នេហ៍មួយគូនេះត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើការផ្សាយបន្តផ្ទាល់កម្មវិធីអាពាហ៍ពិពាហ៍របស់ពួកគេទៀតផង។
សូមរំឭកថា Tao បានបង្ហាញខ្លួនដំបូងជាមួយ EXO ក្នុងឆ្នាំ ២០១២ ប៉ុន្តែបានចាកចេញពីក្រុមនៅឆ្នាំ ២០១៥ ដោយបានដាក់ពាក្យប្តឹងដើម្បីបញ្ចប់កិច្ចសន្យាផ្តាច់មុខរបស់ខ្លួនជាមួយ SM Entertainment ។ ចុងក្រោយ តុលាការបានកាត់ក្ដីឱ្យផលិតកម្ម SM ឈ្នះ ហើយចាប់តាំងពីពេលនោះមក Tao បានសកម្មក្នុងវិស័សិល្បៈចិន។ ចំណែក តារាស្រី Xu Yiyang ត្រូវបានគេស្គាល់ដំបូងក្នុងនាមជាសមាជិកមួយរូបរបស់ក្រុម SM Rookies ក្នុងឆ្នាំ ២០១៦ ហើយបច្ចុប្បន្នកំពុងមានសកម្មភាពក្នុងប្រទេសចិនក្នុងនាមជាតារាចម្រៀង និងជាតារាសម្ដែង។
អ្នកទាំងពីរមានទំនាក់ទំនងស្នេហាដំបូងក្នុងឆ្នាំ ២០២០ ហើយបានបង្ហាញជាសាធារណៈក្នុងឆ្នាំ ២០២៣។ ពួកគេបានចុះសំបុត្រអាពាហ៍ពិពាហ៍ក្លាយជាប្ដីប្រពន្ធស្របច្បាប់ កាលពីខែធ្នូឆ្នាំមុន។ មុននេះប៉ុន្មានខែ ពោលគឺកាលពីខែសីហាឆ្នាំមុន គូស្នេហ៍មួយគូនេះបានប្រឈមមុខនឹងព័ត៌មានមានផ្ទៃពោះ និងសម្រាលកូនមុនរៀបការ តែទោះជាយ៉ាងណា ទាំង Tao និង Xu Yiyang បានរក្សាភាពស្ងៀមស្ងាត់ចំពោះបញ្ហានេះ ៕




























Account
Security
Favourite Content