ជាលើកដំបូងហើយ ដែលគេឃើញតារាចម្រៀងថ្ពាល់ខួច ណាន វីសារ សម្តែងប៉ះសោភារូបស្រស់ ម៉ែន ណងនីត លំដាប់រងទី ៤ នៃកម្មវិធី Miss Grand Cambodia 2023 ក្នុង MV បទ «សេះបងធំហើយ» ជាបទចម្រៀងថ្មីរបស់ វីសារ ត្រៀមទម្លាក់លើទីផ្សារនាពេលឆាប់ៗនេះ។
អតីតបេក្ខភាពលេចធ្លោក្នុងការប្រកួត Cambodian Idol រដូលកាលទី ៤ ណាន វីសារ ធ្លាប់បានឱ្យដឹងថា ឆ្នាំថ្មីនេះលោកមានស្នាដៃចម្រៀងថ្មីជាច្រើនមកកំដរអារម្មណ៍ប្រិយមិត្តទស្សនិកជន និងបណ្តាហ្វេនៗអ្នកគាំទ្ររបស់លោក ហើយបទ «សេះបងធំហើយ» ជាបទថ្មីមួយក្នុងចំណោមបទថ្មីទាំងអស់នោះ។

អ្វីដែលនឹកស្មានមិនដល់នោះ គឺវត្តមានស្រីស្អាតសាច់ខ្ចីដូចបណ្តូលចេក ណងនីត។ វត្តមានស្រីស្អាត ម៉ែន ណងនីត ក្នុង MV បទ «សេះបងធំហើយ» ធ្វើឱ្យហ្វេនៗភ្ញាក់ផ្អើលជាខ្លាំង ព្រោះអ្នកទាំងពីរមើលទៅពិតជាស័ក្តិសមគ្នាខ្លាំង ទាំងកាយវិការ ទឹកមុខ ប៉ុន្តែពួកគេបែរជាព្រឺរោមទៅវិញពេលបានឃើញចំណងជើងបទចម្រៀងថ្មីរបស់ ណាន វិសារ ខណៈដែល MV របស់លោកគឺចង់បង្ហាញពីសត្វសេះពណ៌ត្នោតមួយក្បាលដែលដឹក ណងនីត ដើរលេងតែប៉ុណ្ណោះ។



ទោះជាយ៉ាងនេះក្តី ក៏បណ្តាអ្នកគាំទ្ររបស់អតីតបេក្ខភាព Cambodian Idol រដូលកាលទី ៤ រូបនេះ នៅតែអស់សំណើច ហួសចិត្តចំណងជើងបទចម្រៀងថ្មីនេះ ខណៈពួកគេក៏កំពុងរង់ចាំមើលស្នាដៃថ្មីនេះយ៉ាងអន្ទះសាផងដែរ។ ដោយសារឈុតក្រៅឆាកមើលទៅទាក់ទាញខ្លាំង ដូច្នេះគេជឿជាក់ថា MV ផ្លូវការបទនេះច្បាស់ជាកទាក់ទាញខ្លាំងដូចគ្នាមិនខាននោះទេ ពិសេសភ្លេង Hype ខ្លាំងណាស់។ ម្ចាស់បទ «កាន់ដៃរួមគ្នា» នៅពុំទាន់ទម្លាយកាលបរិច្ឆេទនៃការទម្លាក់បទចម្រៀងថ្មីនៅឡើយទេ តែលោកបានយកបទនេះទៅលេងក្នុង Tik Tok ហើយអ្នកប្រើប្រាស់ក៏បានយកបទនេះទៅត្រាប់លេងតាមព្រោងព្រាតផងដែរ។
សូមជម្រាបផងដែរថា កន្លងមក ម៉ែន ណងនីត និងតារាចម្រៀង ណាន វីសារ ធ្លាប់បានរួមការងារជាមួយគ្នាខ្លះៗដែរ តាមរយៈ sponsor និងបានជួបគ្នាតាមកម្មវិធីសិល្បៈផ្សេងៗទៀត តែនេះជាលើកដំបូងដែលអ្នកទាំងពីរមានឱកាសសម្តែងប៉ះគ្នាក្នុង MV ថ្មីរបស់ វីសារ បែបនេះ៕

























































Account
Security
Favourite Content