ថ្មីៗនេះនៅលើបណ្ដាញសង្គមរបស់ប្រទេសចិនបានផ្ទុះការផ្សព្វផ្សាយឃ្លីបវីដេអូមួយដែលអ្នកហ្វឹកហាត់ Wei Zichen ត្រូវបានមិត្តរួមថ្នាក់ធ្វើបាប។ Wei Zichen គឺជាសិក្ខាកាមជំនាន់ទី ៤ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Time Fengjun Entertainment ដែលជាក្រុមហ៊ុនបង្កើតក្រុមចម្រៀងបុរស TFBOYS។
នៅក្នុងឃ្លីបវីដេអូមួយមានសរសេរចំណងជើងដោយប្រែជាភាសាអង់គ្លេស “My Brother Long crushes Wei Zichen!” ខណៈគេសង្កេតឃើញថា Trainee វ័យ ១៣ ឆ្នាំរូបនេះត្រូវបានគេយកកៅអីសង្កត់ពីលើដៃតែម្ដង។ អ្នកលេងអ៊ីនធឺណេតជាច្រើនមានការរន្ធត់ចិត្តយ៉ាងខ្លាំងបន្ទាប់ពីឃើញទង្វើព្រៃផ្សែទាំងនេះ ដោយមានអ្នកលើកឡើងថាក្មេងៗច្រណែននឹងភាពល្បីល្បាញរបស់ Wei Zichen ផងដែរ។
នេះមិនមែនជាភស្ដុតាងតែមួយគត់ដែលបង្ហាញថា Wei Zichen ទទួលបានគំរាមកំហែងនៅសាលាឡើយ។ យោងតាមការចែករំលែកដោយអ្នកគាំទ្រនៅប្រទេសចិន មានមិត្តរួមសាលាមួយចំនួនរបស់តារាវ័យ ១៣ ឆ្នាំនេះបានសរសេរនូវពាក្យអាក្រក់ៗជេរប្រមាថទៅលើរូបគេជាច្រើននៅតាមជញ្ជាំងសាលាថែមទៀតផង។ លើសពីនេះនៅក្នុងវីដេអូដែលបង្ហោះដោយ Time Fengjun Entertainment គេក៏បានប្រទះឃើញស្នាមជាំ និងរបួសមួយចំនួននៅលើដៃរបស់ Zichen ដែរ។ ចាប់តាំងពីពេលនោះ អ្នកគាំទ្ររបស់ Zichen បាននាំគ្នាទាក់ទងទៅកាន់ក្រុមហ៊ុនហើយ ប៉ុន្តែបែរជាមិនមានការឆ្លើយតបណាមួយឡើយ។
យ៉ាងណាមិញ នៅថ្ងៃទី២៥ ខែវិច្ឆិកា ម្ដាយរបស់ Zichen បានប្រាប់នៅក្នុងបណ្ដាញសង្គមរបស់គាត់ថានេះគ្រាន់តែជាការយល់ច្រលំប៉ុណ្ណោះ។ គាត់បានបន្ថែមថា Zichen គ្រាន់តែលេងជាមួយមិត្តភក្តិនៅសាលារៀន ហើយវាមិនមែនជាករណីគំរាមកំហែងនោះទេ។ លើសពីនេះ Zichen ក៏មានភាពចុះសម្រុងជាមួយមិត្តរួមថ្នាក់ទាំងនេះ ហើយមិនមានជម្លោះជាមួយគ្នាទេ។
ជាមួយគ្នា គាត់ពិតជាអរគុណយ៉ាងខ្លាំងទៅដល់អ្នកគាំទ្ររបស់កូនប្រុសគាត់សម្រាប់ការព្រួយបារម្ភ ហើយក៏បានស្នើសុំកុំឱ្យផ្សព្វផ្សាយព័ត៌មានចចាមអារ៉ាមទាំងនោះទៀត ខណៈក្មេងៗទាំងអស់គ្នានៅមិនទាន់គ្រប់អាយុនៅឡើយទេ។ ទន្ទឹមនឹងនេះ រូបគាត់ក៏បានចាប់ផ្ដើមសហការជាមួយខាងសាលាដើម្បីស្វែងរកមូលហេតុដែលនាំឱ្យមានរឿងបែបនេះ។ ចំពោះរបួសនៅលើដៃ គាត់បានបកស្រាយគ្រាន់ជាស្នាមរបួសដោយសារការប្រតិកម្ម ឬអាលែកហ្ស៊ីប៉ុណ្ណោះ។
បើទោះជាមានការបកស្រាយពីម្ដាយរបស់ Wei Zichen ពិតមែន ប៉ុន្តែអ្នកគាំទ្រមួយចំនួនធំបានបង្ហាញការហួសចិត្ត និងនៅតែទទួលយកចម្លើយមួយនេះដោយគេគិតថាគាត់អាចនឹងទទួលបានការគំរាមកំហែង ឬមានរឿងផ្សេងទៀតណាមួយនៅពីក្រោយខ្នងថែមទៀតផង។ ដូច្នេះទើបពួកគេលើកទឹកចិត្តឱ្យគាត់មានភាពក្លាហានក្នុងការបញ្ចេញវាចេញមកក្រៅដើម្បីជួយដល់ Wei Zichen៕