មហាជនភាគច្រើនស្គាល់តារាសម្ដែងស្រី Fala Chen តាមរយៈរឿងភាគហុងកុងរបស់ស្ថានីយទូរទស្សន៍ TVB។ ប៉ុន្មានឆ្នាំចុងក្រោយនេះ អាជីពសិល្បៈរបស់នាងហាក់កាន់តែមានភាពលេចធ្លោ ជាងមុនក្រោយបានបង្ហាញមុខក្នុងភាពយន្ដហូលីវូដល្បីៗដូចជា ShangChi និង Irma Vep ជាដើម។

ក្រៅពីភាពប៉ិនប្រសប់ក្នុងការសម្ដែង តារាស្រីវ័យ ៤១ ឆ្នាំរូបនេះក៏ត្រូវបានមហាជនជាច្រើនសរសើរពីរូបសម្រស់របស់នាងដោយសារតែនៅក្មេងជាងវ័យខ្លាំង។ ជាពិសេសថ្មីៗ នេះ Fala Chen បានបង្ហាញមុនគ្មានការតុបតែងផាត់មុខ នៅពេលធ្វើដំណើរកម្សាន្ដទៅក្រៅប្រទេសដែលកាន់តែធ្វើឲ្យគ្រប់គ្នាសរសើរខ្លាំងពីសម្រស់របស់នាង។ ស្បែករបស់នាងមើលទៅពិតជាស្រស់ស្អាតរលោង និងថែមទាំងមានសុខភាពល្អទៀតផង។ នេះក៏មិនមែនជាលើកទី ១ ដែរ ដោយនាងតែងត្រូវគេក៏សរសើរជារឿយៗ ខណៈឧស្សាហ៍បង្ហាញស្បែកមុខគ្មានការតុបតែង និងស្លៀកពាក់យ៉ាងសាមញ្ញប៉ុន្ដែនៅតែស្រស់ស្អាតលេចធ្លោ។


មែនទែនទៅ តារាស្រី Fala Chen ក៏ធ្លាប់បានបញ្ជាក់ប្រាប់ពីមូលហេតុដែលរូបសម្រស់របស់នាងមិនចេះចាស់ និងមើលទៅនៅតែដូចមនុស្សស្រីវ័យជាង ២០ ឆ្នាំ។ ចំពោះមូលហេតុគឺរូបនាងជាមនុស្សចូលចិត្ដផឹកទឹក និងផឹកឲ្យបានគ្រប់គ្រាន់សម្រាប់រាងកាយរបស់នាង។ នៅពេលដែលផឹកទឹកគ្រប់គ្រាន់ស្បែកនឹងមានសំណើម និងមិនបែកស្រកា។ ជាពិសេស មិនធ្វើឲ្យក្ដៅក្នុង និងអស់កម្លាំងផងដែរ។


នាងបញ្ជាក់ថា៖ ការលាងជម្រះម្សៅ ឬគ្រឿងតុបតែងមុខឲ្យបានស្អាតក៏ជាចំណុចមួយដែលធ្វើឲ្យស្បែកមុខរបស់នាងស្រស់ស្អាត។ ការលាបគ្រីមរក្សាស្បែកមុខពេលចូលគេងក៏ជារឿងសំខាន់ នាងតែងតែធ្វើបែបនេះជាប្រចាំ។ មួយវិញទៀត ការហិតក្លិនក្រអូបពីធម្មជាតិក៏ជួយឲ្យសម្រស់នៅក្មេងជាងវ័យ គឺវាធ្វើឲ្យធូរស្បើយច្រើន កាត់បន្ថយស្រ្ដេស និងគិតច្រើន។


គួរបញ្ជាក់ថា ចាប់តាំងពីរៀបការក្នុងឆ្នាំ ២០១៩ មកតារាស្រីរូបនេះមិនបានបង្ហាញខ្លួនក្នុងរឿងភាគណាទៀតឡើយ ដោយនាងបង្ហាញខ្លួនតែក្នុងភាពយន្ដកុនប៉ុណ្ណោះ។ ក្រៅពីនេះ នាងបានផ្ដោតលើក្រុមគ្រួសារ ស្វាមី និងកូនស្រីតូចរបស់ខ្លួនច្រើនជាង ៕
























Account
Security
Favourite Content