Jaehyun សមាជិកក្រុមចម្រៀងខេប៉ុប F.able បានទទួលមរណភាពក្នុងអាយុ ២៣ឆ្នាំ បន្ទាប់ពីប្រយុទ្ធតស៊ូនឹងជំងឺមហារីកគ្រាប់ឈាម។

កាលពីថ្ងៃទី២ ខែកក្កដា អតីតតារាចម្រៀងរូបនេះត្រូវបានគេរាយការណ៍ថាបានទទួលមរណភាពនៅថ្ងៃទី ៣០ ខែមិថុនា ដោយសារជំងឺមហារីកឈាម។ ប្រភពជិតដិតបានបញ្ជាក់ប្រាប់សារព័ត៌មាន Star News នៅថ្ងៃទី ២ខែកក្កដាថា “ពិធីបុណ្យសពត្រូវបានប្រារព្ធឡើងនៅថ្ងៃនេះ ហើយសមាជិក [F.able] និងសមាជិកគ្រួសារនៃសពបានទៅបញ្ចុះសពដើម្បីជូនដំណើរJaehyunជាមួយគ្នា”។
បន្ទាប់ពីមានសេចក្ដីរាយការណ៍នេះ Hojun ដែលជាអតីតមិត្តរួមក្រុមរបស់ Jaehyun ក៏បានសរសេរសារបង្ហោះនៅលើ Instagram ដែរដោយបានរៀបរាប់ថា៖ “Jaehyun ខ្ញុំបានដំណឹងនេះយឺតពេលហើយ… ខ្ញុំសុំទោសដែលខ្ញុំមិនអាចជួបឯងដើម្បីជូនដំណើរលើកចុងក្រោយ…
កើតនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០០២ Jaehyun បានបង្ហាញខ្លួនជាលើកដំបូងជាសមាជិកក្រុម F.able ក្នុងឆ្នាំ ២០២០ ក្នុងនាមសមាជិកកូនពៅ និងអ្នកចម្រៀងសំខាន់។ ក្រុមរបស់គេបានចេញបទចម្រៀងមួយចំនួនដូចជា “Burn It Up” និង “Run Run Run,” មុននឹងត្រូវបានរំសាយជាផ្លូវការក្នុងរយៈពេល ៣ ឆ្នាំក្រោយមកនៅឆ្នាំ ២០២៣ ។
ទោះបីជាពេលវេលារបស់លោកក្នុងសិល្បៈមានរយៈពេលខ្លីក៏ដោយ ក៏ប៉ុន្តែ Jaehyun បានបន្សល់ទុកនូវការចងចាំអំពីស្មារតីទន់ភ្លន់ ក្នុងនាមជាអ្នកសម្ដែងដោយបេះដូង និងជាយុវជនម្នាក់ដែលបានលះបង់អ្វីៗទាំងអស់ជាមួយផ្លូវដែលខ្លួនបានជ្រើសរើស។ ការចាកចេញរបស់លោកបានបង្កភាពសោកស្ដាយដល់មនុស្សជាច្រើន ហើយគ្រប់គ្នាដែលស្គាល់លោកនឹងបន្តគោរពកេរ្តិ៍ឈ្មោះ និងការខិតខំប្រឹងប្រែងរបស់លោកជារៀងរហូត ៕

























Account
Security
Favourite Content