នៅថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២៣ សមាជិកក្រុម EXO គឺ D.O ត្រូវបានរាយការណ៍ថា នឹងចាកចេញពីផលិតកម្ម SM ហើយទៅបើកផលិតកម្មផ្ទាល់ខ្លួនជាមួយអ្នកគ្រប់គ្រងយូរឆ្នាំរបស់លោក។

ជាការឆ្លើយតបពីផលិតកម្ម SM ទៅកាន់សារព័ត៌មាន Osen បានឲ្យដឹងថា កុងត្រារបស់ D.O ជាមួយផលិតកម្ម SM នឹងផុតកំណត់នៅដើមខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខ។ បន្ទាប់ពីពិភាក្សាគ្នាអស់រយៈពេលជាយូរក៏បានសម្រេចថា ការផ្សព្វផ្សាយនានារបស់ D.O ជាមួយក្រុម EXO នឹងស្ថិតក្រោមការគ្រប់គ្រងរបស់ SM។ ចំណែកសកម្មភាពទោលរបស់ D.O និងការសម្ដែងនានាស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនថ្មីដែលលោក និងអ្នកគ្រប់គ្រងបានបង្កើត។

គួររំឮកដែរថា នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៣ យោងតាមប្រភព SBS Korea បានទម្លាយឲ្យដឹងថា សមាជិក ២ រូបរបស់ក្រុមចម្រៀងបុរសល្បី EXO ត្រៀមដើរចេញពីផលិតកម្ម SM គឺ Chanyeol និង Sehun។ ដំបូងអ្នកទាំងពីរបានចរចាជាមួយផលិតកម្ម SM ដើម្បីស្វែងរកសកម្មភាពទោលរបស់ខ្លួនឲ្យបានច្រើនជាងមុន ប៉ុន្ដែនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ SM។
ជាមួយគ្នា បន្ទាប់ពីចរចាអស់រយៈពេលជាយូរពួកគេសម្រេចចិត្តផ្លាស់ប្ដូរទៅកាន់ក្រុមហ៊ុនថ្មី ដើម្បីផ្ដោតលើសកម្មភាពទោលរបស់ខ្លួន ប៉ុន្ដែពួកគេនៅតែបន្ដសកម្មភាពជាសមាជិក EXO ដដែលក្នុងករណីដែលត្រូវមានសកម្មភាពជាក្រុម។ មកដល់ពេលនេះគឺរង់ចាំតែការប្រកាសជាផ្លូវការពីផលិតកម្ម SM ប៉ុណ្ណោះ។


ថ្វីបើ SBS Korea មិនបានទម្លាយពីឈ្មោះក្រុមហ៊ុនដែលតារាប្រុសទាំងពីរនឹងផ្លាស់ប្ដូរទៅ ប៉ុន្ដែតាមប្រភពផ្ទៃក្នុងវាជាក្រុមហ៊ុនដែលបង្កើតដោយលោក Jung Hoon Tak ជាអតីតនាយកប្រតិបត្ដិរបស់ផលិតកម្ម iHQ Entertainment។ តែមិនបានប៉ុន្មានម៉ោង ខាងផលិតកម្ម SM ក៏បានចេញប្រកាសថាដំណឹងនេះមិនពិតនោះទេ សមាជិកទាំងពីររូបមិនបានចាកចេញពីផលិតកម្ម SM ទេ៕
























Account
Security
Favourite Content