Ed Sheeran, Harry Styles, Elton John, Central Cee, Coldplay, Stormzy និងសិល្បករជនជាតិអង់គ្លេសជាច្រើនរូបទៀត បានចុះហេត្ថលេខាលើសំណើមួយរួមគ្នា ស្នើសុំឱ្យរដ្ឋាភិបាលចក្រភពអង់គ្លេស យកចិត្តទុកដាក់បង្កើនថ្នាក់សិក្សាផ្នែកតូរ្យតន្ត្រី។

ផ្អែកតាមអត្ថបទដែលបានចុះផ្សាយដោយ Billboard នៅថ្ងៃទី២៤ ខែមីនានេះ សំណើខាងលើបានរៀបរាប់ថា ក្នុងមួយឆ្នាំវិស័យតន្ត្រីអាចរកចំណូលបានជាង ៧.៦ពាន់លានផោន ឬប្រមាណ ៩.៨ ពាន់លានដុល្លារអាមេរិកដល់ចក្រភពអង់គ្លេស ក៏ប៉ុន្តែរដ្ឋាភិបាលបែរជាមិនមានការគាំទ្រគ្រប់គ្រាន់ ក្នុងការផ្ដល់ជំនួយឱ្យមនុស្សជំនាន់ថ្មីអាចមានឱកាសបានចូលប្រឡូកក្នុងវិស័យមួយនេះទេ។
ហេតុដូចដែលបានរៀបរាប់ ទើបបានជាសិល្បករចម្រៀងជាច្រើនរូបបាននាំគ្នាស្នើសុំឱ្យរដ្ឋាភិបាលផ្ដល់កញ្ចប់ទឹកប្រាក់ ២៥០លានផោន ឬប្រមាណ ៣២២លានដុល្លារអាមេរិកដើម្បីអភិវឌ្ឍវិស័យនេះ តាមរយៈការបើកថ្នាក់បង្រៀនតាមសាលារៀន ការបណ្ដុះបណ្ដាលគ្រូបង្រៀន និងអ្នកជំនាញផ្នែកតូរ្យតន្ត្រីជាដើម។
ក្នុងនាមជាអ្នកចម្រៀង និងជាអ្នកស្ទួយវិស័យតន្ត្រីម្នាក់ Ed Sheeran បានលើកឡើងថា លោកបានបង្កើតមូលនិធិ Ed Sheeran Foundation ឡើង ដោយសារលោកជឿជាក់លើសារៈសំខាន់នៃតន្ត្រី ហើយមនុស្សគ្រប់គ្នាគួរតែទទួលបានឱកាសចូលប្រឡូកក្នុងវិស័យនេះដូចអ្វីដែលខ្លួនប៉ង។

ជាក់ស្ដែង តារាប្រុសវ័យ ៣៤ឆ្នាំរូបនេះនិយាយថា៖ “ឧស្សាហកម្មច្នៃប្រតិដ្ឋពិតជាមានតម្លៃមែនទែនសម្រាប់វប្បធម៌ សហគមន៍ សេដ្ឋកិច្ច ក៏ដូចជាជីវិតរស់នៅប្រចាំថ្ងៃរបស់យើង។ តែថ្នាក់សិក្សាផ្នែកតន្ត្រីនៅមិនទាន់គ្រប់គ្រាន់នោះទេ អ៊ីចឹងហើយទើបពួកយើងអំពាវនាវឱ្យរដ្ឋាភិបាលចាប់ដៃគ្នាកែខៃកំហុសដែលធ្លាប់មកកន្លងមក និងជួយការពារឧស្សាហកម្មនេះ ដើម្បីមនុស្សជំនាន់ក្រោយៗតទៅមុខទៀត”។
បន្ថែមពីនេះ Ed Sheeran ក៏រំឭកដែរថា តន្ត្រីនេះហើយដែលបានធ្វើឱ្យលោកមានគោលដៅជីវិត មានសុខភាពផ្លូវចិត្តល្អ និងធ្វើឱ្យលោកមានអាជីពការងារមកទល់សព្វថ្ងៃ។ ដូច្នេះ ទើបម្ចាស់បទ Perfect រូបនេះគិតថា រដ្ឋាភិបាលគួរតែផ្ដល់ការឧបត្ថម្ភដល់ក្មេងជំនាន់ថ្មី និងលោកគ្រូអ្នកគ្រូ ដើម្បីឱ្យពួកគាត់អាចរីកលូតលាស់នៅក្នុងឧស្សហកម្មតន្រ្តីបានដូចគ្នា៕

























Account
Security
Favourite Content