កាលពីខែ មីនា ឆ្នាំ ២០២២ តារាសម្ដែងប្រុសល្បី Deng Lun បានធ្វើឱ្យមហាជនជាច្រើនហាក់មានការភ្ញាក់ផ្អើល ក្រោយលេចព័ត៌មានថាលោកបានគេចពន្ធដោយលោកបានលាក់ប្រាក់ចំណូលរបស់ខ្លួន ចន្លោះឆ្នាំ ២០១៩-២០២០ ចំនួនជាង ៧ លានដុល្លារអាមេរិក។ ជាលទ្ធផល លោកត្រូវបានពិន័យប្រមាណជាង ១៦ លានដុល្លារអាមេរិក ហើយជីវិតសិល្បៈរបស់លោកក៏ត្រូវបានមហាជនរំពឹងថាដល់ទីបញ្ចប់ និងគ្មានថ្ងៃអាចវិលត្រឡប់មកវិញ។

បើតាមការបញ្ជាក់ពីប្រភពផ្ទៃក្នុង បច្ចុប្បន្នលោកផ្ដោតលើជំនួញក្នុងដៃវិញ និងរស់នៅបែបសាមញ្ញព្រមទាំងត្រៀមរៀបការជាមួយមិត្ដស្រីក្រៅសិល្បៈទៀតផង។ រូបភាពចុងក្រោយរបស់លោកដែលត្រូវគេថតបានគឺពោរពេញដោយស្នាមញញឹមជាមួយមិត្តភក្ដិ និងមនុស្សជុំវិញ។



ថ្មីៗ នេះដែរ បណ្ដាអ្នកគាំទ្ររបស់លោកក៏បានរកឃើញថា លោកបានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនច្រើនជាង ១៣ ម៉ឺនដុល្លារអាមេរិក និងសម្ភារៈមួយចំនួនជួយដល់ជនរងគ្រោះពីទឹកជំនន់នៅប្រទេសចិនប៉ែកខាងជើង។ បើទោះជាលោកធ្លាប់បានសាងកំហុសកាលពីមុនប៉ុន្ដែទង្វើល្អរបស់លោកជួយដល់ជនរងគ្រោះធ្វើឱ្យគ្រប់គ្នាលើកឡើងថា វាជាការចាប់ផ្ដើមសាជាថ្មី និងការកែប្រែខ្លួន។



មែនទែនទៅ ថ្វីបើលោកប្រហែលជាមិនអាចត្រឡប់មកចូលសិល្បៈដូចដើមវិញ ប៉ុន្ដែមហាជនសង្ឃឹមថាលោកនឹងក្លាយជាបុគ្គលម្នាក់ដែលរួមចំណែកធ្វើអំពើល្អជួយដល់សង្គម និងកុំប្រព្រឹត្ដខុសទៀត។ ស្របពេលដែលអ្នកខ្លះក៏សង្ឃឹមថា លោកអាចមានឱកាសចូលសិល្បៈវិញផងដែរ ដោយសារលោកបានព្យាយាមកែប្រែខ្លួនហើយ៕


























Account
Security
Favourite Content