នៅល្ងាចថ្ងៃទី១២ ខែមករានេះ Danielle បានផ្សាយផ្ទាល់នៅលើគណនី Instagram និង YouTube ដែលជាការចេញមកឆ្លើយឆ្លងជាមួយនឹងអ្នកគាំទ្រជាលើកដំបូង បន្ទាប់ពីមានបញ្ហាជម្លោះផ្លូវច្បាប់ជាមួយនឹង ADOR ខណៈតារាស្រីរៀបរាប់ថា ខ្លួនបានតស៊ូដល់ទីបញ្ចប់ដើម្បីក្រុម។

Danielle បានចាប់ផ្ដើមដោយរំឭកដល់ការចងចាំល្អៗដែលនាង និង NewJeans ទទួលបានពី Bunnies ដែលជាក្រុមអ្នកគាំទ្ររបស់ខ្លួន។ បន្តពីនេះ តារាស្រីវ័យ ២០ឆ្នាំ បង្ហើបថា៖ “មានរឿងមួយដែលខ្ញុំពិតជាចង់និយាយមែនទែន។ ឥឡូវនេះ មានរឿងជាច្រើនដែលកំពុងតែស្ថិតនៅក្នុងដំណើរការដោះស្រាយនៅឡើយ។ នៅពេលស័ក្តិសមមកដល់ ខ្ញុំនឹងចែករំលែកទៅអ្នកទាំងអស់គ្នា អំពីអ្វីដែលបានកើតឡើង អំពីការប្ដឹងផ្ដល់ និងគ្រប់យ៉ាងដែលអ្នកកំពុងតែមានចម្ងល់”។
“អ្វីដែលខ្ញុំអាចនិយាយបាននោះគឺ ខ្ញុំបានតស៊ូដល់ទីបញ្ចប់ ដើម្បីអាចនៅជុំគ្នាជាមួយនឹងសមាជិក។ វាជាការពិតដែលនៅជាមួយខ្ញុំ។ នៅជ្រុងមួយនៃបេះដូងខ្ញុំ NewJeans តែងតែនៅទីនោះរហូត។ បើទោះបីជានៅកន្លែងផ្សេងគ្នា តែយើងមានបេះដូងដូចគ្នា គឺជា Bunny តែមួយ និងជាគ្រួសារតែមួយ” នាងបង្ហាញជំហរដូច្នេះ។

មុននឹងបញ្ចប់ Danielle បានបញ្ជាក់ថា នេះមិនមែនជាចំណុចបញ្ចប់ទេ វាគ្រាន់តែជាចំណុចចាប់ផ្ដើមប៉ុណ្ណោះ ខណៈនាងសន្យានឹងតបស្នងក្ដីស្រឡាញ់ទាំងអស់ដែលនាងទទួលបាន ត្រឡប់ទៅកាន់ Bunnies វិញបន្តិចម្ដងៗ។
គួរឱ្យដឹងផងដែរថា ការផ្សាយផ្ទាល់នេះ គឺជាសកម្មភាពទីមួយរបស់ Danielle បន្ទាប់ពី ADOR បានប្រកាសបញ្ចប់កិច្ចសន្យាផ្ដាច់មុខ និងបញ្ចប់តួនាទីជាសមាជិកក្រុម NewJeans កាលពីចុងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ខណៈទីភ្នាក់ងារនេះក៏បានប្ដឹងផ្ដល់ទាមទារសំណងជាង ៣០លានដុល្លារអាមេរិក ដោយចោទថា ចុងចោទបានរំលោភកិច្ចសន្យា និងនាំឱ្យទីភ្នាក់ងារខូចកេរ្តិ៍ឈ្មោះជាដើម៕























Account
Security
Favourite Content