ការស្លាប់របស់តារាចម្រៀងស្រីល្បី Coco Lee បានបង្កការភ្ញាក់ផ្អើលដល់មហាជន អ្នកគាំទ្រ និងមិត្ដរួមអាជីពយ៉ាងខ្លាំងព្រមទាំងត្រូវបានគេលើកឡើងយកមកនិយាយពិភាក្សាពាសពេញបណ្ដាញសង្គម។ អ្នកធ្លាប់ស្គាល់តារាស្រីរូបនេះសុទ្ធតែបានលើកឡើងដូចគ្នាថា នាងជាមនុស្សល្អម្នាក់ មិនសមជួបរឿងអភ័ព្វយ៉ាងដូច្នេះឡើយ។

នៅថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០២៣ លោក Jae Chong ជាផលិតករ និងអ្នកចម្រៀងម្នាក់ ដែលជាមិត្ដជិតស្និទ្ធរបស់តារាស្រី Coco Lee បានទម្លាយពីរឿងដែលរូបនាងមិនដែលនិយាយប្រាប់នរណាទៅកាន់មហាជនឱ្យបានដឹង។ មែនទែនទៅ មុនធ្វើអត្ដឃាតរូបនាងកំពុងតែតស៊ូ និងប្រឆាំងជាមួយជំងឺមហារីកផងដែរ។
លោកបានលើកឡើងថា៖ Coco Lee បានប្រាប់លោកពីស្ថានភាពជំងឺរបស់នាងដែលធ្វើឱ្យលោកអត់ទ្រាំមិនសម្រក់ទឹកភ្នែកមិនបាន នាងមានជំងឺមហារីកសុដន់ និងបានវះកាត់យកដុំសាច់ចេញកាលពីឆ្នាំមុន។ ប៉ុន្ដែនាងមិនបានប្រាប់រឿងនេះទៅកាន់មនុស្សច្រើនឡើយ ព្រោះមិនចង់ឱ្យគ្រប់គ្នាបារម្ភ ជាពិសេសម្ដាយរបស់នាង។

លោកបន្ថែមថា Coco ពិតជាមនុស្សស្រីដ៏រឹងមាំម្នាក់ នាងបានតស៊ូជម្នះការលំបាកជាច្រើនម្នាក់ឯងអស់រយៈពេលជាយូរ ឥឡូវនាងបានទៅដល់កន្លែងស្ងប់សុខមួយហើយ។ លោកសង្ឃឹមថា នាងនឹងលែងមានការឈឺចាប់តទៅទៀត។
គួរបញ្ជាក់ថា បើតាមការបញ្ជាក់របស់ក្រុមគ្រួសាររបស់ Coco Lee បានឱ្យដឹងថា នាងបានព្យាយាមធ្វើអត្ដឃាតខ្លួនកាលពីថ្ងៃ អាទិត្យ ទី ២ ខែ កក្កដា ឆ្នាំ ២០២៣ ប៉ុន្ដែត្រូវបានក្រុមគ្រួសារបញ្ជូនមកមន្ទីរពេទ្យក្រោយប្រទះឃើញនាងសន្លប់។ រហូតដល់ថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០២៣ រូបនាងត្រូវបានស្លាប់បាត់បង់ជីវិតបន្ទាប់ពីក្រុមគ្រូពេទ្យប្រឹងប្រែងអស់លទ្ធភាពហើយ នៅតែមិនអាចជួយសង្គ្រោះនាងបាន៕


























Account
Security
Favourite Content