ការប្រកាសបញ្ចប់ជីវិតអាពាហ៍ពិពាហ៍រយៈពេល ១៨ ឆ្នាំ របស់តារាប្រុសហុងកុងជើងចាស់ Roger Kwok និងភរិយា Cindy Au បានធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនហាក់មានការសោកស្ដាយខ្លាំង ខណៈអ្នកទាំងពីរធ្លាប់តែជាគូស្នេហ៍ផ្អែមល្ហែម និងតែងត្រូវបានគេសរសើរថាពូកែថែរក្សាចំណងស្នេហ៍។


កាលពីថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០២៤ តារាប្រុសស្រីទាំងពីរបានប្រកាសបញ្ចប់ទំនាក់ទំនងរបស់ខ្លួន និងបានបញ្ជាក់ថា៖ អ្នកទាំងពីរបានចែកផ្លូវគ្នាអស់រយៈពេល ២ ឆ្នាំទៅហើយ គ្រាន់តែមិនទាន់បានប្រកាសជាសាធារណៈប៉ុណ្ណោះ។
បកត្រឡប់ទៅកាលពីឆ្នាំ ២០២៣ តារាស្រី Cindy Au ធ្លាប់បានលើកឡើងក្នុងកម្មវិធី “Touch the Bottom of The Cup” ថា៖ នាងចង់រស់នៅដើម្បីខ្លួនឯង។ ការលើកឡើងបែបនេះគឺក្រោយពេលដែលនាងត្រូវបានគេចោទសួរពីជីវិតស្នេហារបស់នាង និងអតីតស្វាមីលោក Roger Kwok។


តារាស្រី Cindy Au បានលើកឡើងទៀតថា៖ មនុស្សម្នាក់ៗ គឺមានការគិតរៀងខ្លួន និងមានភាពឯករាជ្យផ្ទាល់ខ្លួន។ នៅពេលដែលអ្នកចាកចេញពីពិភពលោកនេះ ហើយមើលទៅក្រោយវិញ អ្នកនឹងស្ដាយក្រោយនូវរឿងដែលអ្នកមិនមានឱកាសបានធ្វើ និងចង់ធ្វើវា។
នាងបន្ថែមថា៖ មនុស្សម្នាក់ៗ ជាមធ្យមប្រហែលជាអាចរស់បានអាយុ ៨០ ឆ្នាំ។ សម្រាប់ ៦០ ឆ្នាំ គឺពេលវេលាដែលគ្រប់គ្នានៅមានកម្លាំង និងមានសុខភាព ជាពិសេសអាចធ្វើអ្វីដែលខ្លួនចង់ធ្វើ។ នាងមានអាយុ ៤៤ ឆ្នាំហើយ នាងនៅសល់ពេលវេលាប្រហែលជិត ២០ ឆ្នាំ សម្រាប់ធ្វើអ្វី ដែលខ្លួនចង់ធ្វើ។ ដូច្នេះនាងត្រូវតែរស់ដើម្បីខ្លួនឯង។



ទន្ទឹមនេះដែរ នៅពេលនិយាយរំឮកដល់ពីវិធីធ្វើឲ្យស្វាមីភរិយា អាចចុះសម្រុងគ្នាឲ្យបានល្អប្រសើរ ស្រាប់តែតារាស្រី Cindy Au ឆ្លើយតបថា វាមិនមានផ្លូវដែលអាចចុះសម្រុងគ្នារហូតនោះទេ។
គួរបញ្ជាក់ថា តារាប្រុស Roger Kwok និងភរិយា Cindy Au បានរៀបការក្នុងឆ្នាំ ២០០៦។ អ្នកទាំងពីរទទួលបានចំណងដៃកូនប្រុសម្នាក់ និងកូនស្រីម្នាក់ ក្រោយរៀបការ តារាស្រី Cindy Au បានលាឈប់ពីសិល្បៈដើម្បីមើលថែគ្រួសារ៕


























Account
Security
Favourite Content