តារាសម្តែងរូបស្រស់ ឆាយ នីតា បានបង្ហាញខ្លួនយ៉ាងស្រស់ស្អាតក្នុងឈុតពណ៌ខ្មៅ ក្នុងពិធីសម្ភោធរឿង «ហ្វូតូកូពី/Photocopy» កាលពីសប្តាហ៍កន្លងទៅ។ ក្នុងរឿងនេះ នាងសម្តែងជាតួអង្គគ្រូបង្រៀនម្នាក់ដែលស្រគត់ស្រគំ ស្លូតបូត សុភាពរាបសារ ខុសប្លែកពីរឿងផ្សេងៗដែលនាងធ្លាប់សម្តែងកន្លងមក។ ក្នុងនោះ នីតា បានផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានពីបទពិសោធន៍ក្នុងការសម្តែងរឿងរន្ធត់នេះផងដែរ។



គួរឱ្យចាប់អារម្មណ៍ខ្លាំងមែនទែន បង្ហាញខ្លួនលើកនេះ កញ្ញា ឆាយ នីតា មើលទៅស្រស់ស្អាតប្លែកជាងមុនឆ្ងាយណាស់ បើធៀប និងកាលពីប៉ុន្មានឆ្នាំមុន។ និយាយដល់ចំណុចនេះ នីតា មិនបដិសេធឡើយ គឺនាងទទួលស្គាល់ថា ខ្លួននាងពិតជាបានផ្លាស់ប្តូរសម្រស់ច្រើនមែន។
តារាស្រីរូបនេះ លើកឡើងថា នាងបានថែមថយចំណុចខ្វះខាតតិចតួចលើផ្ទៃមុខ ឧស្សាហ៍ទៅម៉ាស្សាមុខនៅគ្លីនិក ឬក៏ធ្វើនេះធ្វើនោះដែលជួយលើកសម្រស់របស់យើង។ ប៉ុន្តែ សម្រាប់រូបរាង ដងខ្លួនគឺនាងមិនបានកែកុននោះទេ តែនាងអាចស្រកគីឡូមកស្វែលវិញបានដោយសារនាងព្យាយាមផឹកទឹកច្រើន កាត់បន្ថយការញ៉ាំអាហារ និងហាត់ប្រាណខ្លះៗដែរ។ បើទោះបីជាពេលនេះរូបសម្រស់របស់ ឆាយ នីតា មើលទៅស្រស់ស្អាតផូរផង់ជាងមុនក៏ពិតមែន តែតម្លៃខ្លួននាងនៅដដែល ដោយនាងមិនប្រកាន់ខ្លួន និងទទួលការងារសិល្បៈដូចពីមុន។






គួររំលឹកផងដែរថា តារាសម្តែងរូបស្រស់ ឆាយ នីតា បានបាត់មុខពីការងារសិល្បៈកាលពីប៉ុន្មានឆ្នាំមុន ពេលដែលកេរ្តិ៍ឈ្មោះនាងកំពុងល្បីល្បាញតាមរយៈការថតរឿងដុំ-ភាគ។ ការបាត់មុខនេះ ត្រូវសាមីខ្លួនឱ្យដឹងថា ព្រោះនាងឡើងគីឡូធាត់ខ្លាំងទើបមិនហ៊ានទទួលការងារសិល្បៈ ទើបពេលនាងសម្រកគីឡូបានជោគជ័យ និងកែកុនចំណុចខ្វះខាតឱ្យស្រស់ស្អាតហើយ ទើបត្រឡប់មកសម្រុកវិស័យភាពយន្តវិញ។
ក្រោយកែសម្ផស្សលើសម្រស់រួចមក ឆាយ នីតា មើលទៅមានយីអ៊ុន និងហុងស៊ុយខ្លាំង ដោយត្រូវផលិតកម្មក្នុងស្រុក ហៅឱ្យថតរឿងបន្តបន្ទាប់។ តួយ៉ាង ពេលនេះ ស្នាដៃរឿង «ហ្វូតូកូពី/Photocopy» កំពុងតែចាក់បញ្ចាំងតាមរោងភាពយន្ត និងកំពុងថតរឿង «ហេតុអីជាពួកយើង» របស់ភីអិនអិន និងការងារផ្សេងៗទៀត៕

























Account
Security
Favourite Content