កុមារា ពន្លឺ វិរះបុត្រ ហៅ ឆលី វ័យ ៥ឆ្នាំ បានតស៊ូជម្នះឧបសគ្គគ្រប់បែបយ៉ាងជាមួយជំងឺមហារីកដំណាក់ទី៤ អស់មកជាយូរ ហើយក៏ចំណាយច្រើនសន្ធឹកផងដែរ។ ប្រមាណជាងមួយខែកន្លងមកនេះ ឆលី ទទួលបានលទ្ធផលជាវិជ្ជមាន បន្ទាប់ពីទទួលការព្យាបាលជាមួយមន្ទីរពេទ្យ១នៅប្រទេសម៉ាឡេស៊ី។

មន្ទីរពេទ្យនៅម៉ាឡេស៊ី បានព្យាបាលតាមវិធីសាស្ត្រ Immunotherapy ដោយប្រើប្រាស់ Natural Killer Cells ដែលកោសិកាដុំសាច់ ឆលី ធ្លាក់ពី ៣.៦ ទៅ ២.១។ សម្រាប់ឪពុក ឆលី ដែលមហាជនស្គាល់ថា ជាវិចិត្រករផ្នែកគំនូរសហសម័យ ព្រហ្ម ពន្លឺ បានលម្អិតពីស្ថានភាពវិវឌ្ឍរបស់ ឆលី នៅពេលបានទៅព្យាបាលនៅម៉ាឡេស៊ី ដូចខាងក្រោម។
ករណីជំងឺកុមារា ឆលី ប្រៀបដូចអភិនិហា ក្រោយជំងឺមហារីកឈានដល់ដំណាក់កាលចុងក្រោយ សល់តែដង្ហើម ប្រែជាសាច់ឈាមស្រស់ថ្លា មានសង្ឃឹមវិញ ៥០ ភាគរយក្រោយចេញពីមន្ទីរពេទ្យនៅប្រទេសថៃ ទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសម៉ាឡេស៊ី ២៣ Century។


អំឡុងខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ ឆលី ត្រូវបានជំងឺមហារីករើឡើងវិញធ្ងន់ និងបានត្រឡប់ទៅមន្ទីរពេទ្យថៃ តែពេទ្យដែលធ្លាប់ព្យាបាល ឆលី បាននិយាយថា អស់សង្ឃឹមហើយ មិនអាចបន្តការព្យាបាលបានទៀតទេ ដោយគ្រាន់តែប្រើថ្នាំគីមី ដើម្បីរក្សាពេលវេលារស់នៅជាមួយគ្រួសារ រយៈពេលខ្លីប៉ុណ្ណោះ។ ទោះយ៉ាង ម្ដាយឪពុក ឆលី មិនបោះបង់ចោលក្ដីសង្ឃឹមឡើយ អ្នកទាំង ២ បន្តស្វែងរកមន្ទីរពេទ្យជំនាញផ្នែកមហារីកនេះ ដើម្បីព្យាបាល ឆលី រហូតបានជួប។
ឆលី ជាកុមារទទួលបានក្ដីអាណិត និងស្រលាញ់ខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គម និងមហាជនទូទៅ។ ក្រោយទទួលដំណឹងថាកុមារារូបនោះអស់សង្ឃឹម សប្បុរសជន និងមហាជនទូទៅ រឹតតែមិនបោះបង់ការជួយឡើយ ហើយសាមីខ្លួនរឹតតែមិនបណ្ដែតបណ្ដោយខ្លួនតាមព្រហ្មលិខិត ជម្នះការឈឺចាប់គ្រប់បែបយ៉ាង។
ឆលី ជួបឧបសគ្គជាច្រើនដំណាក់កាល បន្ទាប់ពីក្រុមគ្រួសាររបស់ ឆលី បានចំណាយពេលវេលាព្យាបាលកន្លងមក ប៉ុន្តែដុំសាច់នៅតែបន្តដុះរាលដាល ដោយសារជំងឺប្រភេទនេះ គឺជាជំងឺដ៏កាចសាហាវ និងរីកដុះដាលលឿនរហ័ស។ បច្ចុប្បន្ន ឆលី មានភាពប្រសើរឡើង បន្ទាប់ពីការព្យាបាលដោយវិធីសាស្ត្រ អេមម៉្យូណូ ថេរ៉ាពី (Immunotherapy) ដែលបានប្រើប្រាស់កោសិកាធម្មជាតិ ដើម្បីទៅប្រឆាំង នឹងសម្លាប់កោសិកាមហារីក។
បន្ទាប់ពីទទួលការព្យាបាលដោយប្រើប្រាស់វិធីសាស្ត្រ Natural Killer Cells (NK Cells) នេះ លទ្ធផលវិភាគសញ្ញាកោសិកាដុំសាច់របស់ ឆលី បានធ្លាក់ពីទំហំ ៣.៦ ទៅ ២.១។ បន្ថែមពីនេះគ្រួសារ ឆលី បានប្រាប់ឲ្យដឹងថា ឆលី មានសុខភាពល្អប្រសើរជាងមុន ក្រោយពេលទទួលបានការព្យាបាលនៅប្រទេសម៉ាឡេស៊ី។
ឪពុក ឆលី បានបញ្ជាក់ចំណុចមួយថា វិធីសាស្ត្រ Natural Killer Cells (NK Cells) ឆលី ពុំសូវទទួលការឈឺចាប់ដូចមុនៗឡើយ បន្ថែមពីនេះគុណភាពជីវិតប្រចាំក៏កាន់តែប្រសើរឡើងមកវិញ។ លោក ព្រុំ ពន្លឺ ឪពុកកុមារារូបនេះ បានឲ្យដឹងថា ក្រោយទទួលការព្យាបាលនៅមន្ទីរពេទ្យម៉ាឡេស៊ីមួយរយៈឃើញថា “មុនទៅប្រទេសម៉ាឡេ ឆលី មានសង្ឃឹម តែ ៥% ប៉ុណ្ណោះ។ តែពេលនេះយើងមានសង្ឃឹមពី ៥% ទៅ ៤០-៥០ %ឡើងវិញ”។

អ្នកគូរគំនូរ ព្រហ្ម ពន្លឺ បានអរគុណមហាជនដែលបានជួយជាថវិកាដល់ការចំណាយព្យាបាល ឆលី កន្លងមក ព្រោះបើគ្មានសប្បុរសជនទាំងអស់ទេ ឆលី ប្រហែលមិនអាចអង្គុយទីនេះបានឡើយ ដោយការចំណាយព្យាបាលជំងឺនោះអស់ច្រើនខ្លាំង លើសពីសមត្ថភាពលោក និងគ្រួសារ។
ជាចុងក្រោយឪពុក ឆី ក៏បានអរគុណចំពោះ ២៣Centuryដែលបានយកចិត្តទុកដាក់ដ៏ខ្ពស់មកលើ ឆលី ព្រមទាំងថែទាំបានយ៉ាងល្អដិតដល់។ លោកបានលើកឡើងថាជាឪពុកម្ដាយ ក្រោយពីការព្យាបាល យើងពុំដែលធ្លាប់មានអារម្មណ៍ទទួលបានទំនុកចិត្តខ្ពស់ដូចពេលនេះឡើយ៕
រូបភាព៖ Charlie និង Stem Cell Cambodia
























Account
Security
Favourite Content