ក្រុមហ៊ុន Fantagio ដែលជាភ្នាក់ងារនៅពីក្រោយកំពូលតារា K-pop និងតារាសម្តែង Cha Eun Woo កំពុងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ។ ក្នុងនោះក្រុមហ៊ុនកំពុងត្រូវដោះស្រាយវិក្កយបត្រពន្ធរាប់លានដុល្លារ និងមូលបត្របំណុលដល់ពេលបង់ជម្រះរាប់លានដុល្លារទៀត ដែលធ្វើឱ្យស្ថានភាពហិរញ្ញវត្ថុក្នុងក្រុមហ៊ុនមានភាពរង្គោះរង្គើជាខ្លាំង។

យោងតាមសារព័ត៌មានកូរ៉េ Chosun ថ្មីៗនេះក្រុមហ៊ុនខាងលើបានទទួលវិក័យប័ត្រពន្ធចំនួន ៨.២ ពាន់លានវ៉ុន (៦.១ លានដុល្លារ) ពីការិយាល័យពន្ធប្រចាំតំបន់សេអ៊ូល ដែលនឹងត្រូវផុតកំណត់ការបង់ត្រឹមថ្ងៃទី ៣១ ខែតុលា ខណៈត្រូវបង់មូលបត្របំណុលជាច្រើនសរុប ១៣ ពាន់លានវ៉ុន (៩.៦ លានដុល្លារ) ដែលនឹងដល់កំណត់សងក្នុងខែវិច្ឆិកា។ ដោយសារតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនកំពុងធ្លាក់ចុះទាប ដូច្នេះម្ចាស់បំណុលនានាទំនងជាមិនដោះដូរបំណុលរបស់ពួកគេជាភាគហ៊ុននោះទេ ដែលមានន័យថា Fantagio នឹងត្រូវសងបំណុលជាសាច់ប្រាក់វិញ។
គិតត្រឹមដំណាច់ខែមីនា ក្រុមហ៊ុនមានសាច់ប្រាក់ត្រឹមតែ ១១ ពាន់លានវ៉ុន (៨.១ លានដុល្លារ) ប៉ុណ្ណោះនៅក្នុងដៃ ស្របពេលទឹកប្រាក់ដែលពួកគេត្រូវការដើម្បីជម្រះបំណុលធំទាំងពីរខាងលើគឺជាង ២១ ពាន់លានវ៉ុន (១៥.៥ លានដុល្លារ)។
វិបត្តិនេះឆ្លុះបង្ហាញពីអ្វីដែលអ្នកវិភាគក្នុងវិស័យសិល្បៈកូរ៉េធ្លាប់លើកឡើងពីការដែល Fantagio ពឹងផ្អែកខ្លាំងពេកលើសិល្បករឆ្នើមរបស់ខ្លួនគឺ Cha Eun Woo ។ យោងតាមឯកសាររបស់ក្រុមហ៊ុន សិល្បករទោលម្នាក់ដែលត្រូវបានគេជឿថាជា Eun Woo គឺជាអ្នករកចំណូល ជាងពាក់កណ្តាលនៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុននៅចុងឆ្នាំ ២០២៣។ ការចូលបម្រើយោធារបស់ Cha Eun Woo កាលពីខែមុន ធ្វើឱ្យទីភ្នាក់ងារនេះបានបាត់បង់ប្រភពចំណូលសំខាន់របស់ខ្លួន ហើយប្រាក់ចំណូលពួកគេត្រូវបានគេរំពឹងថានឹងធ្លាក់ចុះយ៉ាងខ្លាំង។

ផែនការរបស់ Fantagio ដើម្បីបង្កើតប្រភពចំណូលផ្សេងទៀតក៏មានបញ្ហាផងដែរ។ ជាក់ស្ដែង ការផលិតរឿងភាគបុរាណខ្នាតធំ ២៤ ភាគ រឿង “Uinyeo Dae Jang Geum” ដែលជាផ្នែកសំខាន់នៃផែនការអាជីវកម្មរបស់ក្រុមហ៊ុនសម្រាប់រយៈពេលនៃការបម្រើយោធារបស់ Cha Eun Woo ពេលនេះត្រូវបានពន្យារពេល។ តំណាងក្រុមហ៊ុនបានលើកឡើងពី “ការធ្លាក់ចុះនៃទីផ្សាររឿងភាគបុរាណ” ដោយនិយាយថាឥឡូវនេះពួកគេកំពុង “សង្កេតមើលស្ថានភាពទីផ្សារ” មុនពេលបោះជំហានបន្ទាប់។
នេះមិនមែនជាលើកទីមួយទេដែល Fantagio ប្រឈមមុខនឹងបញ្ហាសាច់ប្រាក់។ កន្លងមក ទីភ្នាក់ងារនេះបានរៃអង្គាសប្រាក់បានចំនួន ៤៨ ពាន់លានវ៉ុន (៣៥.៥ លានដុល្លារ) ពីម្ចាស់ភាគហ៊ុនក្នុងឆ្នាំ ២០២១ និង ២០២៣ ដើម្បីយកមកទ្រទ្រង់គម្រោងថ្មីៗ ប៉ុន្តែគេមិនទាន់ឃើញផលចំណេញគួរឱ្យកត់សម្គាល់ពីការវិនិយោគទាំងនោះនៅឡើយទេ ៕


























Account
Security
Favourite Content