ផ្ទុះការចាប់អារម្មណ៍ខ្លាំងខណៈតារាសម្ដែងប្រុសកំពុងឡើងកូដ Byeon Woo Seok ដែលទើបទទួលបានរហស្សនាមថា ‘King of K-Dramas’ ដោយសាររឿងភាគល្បី ‘Lovely Runner’ បានឡើងដល់ចំណាត់ថ្នាក់លេខ ១ ក្នុងបញ្ជីកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពរបស់តារាកូរ៉េប្រចាំខែមិថុនា ឆ្នាំ ២០២៤ ដោយអាចវ៉ាដាច់ក្រុមចម្រៀង BTS ដែលគ្រងតំណែងនេះអស់រយៈពេលជាយូរមកហើយ។


ជឿជាក់ថាប្រិយមិត្តរឿងភាគកូរ៉េជាច្រើនដែលបានតាមដានរឿង “Lovely Runner” ដែលចាក់ផ្សាយនៅលើ Viki និង Netflix ប្រហែលជាបានឃើញថារឿងមួយនេះមានប្រជាប្រិយភាពខ្លាំង និងបានក្លាយជារឿងភាគល្បីបំផុតនៅលើវេទិកាទាំងពីរនាពេលថ្មីៗកន្លងទៅនេះ។ ដូច្នេះវាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេដែលតារាសម្តែងប្រុសពោរពេញទេពកោសល្យដូចជា Byeon Woo Seok អាចឆក់យកបេះដូងអ្នកគាំទ្រទាំងនៅកូរ៉េខាងត្បូង និងក្រៅប្រទេស ទោះបីជារឿងនេះបានបញ្ចប់ក៏ដោយ។



មិនត្រឹមតែរឿងភាគនោះទេដែលទទួលបានភាពល្បីល្បាញ ប៉ុន្តែសកម្មភាពផ្សេងៗរបស់ Byeon Woo Seok ផ្ទាល់ក៏បានក្លាយជាប្រធានបទក្តៅជាបន្តបន្ទាប់ ដោយកន្លងមករូបលោកបានរៀបចំកម្មវិធីជួបជុំអ្នកគាំទ្រទូទាំងអាស៊ី រួមមាន តៃប៉ិ ហុងកុង សេអ៊ូល និងបាងកក ហើយក៏ទទួលបានការអញ្ជើញឱ្យចូលរួមកម្មវិធីបង្ហាញម៉ូដ Fashion Week នៅទីក្រុង Milan ផងដែរ។ សកម្មភាពទាំងនេះបានធ្វើឱ្យប្រជាប្រិយភាពរបស់ Byeon Woo Seok ស្ទុះឡើង និងក្លាយជាតារាពេញនិយមថ្មី អាចនិយាយបានថាភាពល្បីល្បាញលំដាប់សកលរបស់លោកបានឆក់យកបេះដូងមនុស្សជុំវិញពិភពលោក។



យោងតាមរបាយការណ៍ចុងក្រោយរបស់វិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មកូរ៉េ សន្ទស្សន៍ប្រជាប្រិយភាពរបស់លោកក្នុងខែមិថុនាបានកើនឡើងដល់ ៩,៣ លានពិន្ទុដែលកើនឡើងជាង ៦០% ធៀបនឹងខែឧសភា ហើយតួលេខនេះធ្វើឱ្យលោកអាចវ៉ាដាច់មិត្តរួមអាជីពទាំងតារាសម្តែង តារាចម្រៀង និងតារាល្បីៗមកពីកម្មវិធី Variety ផ្សេងៗ។
ទោះជាយ៉ាងណា ក្នុងខែកន្លងទៅនេះ ក្រុមចម្រៀងបុរស K-pop ដ៏ល្បីល្បាញលំដាប់ពិភពលោក BTS នៅតែរក្សាបាននូវប្រជាប្រិយភាពរបស់ខ្លួនបានយ៉ាងមោទនភាព ដោយអាចឈរនៅចំណាត់ថ្នាក់លេខ ៣ នៃប្រជាប្រិយភាពជាមួយនឹងពិន្ទុ ៦,៤៩ លាន តាមពីក្រោយតារាចម្រៀងសំណព្វចិត្តមហាជនកូរ៉េ Lim Young Woong ដែលអាចនិយាយបានថាក្រុម BTS នៅតែជាជើងខ្លាំងដែលអាចរក្សាបាននូវភាពរឹងមាំរបស់ខ្លួនបាន បើទោះបីជាសមាជិកក្រុមនេះចំនួន ៦ នាក់កំពុងបម្រើក្នុងជួរយោធាក៏ដោយ ៕
























Account
Security
Favourite Content