អតីត 1st Runner up Miss Grand Cambodia 2016 កញ្ញា ប៊ុន លក្ខិណា បានកំពុងត្រឡប់មកអង្រួនវិស័យបវរកញ្ញាម្តងទៀត ដោយ បច្ចុប្បន្ននាងជាបេក្ខភាព Miss Grand ខេត្តត្បូងឃ្មុំ ក្នុងការប្រកួត Miss Grand Cambodia 2023។

ប្រាប់ឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹងក្នុងថ្ងៃ Close Door Interview មុនការប្រកួតផ្តាច់ព្រ័ត្រមកដល់ លក្ខិណា ថា នាងមានអារម្មណ៍រំភើបខ្លាំងណាស់ តាំងពីចាប់ផ្តើមកម្មវិធីប្រកួតរហូតមកទល់ពេលនេះ ពិសេសការប្រកួតឈុតហែលទឹក គឺគ្រប់គ្នារួមទាំងនាងបានបញ្ចេញអស់ពីសមត្ថភាពតែម្តង។
ទោះបីជាស្រីស្អាត ប៊ុន លក្ខិណា ធ្លាប់មានបទពិសោធន៍ប្រកួតបវរកញ្ញាច្រើនក៏ពិតមែន តែនាងទទួលស្គាល់ថា Miss Grand Cambodia 2023 នេះ បានផ្តល់បទពិសោធន៍ថ្មីៗឱ្យនាងច្រើនណាស់ ដោយអ្នកស្រី អ៊ឹម សុគន្ធា ពិតជាយកចិត្តទុកដាក់ចំពោះបេក្ខភាពគ្រប់គ្នា និងបានជ្រើសរើសគ្រូជំនាញៗតាមផ្នែកមកបង្វឹកបេក្ខភាពគ្រប់រូប។


Miss Grand ខេត្តត្បូងឃ្មុំ បន្តថា នាងត្រៀមចិត្តទទួលយកគ្រប់យ៉ាង ទោះបីជានាងចាញ់ ឬឈ្នះការប្រកួត MGC 2023 នេះ ក៏នាងសប្បាយចិត្តដែលទទួលបានបទពិសោធន៍ថ្មីៗពីការប្រកួតដ៏អស្ចារ្យនេះ។ កញ្ញា បន្ថែមថា «ជាក់ស្តែង មកនេះគឺមកដណ្តើមមកមកុដ ប៉ុន្តែប្រសិនបើនាងខ្ញុំមិនបានទទួលតំណែងណាមួយក្នុង Top ទេ នាងខ្ញុំក៏សប្បាយចិត្តក្នុងការទទួលយកបទពិសោធន៍ថ្មីៗក្នុងការប្រកួត Miss Grand Cambodia 2023 នេះ»។

ទោះពេលនេះ លក្ខិណា ត្រៀមចិត្តទទួលយករឿងគ្រប់យ៉ាងដែលនឹងកើតឡើងនាពេលអនាគត តែនាងនៅតែមានជំនឿចិត្ត ហើយជឿជាក់ថា ខ្លួនឯងនឹងធ្វើបានល្អក្នុងការប្រកួតប្រជែងនេះ។ ការលើកឡើងបែបនេះ ព្រោះនាងមើលឃើញថា ខ្លួនឯងមានចំណុចពិសេសច្រើនដូចជា ភាពជឿជាក់លើខ្លួនឯង ស្នាមញញឹមទាក់ទាញ និងការខំប្រឹងហ្វឹកហាត់លើដំណើររបស់ខ្លួនឯង ដូច្នេះនាងជឿជាក់ថា នាងពិតជាមានសមត្ថភាពអាចដណ្តើមមកុដឆ្នាំនេះបាន។
ប៊ុន លក្ខិណា បង្ហាញគោលជំហរថា ប្រសិននាងមានឱកាសទទួលបានតំណែង Top ណាមួយ នាងនឹងបង្ហាញឱ្យពិភពលោកដឹងថា កម្ពុជាជាប្រទេសដែលពោរពេញដោយក្តីស្រលាញ់ កក់ក្តៅ ហើយប្រជាជនមានភាពសាមគ្គី អត់ធ្មត់តស៊ូ ក្លាហាន និងជាមនុស្សទន់ភ្លន់ តែមិនទន់ជ្រាយនោះឡើយ។ មួយវិញទៀត កម្ពុជាជាប្រទេសដែលសម្បូរធនធានធម្មជាតិ។



ចង់ដឹងថា សមត្ថភាពអតីត 1st Runner up Miss Grand Cambodia 2016 ប៊ុន លក្ខិណា មានការវិវត្តន៍ខ្លាំងកម្រិតណានោះ កុំភ្លេចរង់ចាំតាមដានដំណើរការប្រកួតរបស់ស្រីស្អាតរាងខ្ពស់ស្រឡះនេះទាំងអស់គ្នា ដោយស្អែកនេះជាថ្ងៃប្រកួតឈុតតំណាងជាតិ Miss Grand Cambodia 2023៕

























































Account
Security
Favourite Content