Jungkook ជាសមាជិកកូនពៅប្រចាំក្រុមតារាចម្រៀងលំដាប់ពិភពលោក BTS ដែលពោរពេញទៅដោយសមត្ថភាពមិនថាច្រៀង រាំ រ៉េប និងទេពកោសល្យសិល្បៈផ្សេងៗទៀតផងដែរ។ ថ្មីៗនេះ អ្នកចម្រៀងប្រុសវ័យ ២៦ ឆ្នាំរូបនេះ ក៏ទើបតែក្លាយជា BA របស់ក្រុមហ៊ុនសម្លៀកបំពាក់ Calvin Klein ផងដែរ។


ក្រៅពីមានភាពប៉ិនប្រសព្វខាងសិល្បៈ Jungkook ត្រូវបានអ្នកគាំទ្ររួមទាំងបងៗក្នុងក្រុមចាត់ទុកជាសមាជិកម្នាក់ដែលមានរាងកាយមាំមួន និងកម្លាំងខ្លាំងជាងគេដែរ។ ជាក់ស្ដែងយើងក៏អាចមើលឃើញតាមរយៈការសម្ដែងក្បាច់រាំនីមួយៗ មើលទៅលះៗ ហើយមានទាំងភាពរឹងមាំ ភាពទន់ភ្លន់ និងភាពជឿជាក់រួមបញ្ចូលគ្នា។

នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Tokopedia Jungkook ធ្លាប់បានត្រូវបានពិធីករសួរពីអាថ៌កំបាំង ធ្វើបែបណាទើបទទួលបានរាងកាយមាំមួន និងសុខភាពល្អបែបនេះ។ លោកក៏បានចែករំលែកថាជាការពិតគាត់បានហាត់ប្រាណជាមួយឧបករណ៍ហាត់ប្រាណដូចគេដូចឯងដែរ។
ប៉ុន្តែសម្រាប់គាត់ផ្ទាល់គឺចូលចិត្តហាត់ប្រាណជាមួយទម្ងន់ខ្លួនរបស់លោកជាង មានន័យថាលោកចូលចិត្តការធ្វើលំហាត់ប្រាណបែបអាវ៉ង់ (pushups) ក្រោកអង្គុយកាច់ក្បាលពោះ (situps) និងអង្គុយងើប (squats)។ នាពេលបច្ចុប្បន្នលោកក៏បានបន្ថែមការហាត់ប្រដាល់ផងដែរ។ Jungkook ក៏បានបន្តថាការធ្វើលំហាត់ប្រាណបែបនេះគឺមិនចាំបាច់ត្រូវការកន្លែងនោះទេ គ្រាន់តែត្រូវការតាំងចិត្ត និងភាពអត់ធ្មត់ប៉ុណ្ណោះ។

ចុងបញ្ចប់ Jungkook ក៏បានប្រាប់អ្នកគាំទ្រលោក ជាពិសេស ARMY ថាបើចង់ហាត់ប្រាណដូចលោកគឺគ្រាន់តែរៀបចំខ្លួន ការតាំងចិត្ត និងបទចម្រៀងពីរោះៗរបស់ BTS ប៉ុណ្ណោះ។ គួរបញ្ជាក់ដែរថាលំហាត់ប្រាណដូច Jungkook គឺអាចអនុវត្តបានទាំងមនុស្សប្រុស និងមនុស្សស្រី៕





























Account
Security
Favourite Content