ថ្មីៗនេះប្រធានាធិបតីទី ២១ របស់ប្រទេសកូរ៉េខាងត្បូងលោក Lee Jae Myung បានចាប់ផ្ដើមអាណត្តិថ្មីរបស់លោកជាផ្លូវការនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ជាមួយនឹងសំឡេងឆ្នោត ៤៩.៣១% ដោយលោកត្រូវបានគេរំពឹងទុកថានឹងអាចបញ្ចប់ភាពវឹកវររយៈពេលប្រាំមួយខែដោយសារច្បាប់អាជ្ញាសឹករបស់អតីតប្រធានាធិបតី Yoon Suk Yeol ។
មុនពេលប្រកាសលទ្ធផលនៃការបោះឆ្នោត ស្ថានីយទូរទស្សន៍ធំមួយរបស់កូរ៉េខាងត្បូងគឺ MBC បានចេញផ្សាយនូវវីដេអូរាប់ថយក្រោយរបស់ដែលផលិតដោយបច្ចេកវិទ្យា AI ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រនៃការបោះឆ្នោត។ ក្នុងនោះវត្តមានរបស់ក្រុមចម្រៀងយក្សប្រចាំកូរ៉េខាងត្បូង BTS ក៏បានធ្វើឱ្យអ្នកទស្សនាមានភាពភ្ញាក់ផ្អើលមិនស្ទើរនោះទេជាមួយនឹងវីដេអូក្រោមប្រធានបទ “ប្រជាធិបតេយ្យម្តងទៀត៖ ជម្រើសឆ្នាំ ២០២៥”។

“That Day, Together Now” ជាចំណងជើងនៃវីដេអូត្រូវបានបង្ហាញឱ្យឃើញពីស្មារតីនៃការផ្សាភ្ជាប់អតីតកាល និងបច្ចុប្បន្ន ដោយរំលេចឡើងនូវឯករាជ្យភាព លទ្ធិប្រជាធិបតេយ្យ និងការបង្រួបបង្រួមតាមរយៈសាច់រឿងនៅក្នុងវីដេអូផងដែរ។ ការបង្ហាញខ្លួនរបស់ BTS នៅក្នុងវីដេអូត្រូវបានប្រជាជនកូរ៉េខាងត្បូងចាត់ទុកជានិមិត្តរូបនៃប្រទេស ក្រោយពេលដែលឃើញពីភាពស្រដៀងគ្នាក្នុងនាមជាអ្នកដឹកនាំរវាងក្រុមចម្រៀងបុរសទាំង ៧ នាក់នេះជាមួយនឹងប្រធានាធិបតីទី ៦ របស់កូរ៉េ Kim Gu ដែលជាមេដឹកនាំចលនាឯករាជ្យកូរ៉េខាងត្បូងប្រឆាំងនឹងចក្រភពជប៉ុនក្នុងសម័យសង្គ្រាម។
ជាពិសេសនៅត្រង់ឈុតដែលបានរំឮកពីការធ្វើសេចក្តីថ្លែងការណ៍របស់ Kim Gu ថា “យើងបានចូលដល់សម័យកាលដែលប្រជាជាតិរបស់យើងទាំងមូលកំពុងឈានជើងទៅកាន់ឆាកពិភពលោក” ទន្ទឹមគ្នានឹងពេល RM មេក្រុម BTS បានថ្លែងសុន្ទរកថាពិសេសនៅអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០១៨ ថា “ជំនួសឱ្យការយល់សប្តិពេលសម្លឹងមើលផ្កាយ ដូច្នេះសូមអ្នកទាំងអស់គ្នាបោះជំហានទៅមុខទៀត”។ ចំណុចល្អដែលអ្នកទាំងពីរបានចែករំលែកទៅដល់ប្រជាជនគឺការបណ្ដុះក្ដីសុបិន និងពង្រឹងឆន្ទៈក្នុងនាមជាសកម្មជនឯករាជ្យកាលពីអតីតកាល និងតារាខេប៉ុបមានឥទ្ធិពលក្នុងពេលបច្ចុប្បន្ន។

មិនត្រឹមប៉ុណ្ណេះក្រុម BTS ដែលជា “21st century pop icons” ថែមទាំងត្រូវបានគេសរសើរជានិមិត្តរូបឈានមុខសម្រាប់យុវជនក្រោយក្នុងការកសាងប្រទេស និងនាំយកអត្តសញ្ញាណរបស់កូរ៉េខាងត្បូងទៅកាន់ពិភពលោកផងដែរ។ ជាពិសេសសល់ពេលមិនយូរទេដែលអ្នកទាំង ៧ វិលត្រលប់មកវិញ ដោយអ្នកគាំទ្រកាន់តែសង្ឃឹមថា BTS នឹងនាំមកនូវយុគសម័យថ្មីនៃតន្រ្តីខេប៉ុបមកបង្ហាញទៅកាន់ពិភពលោកបន្ថែមទៀតផងដែរ។
គួររំឭកផងដែរថា នេះមិនមែនជាលើកទីមួយនោះទេដែលក្រុមចម្រៀងបុរស BTS បានក្លាយជាមោទនភាពរបស់ជាតិតាមរយៈស្នាដៃតន្ក្រីរបស់ពួកគេ ការលើកទឹកចិត្ត និងបណ្ដុះបណ្ដាលដោយទ្រឹស្ដីល្អៗទៅកាន់បណ្ដាអ្នកគាំទ្រនៅជុំវិញពិភពលោក ជាពិសេសក៏ជាក្រុមចម្រៀងបុរសខេប៉ុបដំបូងបង្អស់បោះជំហានទៅកាន់ឆាកអន្តរជាតិចូលរួមជាមួយពិភពលោកក្នុងយុទ្ធនាការនានាថែមទៀតផង ៕























Account
Security
Favourite Content