បន្ទាប់ពីកាលពីម្សិលមិញ (២២ ខែវិច្ឆិកា) Big Hit Music បានប្រកាសថាសមាជិក BTS ដែលមិនទាន់បានចូលបំពេញកាតព្វកិច្ចយោធាគឺ RM, Jimin, V, និង Jung Kook បានចាប់ផ្តើមដំណើរការបំពេញកាតព្វកិច្ចរបស់ខ្លួន អ្នកគាំទ្រក៏បានបង្ហាញពីអារម្មណ៍ផ្សេងៗគ្នាដោយ ARMY ជាច្រើននិយាយថាពួកគេមានអារម្មណ៍សោកសៅដែលមិនអាចឃើញសមាជិកក្រុម BTS ដូចមុនរហូតដល់ពួកគេបញ្ចប់ភារកិច្ច។

ជាមួយគ្នានេះដែរ JungKook កូនពៅរបស់ BTS ដែលថ្មីៗនេះបានទទួលជោគជ័យខ្លាំងជាមួយនឹងអាល់ប៊ុមទោលដំបូង ក៏បានចេញមកសរសេរសំបុត្រទៅកាន់អ្នកគាំទ្រខ្លួនតាមរយៈ Weverse ពាក់ព័ន្ធការដែលសមាជិក BTS ទាំង៧នាក់នឹងចូលបម្រើយោធាពេញពេលឆាប់ៗនេះថា៖
“ ខ្យល់កាន់តែត្រជាក់ទៅៗហើយព្រោះជិតផុតខែវិច្ឆិកា។ គ្រប់គ្នាក៏បានដឹងរួចមកហើយ ដូច្នេះខ្ញុំសុំសរសេរសំបុត្រខ្លីមួយផ្ញើដល់អ្នកទាំងអស់គ្នា…
“ខ្ញុំនឹងចាប់ផ្តើមជំហានថ្មីនៅខែធ្នូ។ ខ្ញុំនឹងលាអ្នករាល់គ្នាជាបណ្ដោះអាសន្ន ដើម្បីបំពេញកាតព្វកិច្ចយោធារបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថាមានសម្ពាធដែលត្រូវប្រាប់អ្នករាល់គ្នាអំពីរឿងនេះ ប៉ុន្តែអារម្មណ៍មួយទៀតគឺបេះដូងខ្ញុំមានភាពកក់ក្តៅនៅពេលគិតពីអនុស្សាវរីយ៍ដ៏មានតម្លៃដែលខ្ញុំបានចែករំលែកជាមួយ ARMY។ គ្រប់វិនាទីដែលបានចំណាយជាមួយអ្នកគ្រប់គ្នាគឺជាពេលវេលាដ៏មានន័យបំផុតក្នុងជីវិតខ្ញុំ។ ស្នាមញញឹម ការលើកទឹកចិត្ត និងក្តីស្រលាញ់ពី ARMY បាននាំខ្ញុំទៅដល់ចំណុចនេះ។ ខ្ញុំដឹងគុណអ្នករាល់គ្នាដែលតែងតែជំរុញក្តីសុបិនរបស់ខ្ញុំ ហើយរួមដំណើរជាមួយខ្ញុំយ៉ាងស្ងៀមស្ងាត់”។
“ខ្ញុំមិនហ៊ានប្រាប់អ្នកទាំងអស់គ្នាឱ្យរង់ចាំពេលខ្ញុំបំពេញកាតព្វកិច្ចនោះទេព្រោះរយៈពេល ១ ឆ្នាំ ៦ ខែគឺយូរណាស់។ ខ្ញុំមិនអាចនិយាយពាក្យអាត្មានិយមបែបនេះបានទេ ប៉ុន្តែខ្ញុំសន្យាថានឹងត្រលប់មកវិញ ត្រលប់មកនៅលើឆាកម្តងទៀតបន្ទាប់ពីចប់ភារកិច្ច។
“ក្នុងពេលជាមួយគ្នានេះ ខ្ញុំសង្ឃឹមថាជីវិតរបស់ ARMY នឹងពោរពេញទៅដោយសំណើចរីករាយ និងសុភមង្គល ហើយសង្ឃឹមថាអ្នកទាំងអស់គ្នាមានសុខភាពល្អនិងមានតែភាពស្រស់ស្អាតនៅក្នុងជីវិត។ ខ្ញុំនឹងនឹកអ្នកទាំងអស់គ្នាអស់ពីចិត្ត ហើយរង់ចាំជួបអ្នករាល់គ្នាជាថ្មីដើម្បីបាននិយាយគ្នាអំពីរឿងថ្មីៗតទៀត។ ថែរក្សាសុខភាពផងណា កុំឱ្យឈឺ។ ខ្ញុំស្រលាញ់អ្នក”។
គួរបញ្ជាក់ថា បច្ចុប្បន្ន SUGA, Jin, និង j-hope កំពុងតែបំពេញកាតព្វកិច្ចយោធារបស់ពួកគេ ហើយសមាជិកដែលនៅសល់នឹងត្រូវចូលបំពេញកាតព្វកិច្ចក្នុងខែធ្នូនេះ ៕
























Account
Security
Favourite Content