រំឭកទៅកាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅនេះ Jin ជាសមាជិកកូនបងនៃក្រុមចម្រៀង BTS បានបង្ហាញខ្លួនជាលើកដំបូងក្រោយបញ្ចប់កាតព្វកិច្ចយោធាដោយជោគជ័យ។ មិនចាំយូរលោកបានជួបជាមួយអ្នកគាំទ្រភ្លាមក្នុងកម្មវិធីគម្រប់ខួប ១១ ឆ្នាំរបស់ BTS ដែលមានឈ្មោះថា “2024 BTS FESTA” នៅថ្ងៃទី 13 ខែមិថុនា ដែលជាសកម្មភាពផ្លូវការដំបូងរបស់គាត់បន្ទាប់ពីការបញ្ចប់កាតព្វកិច្ច។

ថ្មីៗនេះយោងតាមរបាយការណ៍ Star News បានរាយការណ៍ថា Jin នឹងចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី Relax and Rest របស់ទូរទស្សន៍ MBC ដោយថតនៅកោះមួយដែលគ្មានមនុស្សរស់នៅ ហើយក៏ត្រូវបានគេគ្រោងថានឹងចាក់ផ្សាយនៅពេលឆាប់ៗនេះដែរ។
ដំណឹងមួយនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនរបស់ម្ចាស់បទ «EPIPHANY» កំពុងទន្ទឹងរង់ចាំយ៉ាងខ្លាំងថា Jin នឹងបង្ហាញអ្វីខ្លះនៅពេលចូលរួមក្នុងការប្រកួតប្រជែងក្នុងកម្មវិធីមួយនោះ។ នេះមិនមែនជាលើកទីមួយនោះទេដែល Jin បង្ហាញខ្លួននៅក្នុងកម្មវិធីកម្សាន្ដនានា ជាក់ស្ដែងនៅចុងឆ្នាំ ២០២២ មុនពេលចូលក្នុងជួរកងទ័ព លោកក៏ធ្លាប់បានចូលរួមក្នុងកម្មវិធី “The Running Man”,”My Little Old Boy” និង “Please Take Care of My Refrigerator” ផងដែរ។ មិនត្រឹមប៉ុណ្ណេះ ក្រោយចេញពីជួរកងទ័ព លោកក៏បានបង្ហើបតម្រុយពីកាលវិភាគដ៏មមាញឹករបស់ខ្លួនតាមរយៈការឆ្លើយតបនៅលើបណ្ដាញសង្គម Weverse កាលពីថ្ងៃទី៣០ ខែមិថុនា ថ្មីៗនេះទៀតផង។

គួរបញ្ជាក់ផងដែរថា Relax and Rest គឺជាកម្មវិធីជីវិតពិតមួយដែលដឹកនាំដោយលោក Ahn Jung Hwan ដោយតម្រូវឱ្យតារាកិត្តិយសជួសជុលផ្ទះដែលគេបោះបង់ចោលនៅកោះដាច់ស្រយាល រួចហើយនឹងអញ្ជើញអ្នកទស្សនាឱ្យមកទទួលយកបទពិសោធន៍ថ្មី។ កម្មវិធីនេះផងដែរមានគោលបំណងផ្ដល់ឱ្យអ្នកទស្សនានូវសេវាកម្មផ្កាយ ៥ ក្នុងបរិយាកាសផ្កាយ 0.៥ ដោយទាក់ទាញអ្នកទស្សនាឱ្យចាកចេញពីជីវិតដ៏អាប់អួនៅទីក្រុង មករីករាយជាមួយធម្មជាតិឱ្យបានកាន់តែច្រើន។ តារាកិត្តិយស អ្នកចូលរួម អ្នកដឹកនាំ និងក្រុមការងារទាំងអស់នឹងខិតខំផ្ដល់សេវាកម្មពិសេស បើទោះបីជាកោះនេះមានការខ្វះខាតសម្ភារៈបរិក្ខារជាមូលដ្ឋាន ដូចជាទឹក និងអគ្គិសនីក៏ដោយ៕
























Account
Security
Favourite Content