នៅព្រឹកថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២៣ ខាងទស្សនាវដ្ដី Vogue Korea បានបង្ហោះរូបភាពរបស់សមាជិកក្រុមចម្រៀងនារីដ៏ល្បី BLACKPINK គឺ Jennie និងបង្ហើបប្រាប់ដល់អ្នកគាំទ្រឱ្យដឹងថា តារាស្រីវ័យ ២៧ ឆ្នាំរូបនេះនឹងបង្ហាញមុខក្នុងទស្សនាវដ្ដីលេខថ្មីសម្រាប់ខែ កុម្ភៈ ឆ្នាំ ២០២៣។
បន្ថែមពីនោះដែរ ខាងទស្សនាវដ្ដី Vogue Korea ក៏បានបញ្ចេញនូវបទសម្ភាសន៍ខ្លីៗ មួយចំនួនរបស់ Jennie ដែលភាគច្រើនទាក់ទងនឹងចំណង់ចំណូលចិត្ត និងគម្រោងសម្រាប់ឆ្នាំថ្មី ឆ្នាំ ២០២៣។ ដំបូងនាងបានចែករំលែកពីកន្លែងដែលខ្លួនចូលចិត្តដើរកម្សាន្ដបំផុតនៅពេលដែលខ្លួនទៅប្រទេសនីមួយៗ កន្លែងដែលនាងចូលចិត្តទៅគឺផ្សារ។ នាងពិតជាចូលចិត្តដើរផ្សារ មើលទំនិញ ឬញ៉ាំរបស់អ្វីដែលថ្មី។

Jennie បន្ដថា៖ ឆ្នាំ ២០២២ ជាឆ្នាំដ៏មមាញឹកមួយសម្រាប់នាង ចេញអាល់ប៊ុមចម្រៀងថ្មីជាក្រុម ការប្រគំតន្ដ្រីទេសចរណ៍ និងការចូលរួមកម្មវិធីផ្សេងៗ។ ប្រសិនបើអាចនាងមានបំណងប្រាថ្នាមួយចង់សម្រេចឱ្យបានសម្រាប់ឆ្នាំថ្មីគឺមើលថែទាំខ្លួនឯងឱ្យបានល្អ និងអ្នកនៅជុំវិញខ្លួន។ នាងសង្ឃឹមថា មានពេលវេលាគ្រប់គ្រាន់ដើម្បីចំណាយពេលវេលាជាមួយមនុស្សជាទីស្រឡាញ់របស់នាង ដូចជាក្រុមគ្រួសារ និងមិត្តភក្ដិជាដើម។
គួរបញ្ជាក់ដែរថា ចំពោះបទសម្ភាសន៍ពេញរបស់ Jennie សម្រាប់ Vogue Korea នឹងចេញផ្សាយនៅខែ កុម្ភៈ ឆ្នាំ ២០២៣។ ដូច្នេះកុំភ្លេចរង់ចាំតាមដាន ពីព្រោះ Jennie នឹងប្រាប់បន្ថែមពីគម្រោងរបស់នាង និងក្រុមចម្រៀង BLACKPINK សម្រាប់ឆ្នាំ ២០២៣៕























Account
Security
Favourite Content