បន្ទាប់ពីមានទេពកោសល្យផ្នែកច្រៀង រ៉េប សម្ដែង និងក្លាយជា CEO គ្រប់គ្រងក្រុមហ៊ុនផ្ទាល់ខ្លួន ឥឡូវ Jennie សមាជិកក្រុមចម្រៀង BLACKPINK បានមកសាកល្បងអ្វីដែលកាន់តែថ្មីប្លែក នោះគឺការដើរបង្ហាញម៉ូដ។


កាលពីថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៤ Jennie បានបង្ហាញខ្លួនជាអ្នកបង្ហាញម៉ូដលើកដំបូងក្នុងវីដេអូផ្សព្វផ្សាយរបស់ប្រេន Jacquemus។ ប្រេនមួយនេះត្រូវបានគេរាប់ជាប្រេនល្បីមួយ ក្នុងចំណោមប្រេនផ្សេងទៀតដូចជា Balenciaga, Versace និង Dior។



Jennie ត្រូវបានគេរាយការណ៍ថា ដើរបង្ហាញម៉ូដសម្រាប់ការបិទកម្មវិធី ដើរម៉ូត La Casa Cruise Show របស់ប្រេន Jacquemus។ សម្រាប់ការដើរបង្ហាញម៉ូដ Jennie បានស្លៀករ៉ូបពណ៌ខ្មៅវាលខ្នង និងកាន់កាបូបដ៏ស្រស់ស្អាតពណ៌ផ្ទៃមេឃ។ រូបនាងត្រូវបានគេសរសើរខ្លាំង បើទោះមិនមែនជាអ្នកដើរម៉ូតអាជីព តែនាងអាចធ្វើបានយ៉ាងល្អ និងមិនមើលទៅភ័យខ្លាច។
មុនបង្ហាញខ្លួនជាអ្នកដើរម៉ូត កាលពីមួយរយៈមុន Jennie ក៏បានបង្ហាញខ្លួនក្នុងកម្មវិធី MET GALA ដែលជាកម្មវិធីបង្អួតស្ទីល Fashion និងតុបតែងខ្លួនប្លែកៗ។ បង្ហាញខ្លួនជាមួយឈុតរ៉ូបពណ៌ខៀវ វែងអន្លាយ Jennie បានក្លាយជាទីចាប់អារម្មណ៍ក្នុងកម្មវិធី។ ការតុបតែងរបស់នាងត្រូវបានគេរាប់បញ្ចូលថា ជាការតុបតែងខ្លួនដ៏ស្រស់ស្អាតទាក់ទាញមួយ ក្នុងចំណោមអ្នកដទៃផងដែរ។

Jennie ត្រូវបានគេចាត់ទុកជាតារាចម្រៀងខេប៉ុបម្នាក់ដែលមានភាពជោគជ័យខ្លាំង និងមានតម្លៃខ្លួនថ្លៃម្នាក់។ ប៉ុន្មានឆ្នាំ ចុងក្រោយរូបនាងបានសាងកេរ្ដិ៍ឈ្មោះរបស់ខ្លួនតាមរយៈការផ្សព្វផ្សាយចម្រៀងជាមួយក្រុមចម្រៀង BLACKPINK។ នាងបានក្លាយជាអ្នកតំណាងប្រេនធំៗ ដូចជា Chanel និង Calvin Klein។ រូបនាងក៏ផ្ដើមប្រឡូកចូលក្នុងវិស័យសម្ដែងរឿង និងបានលេចមុខក្នុងរឿងភាគ “Idol”។ ភាពជោគជ័យមួយទៀតនោះ គឺនាងបានបើកក្រុមហ៊ុនផ្ទាល់ខ្លួន និងក្លាយជា CEO ទាំងវ័យក្មេង។ គិតត្រឹមចុងឆ្នាំ ២០២៣ នាងត្រូវបានគេរំពឹងថា មានទ្រព្យសម្បត្ដិច្រើនជាង ២០ លានដុល្លារអាមេរិក៕
























































Account
Security
Favourite Content