បន្ទាប់ពីចេញអាល់ប៊ុមចម្រៀងរួមគ្នាលើកចុងក្រោយកាលពីខែកញ្ញា ឆ្នាំ២០២២ សមាជិកទាំង ៤របស់ BLACKPINK ក៏បានចែកផ្លូវគ្នាធ្វើការលើការងារទោលរៀងៗខ្លួន។ ប៉ុន្តែខណៈដែលសមាជិកម្នាក់ៗសុទ្ធតែមមាញឹក និងល្បីល្បាញខ្លាំងនៅឆ្នាំនេះ តើអ្នកណាទៅអាចរកចំណូលបានច្រើនជាងគេ?
យោងតាមទិន្ន័យពីគេហទំព័រ Celebrity Net Worth និងទិន្នន័យសាធារណៈផ្សេងៗទៀតបង្ហាញថា Lisa បានក្លាយជាសមាជិកក្រុម BLACKPINK មានទ្រព្យសម្បត្តិច្រើនជាងគេ ពោលគឺរហូតដល់ ២៥ លានដុល្លារគិតត្រឹមចុងឆ្នាំ២០២៤នេះដោយប្រភពចំណូលចម្បងរបស់នាងបានមកពីអាជីពដ៏រីកចម្រើន ទាំងក្នុងនាមជាសមាជិក BLACKPINK និងសិល្បករទោល។

ក្នុងឆ្នាំនេះ Lisa បានចេញបទចម្រៀងទោលល្បីៗច្រើនបទដូចជា Rockstar, Moonlit Floor (Kiss Me) និងបទ New Woman ខណៈមានភាពលេចធ្លោកាន់តែខ្លាំងក្នុងវិស័យហ្វេសិនពិភពលោកដោយបានក្លាយជាអ្នកផ្សព្វផ្សាយឱ្យប្រេនធំៗដូចជា LV និង BVLGARI ជាដើម។ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខ តារារ៉េបស្រីវ័យ ២៧ឆ្នាំរូបនេះនឹងបង្ហាញមុខដំបូងក្នុងនាមជាតារាសម្ដែងក្នុងភាពយន្តភាគអាមេរិក “The White Lotus Season 3” របស់ HBO។


បន្ទាប់ពី Lisa សមាជិក BLACKPINK បីរូបទៀតរួមមាន Rosé, Jennie និង Jisoo សុទ្ធតែមានទ្រព្យសម្បត្តិប្រមាណ ២០ លានដុល្លារក្នុងម្នាក់ៗ។ នៅឆ្នាំនេះ Rosé ទទួលបានភាពជោគជ័យខ្លាំងសម្រាប់អាល់ប៊ុមចម្រៀងទោល ជាពិសេសបទ APT. ដែលនាងបានសហការជាមួយតារាអាមេរិក Bruno Mars ខណៈ Jennie ក៏មានបទចម្រៀងទោលមួយបទដែរគឺបទ Mantra។ ចំណែកឯ បងស្រីធំ Jisoo បើទោះជាមិនបានចេញបទចម្រៀង ប៉ុន្តែនាងបានផ្ដោតខ្លាំងលើការងារសម្ដែងនិងត្រៀមបញ្ចេញស្នាដៃច្រើនរឿងក្នុងឆ្នាំ២០២៥ខាងមុខនេះ ដូចជារឿងភាគ Zombie មានចំណងជើងថា “Newtopia” និងភាពយន្តខ្នាតធំ “Omniscient Reader’s Viewpoint” ដែលនាងបានសម្ដែងរួមជាមួយតារាប្រុស Lee Min Ho និង Ahn Hyo Seop។
បូកសរុបចូលគ្នា ទ្រព្យសម្បត្តិសុទ្ធរួមរបស់ BLACKPINK គិតត្រឹមចុងឆ្នាំ ២០២៤ មានចំនួន ៨៥ លានដុល្លារ។ ផ្អែកតាមការប្រកាសរបស់ YG កាលពីខែកញ្ញាកន្លងទៅនេះ សមាជិកទាំង៤រូបនឹងត្រលប់មកធ្វើការរួមគ្នាម្ដងទៀតសម្រាប់អាល់ប៊ុមថ្មី និងប្រគំតន្ត្រីទេសចរណ៍ពិភពលោកនៅឆ្នាំ២០២៥ ដូច្នេះរង់ចាំទស្សនាទាំងអស់គ្នាថាតើ BLACKPINK នឹងមានអ្វីពិសេសខ្លះសម្រាប់ BLINKs ទាំងអស់គ្នានៅឆ្នាំខាងមុខនេះ ៕


























Account
Security
Favourite Content