បើទោះបីជាមិនមានការចេញបទចម្រៀងជាក្រុមអស់រយៈពេលជិត ២ឆ្នាំក៏ពិតមែន ប៉ុន្តែក្រុមចម្រៀងនារី BLACKPINK នៅតែអាចបន្តបំបែកកំណត់ត្រាជាច្រើនលើ Spotify។


ផ្អែកតាមសេចក្ដីរាយការណ៍របស់ allkpop នៅថ្ងៃទី២០ ខែសីហានេះ បង្ហាញថា BLACKPINK បានក្លាយជាក្រុមចម្រៀងស្រីខេប៉ុបដំបូងបំផុតក្នុងប្រវត្តិសាស្ត្រដែលអាចមានអ្នកតាមដានដល់ ៥០ លាននាក់លើ Spotify ដែលជាវេទិកាស្ដាប់ចម្រៀងធំបំផុតមួយលើពិភពលោក។
ជាងនេះទៅទៀត ក្រុមចម្រៀងស្រីរបស់ YG មួយនេះក៏បានជាប់ក្នុងបញ្ជីសិល្បករស្រីតែ ៧ គត់ដែលអាចមានអ្នកតាមដានដល់ ៥០ លាននាក់ ដោយក្រៅពីពួកគេក្នុងនោះមានសុទ្ធតែតារាស្រីលំដាប់ពិភពលោកដូចជា Taylor Swift, Ariana Grande, Billie Eilish, Rihanna, Adele និង Selena Gomez។
ក្នុងកំណត់ត្រាមួយផ្សេងទៀត ពួកគេបានក្លាយជាក្រុមចម្រៀងស្រីដំបូងបំផុតដែលមានបទចម្រៀងទទួលបានការស្ដាប់លើស ៣០០ លានដង ដល់ទៅ ១៧ បទ។
មិនត្រឹមតែបទចម្រៀងក្នុងក្រុម ប៉ុន្តែអាល់ប៊ុមទោលរបស់សមាជិកម្នាក់ៗក៏អាចបំបែកកំណត់ត្រាជាច្រើនដូចគ្នា។ ជាក់ស្ដែងអាល់ប៊ុម “ME” របស់ Jisoo បានក្លាយជាអាល់ប៊ុមពីតារាស្រីខេប៉ុបដែលទទួលបានការចូលស្ដាប់ដល់ ៦០០ លានដងក្នុងរយៈពេលលឿនបំផុត ពោលគឺបន្ទាប់ពីចេញផ្សាយបាន ៥០៦ ថ្ងៃ ខណៈមានបទចម្រៀងត្រឹមតែពីរបទប៉ុណ្ណោះ។

ចំណែកបទថ្មីទើបនឹងចេញរបស់ Lisa ដែលសហការជាមួយតារាចម្រៀងអេស្ប៉ាញ Rosalía មានចំណងជើងថា “New Woman” ក៏បានបំបែកកំណត់ត្រាបទចម្រៀងពីតារាស្រីខេប៉ុបដែលទទួលបានការស្ដាប់ច្រើនបំផុតនៅថ្ងៃដំបូងដែរ បន្ទាប់ពីមានអ្នកចូលស្ដាប់ដល់ ៦ លានដងក្នុងថ្ងៃដំបូង ៕
























Account
Security
Favourite Content