កាលពីថ្ងៃទី ១១ ខែកញ្ញា Lisa សមាជិកក្រុម BLACKPINK បានធ្វើការសម្តែងទោលលើកដំបូងនៅឯកម្មវិធី MTV Video Music Awards ឆ្នាំ ២០២៤ ដោយបានសម្តែងបទចម្រៀងថ្មីរបស់នាង “New Woman” និង “Rockstar” ជាមួយនឹងក្រុមរាំ។

ទន្ទឹមនោះ តារារ៉េបដើមកំណើតថៃរូបនេះក៏បានឈ្នះពានរង្វាន់សិល្បករ K-Pop ល្អបំផុតសម្រាប់បទចម្រៀង “Rockstar” ដែលជាសមិទ្ធផលដ៏ធំមួយទៀតនៅក្នុងអាជីពរបស់នាង និងធ្វើឱ្យនាងក្លាយជាតារាខេប៉ុបទោលដំបូងបំផុតក្នុងប្រវត្តិសាស្ត្រដែលអាចឈ្នះពានរង្វាន់នេះដល់ទៅ២ដង បន្ទាប់ពីបានឈ្នះលើកដំបូងកាលពីឆ្នាំ២០២២។


ទោះបីជាមានការរំពឹងទុកខ្ពស់ដោយសារតែកេរ្តិ៍ឈ្មោះជាអ្នកសម្ដែងដ៏លេចធ្លោរបស់ BLACKPINK ក៏ដោយ ប៉ុន្តែការសម្តែងរបស់ Lisa លើកនេះត្រូវបានសារព័ត៌មានអន្តរជាតិ ក៏ដូចជាអ្នកលេងបណ្ដាញសង្គមរិះគន់ និងសម្ដែងការខកចិត្តជាច្រើន។
កាសែត New York Post បានរិះគន់ការសម្តែងរបស់នាងយ៉ាងចាស់ដៃ ដោយដាក់ឈ្មោះ Lisa ថា “K-flop” និងរាយឈ្មោះនាងក្នុងចំណោមអ្នកសម្តែងអន់បំផុតនាយប់នោះ ដោយសរសេររៀបរាប់ថា៖ “បើទោះជាត្រូវបានណែនាំដោយ Paris Hilton ជាមួយពាក្យថា “That’s hot” ប៉ុន្តែជាក់ស្ដែងពាក្យនេះមិនសមជាមួយ Lisa ទាល់តែសោះ។ តារាចម្រៀង K-pop រូបនេះគឺដូចជា K-flop ច្រើនជាងនៅពេលដែលនាងសម្តែងជាមួយកងទ័ពអ្នករាំដែលមិនអាចជួយសង្គ្រោះនាងបាន ដែលធ្វើឲ្យយើងទាំងអស់គ្នាឆ្ងល់ថាតើនាងបានទទួលការអញ្ជើញដោយរបៀបណា”។

លើសពីនេះ គេហទំព័រ Billboard ក៏បានធ្វើការចាត់ចំណាត់ថ្នាក់ការសម្ដែងទាំង ១៦ ក្នុងយប់នោះ ដោយ Lisa ស្ថិតនៅចំណាត់ថ្នាក់ចុងក្រោយលេខ ១៦ តែម្ដង។ ក្នុងនោះ Billboard បានសរសេររៀបរាប់ថា៖ “សមាជិកក្រុម BLACKPINK រូបនេះបានបង្ហាញឱ្យឃើញថា រូបនាងមានភាពប៉ិនប្រសប់លើក្បាច់រាំពិបាកៗ និងរូបសម្រស់ដ៏ទាក់ទាញនាពេលកន្លងមក ប៉ុន្តែការសម្ដែងទោលរបស់ LISA នៅ VMAs ឆ្នាំ ២០២៤ ធ្វើឱ្យយើងមានអារម្មណ៍ដូចជាការលេងល្ខោន និងមិនពេញលេញ”។
មហាជនជាច្រើននៅលើបណ្ដាញសង្គមក៏បានបញ្ចេញអារម្មណ៍ស្រដៀងៗនេះដែរ ដោយពួកគេបានរិះគន់ការច្រៀងចាក់ឌីស ឬ Lip-sync និងការសម្តែងកម្រិតមធ្យមរបស់នាង។
ចុះប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះការសម្តែងរបស់ Lisa?























Account
Security
Favourite Content