មានឈ្មោះថាកំពូលតារាលំដាប់ពិភពលោកដូចជា Beyoncé គ្រាន់តែងាកខ្លួន ឬស្លៀកអ្វីក៏អាចក្លាយជាទីចាប់អារម្មណ៍ ឬ Trending គ្រប់ពេលវេលា។ ជាក់ស្ដែង ការប្រគំតន្ត្រី ‘The Renaissance World Tour’ របស់នាង អ្នកណាៗក៏និយាយថាជាការប្រគំតន្ត្រីប្រចាំទសវត្សរ៍ដែលគ្រប់គ្នាមិនអាចខកខានបាន ដោយសារតែក្នុងនោះនាងមិនត្រឹមតែច្រៀង ឬផ្ដល់ការសម្តែងដ៏អស្ចារ្យឱ្យអ្នកគាំទ្របានឃើញប៉ុណ្ណោះទេ ប៉ុន្តែក៏មានការលេងម៉ូដសម្លៀកបំពាក់យ៉ាងពេញទំហឹង មិនខុសពីការ Fashion Show ប៉ុន្មានដែរ។ ខណៈដែលមានម៉ាកល្បីៗជាច្រើនចូលរួមបង្កើតសម្លៀកបំពាក់ឱ្យនាង ក៏មានសេចក្ដីរាយការណ៍ថាកំពូលតារារូបនេះបានបង្កើតផលចំណេញផ្នែកផ្សព្វផ្សាយរហូតដល់ជាង ១៨៧ លានដុល្លារអាមេរិកឱ្យម៉ាកសម្លៀកបំពាក់ទាំងនោះ។


ក្នុងកម្មវិធីប្រគំតន្ត្រីមួយរយៈកន្លងមក ម្ចាស់បទ “If I Were a Boy” បានស្លៀកសម្លៀកបំពាក់ម៉ាកល្បីៗជាច្រើនដើម្បីឱ្យកម្មវិធីមានភាពស្រស់ស្អាតសម្បូរបែប។ ក្នុងនោះដែរ យោងតាមរបាយការណ៍ពីគេហទំព័រ Women’s Wear Daily បានឱ្យដឹងថានាងបានបង្កើតផលចំណេញផ្នែកផ្សព្វផ្សាយគិតជាទឹកប្រាក់សម្រាប់ក្រុមហ៊ុនសម្លៀកបំពាក់ Alexander McQueen ចំនួន ៧,៧លានដុល្លារ, សម្រាប់ក្រុមហ៊ុនគ្រឿងអលង្ការ Tiffany & Co. ចំនួន ៧,២លានដុល្លារ , សម្រាប់ម៉ាក Balmain ចំនួន ៥,៦លានដុល្លារ, សម្រាប់ម៉ាក Valention ចំនួន ៣,៧លានដុល្លារ និងមានម៉ាកផ្សេងៗជាច្រើនទៀតដែលនាងបានជ្រើសរើសមកស្លៀកពេលប្រគំតន្ត្រី។


អ្វីដែលគួរចាំមើលបន្តទៀតនោះគឺការប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់នាងមិនទាន់បញ្ចប់នៅឡើយទេ ដូច្នេះអ្នកគាំទ្រនៅតែអាចមើលឃើញស្ទីលតែងខ្លួនថ្មីៗប្លែកៗជាច្រើនទៀតរបស់នាងជាមួយនឹងម៉ាកល្បីៗទូទាំងពិភពលោក ហើយថាមិនត្រូវនាងអាចនឹងបង្កើតផលចំណេញកាន់តែច្រើនមហាសាលថែមទៀតឱ្យម៉ាកទាំងនោះ ៕





























Account
Security
Favourite Content