ក្រុមហ៊ុន Mattel បានសហការជាមួយតារាម៉ូដែលជនជាតិអង់គ្លេស Lila Moss ដែលបានកើតជំងឺទឹកនោមផ្អែមតាំងតែពីអាយុ ១២ឆ្នាំ ដើម្បីបង្កើតតុក្កតា Barbie ដែលជាតំណាងឱ្យអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ ត្រៀមដាក់លក់នៅថ្ងៃទី២៣ ខែសីហា នេះទៅ។

តុក្កតាកូនក្រមុំមួយពី Collection Barbie Fashionistas 2025 គឺបង្កើតឡើងដើម្បីលើកទឹកចិត្តកុមារដែលកំពុងតែជួបជាមួយនឹងជំងឺនេះ ដោយមានលក្ខណៈពិសេស ភ្ជាប់ជាមួយនឹងឧបករណ៍ដែលអ្នកកើតជំងឺទឹកនោមផ្អែមប្រើប្រាស់ជាប្រចាំ ដូចជាឧបករណ៍ត្រួតពិនិត្យជាតិស្ករក្នុងឈាម និងកម្មវិធីគ្រប់គ្រងសុខភាពនៅក្នុងទូរស័ព្ទដៃជាដើម។
ដោយមានតុក្កតាបង្កើតឡើងពីគំរូរបស់ខ្លួន Lila Moss ដែលបានកើតជំងឺទឹកនោមផ្អែមប្រភេទទី ១ តាំងពីនាងអាយុ ១២ ឆ្នាំ បានរំឭកពីពេលវេលាដ៏រីករាយដែលខ្លួនបានលេងជាមួយ Barbie កាលពីកុមារ និងនិយាយអំពីការសហការនេះថា៖ “នៅពេលដែលមើលទៅ Barbie ដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ ហើយនៅពេលដែលទទួលបានតុក្កតាដែលមានរូបរាង និងមានឧបករណ៍នៅលើដៃដូចនឹងខ្ញុំ ខ្ញុំចាត់ទុកថា វាជារឿងដែលពិសេស ប្រៀបបានដូចជាសុបិន”។

កូនក្រមុំពិសេស ដែលត្រៀមបញ្ចេញទៅលើទីផ្សារនៅទី២៣ ខែសីហា ខាងមុននេះ នឹងដាក់លក់ក្នុងតម្លៃ ១០.៩៩ ដុល្លារអាមេរិក។ ក្នុងឱកាសនេះដែរ Mattel ក៏បានធ្វើការបរិច្ចាគប្រាក់ចំនួន ២ម៉ឺនផោន ឬប្រមាណ ២ ៧០០០ដុល្លារអាមេរិក ក្រោមឈ្មោះ Lila Moss ទៅកាន់អង្គការស្រាវជ្រាវជំងឺទឹកនោមផ្អែមពិភពលោក Breakthrough T1D ផងដែរ។
គួរឱ្យដឹងដូចគ្នាថា ក្រុមហ៊ុន Mattel បានបង្កើតគម្រោង Barbie Fashionistas តាំងតែពីឆ្នាំ ២០០៩ ក្នុងគោលបំណងចង់ឱ្យក្មេងៗអាចមើលឃើញការពិតនៅក្នុងពិភពលោក ដោយបានបង្កើតតុក្កតាចំនួន ១៧៥ រួមមានកូនក្រមុំ Barbie ពិការភ្នែក Barbie ដែលបំពាក់ឧបករណ៍ជំនួយការស្ដាប់ និង Barbie តំណាងឱ្យបុគ្គលដែលមានបញ្ហាមិនគ្រប់ទឹកជាដើម៕


























Account
Security
Favourite Content