មិនសូវខុសពីក្នុងរឿងដែលពួកគេសម្ដែងទេ Baifern Pimchanok និង Nine Naphat គឺជាមិត្តជិតស្និទ្ធជាច្រើនឆ្នាំ ទម្រាំវិវត្តិទំនាក់ទំនងជាគូស្នេហ៍នៅចុងឆ្នាំ ២០២២។

ថ្មីៗនេះ តារាសម្តែងស្រី Baifern Pimchanok បានចែករំលែករូបថតមុនថ្ងៃក្តីស្រឡាញ់ជាមួយមិត្តប្រុស Nine Naphat ។ មូលហេតុដែលអ្នកទាំងពីរប្រារព្ធទិវានៃក្តីស្រឡាញ់មុនថ្ងៃទី ១៤ កុម្ភៈ គឺដោយសារតែ Baifern Pimchanok មានកាលវិភាគចេញទៅក្រៅប្រទេស ខណៈ Nine Naphat មានកម្មវិធីផ្សព្វផ្សាយត្រូវចូលរួម។ ក្នុងរូបភាពដែលតារាស្រីរូបនេះបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្ទាល់ គូស្នេហ៍មួយគូនេះ មានស្នាមញញឹមយ៉ាងស្រស់ពព្រាយអមជាមួយបាច់ផ្កាធំៗ និងវត្ថុអនុស្សាវរីយ៍។
អាចនិយាយបានថា Baifern និង Nine Naphat បច្ចុប្បន្នជាគូស្នេហ៍តារាដ៏ល្បីបំផុតមួយគូក្នុងប្រទេសថៃ។ ពួកគេបានសហការគ្នាជាលើកដំបូងលើខ្សែភាពយន្ត Friend Zone ដែលចាក់បញ្ចាំងក្នុងប្រទេសជាច្រើននៅថ្ងៃ១៤ កុម្ភៈ ឆ្នាំ ២០១៩។ Friend Zone គឺជាភាពយន្តថៃដែលរកចំណូលបានខ្ពស់បំផុតប្រចាំឆ្នាំ ២០១៩ បើយោងតាម Inquirer ។ បន្ទាប់ចប់រឿងនោះ ពួកគេបានរក្សាមិត្តភាពយ៉ាងជិតស្និទ្ធ។ ថ្វីត្បិតតែមានពាក្យចចាមអារ៉ាមស្នេហាជាច្រើនលើកច្រើនសា ប៉ុន្តែអ្នកទាំងពីរនៅតែបញ្ជាក់ដដែលៗថាពួកគេគ្រាន់តែជាមិត្តរួមការងារប៉ុណ្ណោះ។
រហូតដល់ឆ្នាំ ២០២២ តារាទាំងពីរដួងបានចាប់ដៃគូគ្នាជាថ្មីក្នុងរឿងភាគ “ក្លិនផ្កាក្ដាំងងា” របស់ប៉ុស្តិ៍ CH3 ។ ជាថ្មីម្តងទៀត ដំណឹងថា Baifern Pimchanok និង Nine Naphat បង្កើតទំនាក់ទំនង លើសពីមិត្តភាព ក៏កាន់តែល្បីខ្លាំង។ នៅក្នុងបទសម្ភាសន៍មួយ ម្តាយរបស់ Nine Naphat អ្នកស្រី Pimpaka Siangsomboon ដែលជាតារាសម្តែងដ៏ល្បីមួយរូបនិងបានទទួលតំណែងជាបវរកញ្ញារងទីពីរនៃប្រទេសថៃឆ្នាំ ១៩៨៨ បានលើកទឹកចិត្តកូនប្រុស ឱ្យដេញតាម Baifern តែម្ដងទៅ។

ចាប់តាំងពីពេលនោះមក Baifern និង Nine Naphat មានសកម្មភាពជាមួយគ្នាជាញឹកញាប់នៅលើបណ្តាញសង្គម ដូចជាធ្វើដំណើរជាមួយគ្នានៅពេលមានកាលវិភាគធ្វើការនៅប្រទេសអ៊ីតាលីដូចគ្នាកាលពីខែកញ្ញា ឆ្នាំ ២០២២។ មិនយូរប៉ុន្មាន ពិធីករ Num Kanchai ក៏បានលាតត្រដាងពីទំនាក់ទំនងរបស់ Nine Naphat និង Baifern ដោយចៃដន្យក្នុងកម្មវិធីទូរទស្សន៍មួយ ធ្វើឱ្យរឿងនេះកាន់តែកក្រើកក្នុងបណ្ដាញសង្គមប្រទេសថៃ។
ទីបំផុតនៅចុងខែវិច្ឆិកា ឆ្នាំ ២០២២ Nine Naphat បានសារភាពថាខ្លួនពិតជាមានចិត្តលើមិត្តរួមការងារមែន។ តារារូបនេះបានចែករំលែកថាខ្លួនចូលចិត្ត Baifern យូរមកហើយតែមិនហ៊ានសារភាព។ ដោយមានការណែនាំ និងលើកទឹកចិត្តពីពិធីករ Num Kanchai ទើប Nine Naphat បានសម្រេចចិត្តទូរស័ព្ទទៅសារភាពអារម្មណ៍ទាំងអស់ប្រាប់ Baifern។

ប៉ុន្មានថ្ងៃក្រោយការសារភាពមុខអ្នកកាសែតរបស់ Nine, Baifern ក៏ចូលរួមកម្មវិធីមួយ និងបានចែករំលែកថានាងបានបើកភ្លើងខៀវឱ្យ Nine Naphat។ នៅពេលអ្នកកាសែតសួរថានាងបានផ្តល់ចម្លើយបែបណាចំពោះចម្លើយសារភាពរបស់ Nine Naphat, Baifern បាននិយាយថានាងចង់រក្សាចម្លើយជារឿងឯកជន។ នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២២ ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា Baifern Pimchanok និង Nine Naphat ត្រូវបានប្រទះឃើញណាត់ជួបគ្នានៅផ្សារមួយ។ នេះជាលើកទីមួយហើយដែលតារាថៃទាំងពីរបង្ហាញមុខជាសាធារណៈជាមួយគ្នាចាប់តាំងពីបញ្ជាក់ពីចំណងស្នេហ៍។

នៅចុងឆ្នាំ ២០២២ Baifern បានហោះទៅប្រទេសអង់គ្លេសដើម្បីអបអរឆ្នាំថ្មី។ គ្រាន់តែបញ្ចប់ការងារនៅប្រទេសថៃភ្លាម Nine Naphat ក៏ទៅប្រទេសអង់គ្លេស ដើម្បីរីករាយថ្ងៃដំបូងនៃឆ្នាំថ្មីជាមួយមិត្តស្រីតែម្ដង។ នៅទីនោះ ពួកគេបានបង្ហាញរូបថតគូស្នេហ៍ជាលើកដំបូងចាប់តាំងពីផ្លាស់ប្តូរទំនាក់ទំនងជាសាធារណៈពីមិត្តភក្តិទៅជាគូស្នេហ៍។
ក្នុងបទសម្ភាសដែលធ្វើឡើងបន្ទាប់ពីបើកចំហរទំនាក់ទំនង Baifern បានសារភាពថានាងនិង Nine Naphat បានផ្លាស់ប្តូររបៀបនិយាយគ្នាទៅវិញទៅមកដោយផ្អែមល្ហែមជាងមុន។ តួឯកស្រី “វង្វេងភ្លើង” ក៏បាននិយាយដែរថា មិត្តប្រុសរបស់នាងស្រលាញ់នាងកាន់តែខ្លាំង។ Nine Naphat សរសើរមិត្តស្រីថាគួរឱ្យស្រលាញ់ ចិត្តល្អ និងតែងតែមើលថែអ្នករាល់គ្នា។
ក្នុងវីដេអូ Live កាលពីប៉ុន្មានថ្ងៃមុន អ្នកចាត់ការ Baifern បានឃើញថា Nine Naphat video call ទៅកាន់មិត្តស្រី។ តារាសម្តែងរូបនេះបាននិយាយថា “ខ្ញុំនឹកអ្នក”។ នៅពេលនោះ Baifern និងក្រុមការងារបានចេញទៅក្រៅប្រទេសដើម្បីចូលរួមព្រឹត្តិការណ៍។

កើតក្នុងឆ្នាំ ១៩៩២ Baifern Pimchanok បច្ចុប្បន្នមានអ្នកតាមដាន ១២ លាននាក់ និងជាតារាឯករាជ្យលំដាប់ A ក្នុងប្រទេសថៃ។ នាងល្បីទាំងក្នុងនិងក្រៅប្រទេស និងជាអ្នកតំណាងម៉ាកផលិតផលជាង ១០ ក្នុងវិស័យផ្សេងៗតាំងពីគ្រឿងសម្អាង សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ភេសជ្ជៈ និងគ្រឿងអេឡិចត្រូនិក។ Nine Naphat កើតនៅឆ្នាំ១៩៩៦ បច្ចុប្បន្នជាតារាសម្ដែងកុងត្រារបស់ប៉ុស្តិ៍ទូរទស្សន៍ CH3 ៕


























Account
Security
Favourite Content