តារាសម្ដែងប្រុសជើងចាស់ Andy Lau ឬមនុស្សជាច្រើនស្គាល់ថាជា លីវ តឺហួ បានធ្វើឲ្យមហាជន និងអ្នកគាំទ្រ ជាច្រើនព្រួយបារម្ភខ្លាំងក្រោយលោកសម្ដែងខុសបច្ចេកទេស ប៊ិះធ្លាក់ពីលើឆាកតន្ដ្រី។
តារាប្រុសវ័យ ៦២ ឆ្នាំរូបនេះ បានធ្វើការប្រគំតន្ដ្រីទេសចរណ៍របស់ខ្លួនសាជាថ្មី នៅឯទីក្រុង សៀងហៃ ក្រោយខកខានធ្វើអស់ជាច្រើនឆ្នាំ។ លោកបានច្រៀងចម្រៀងដ៏ពីរោះៗ ជាច្រើនរបស់លោក ប្រហែល ៣០ បទ ដែលធ្វើឲ្យអ្នកគាំទ្ររបស់លោកហាក់មានអារម្មណ៍រំភើបចិត្ដខ្លាំង។


យោងតាមប្រភពព័ត៌មានចិន SCMP បានឲ្យដឹងថា កំឡុងពេលច្រៀងបទចម្រៀងដ៏ល្បីរបស់លោកដែលចេញកាលពីឆ្នាំ ២០០២ មានចំណងជើងថា “Practice” លោកបានឈរច្រៀងលើឆាកតូចដែលមានកម្ពស់ខ្ពស់ពីឆាកធំរហូតដល់ទៅ ៤ ម៉ែត្រ។ ស្របពេលដែលលោកកំពុងសម្ដែងយ៉ាងជក់ចិត្ដ លោកក៏បានរាំ និងយកជង្គង់របស់ខ្លួនអូសដីទៅមុខ។ ការសម្ដែងរបស់លោកពេលនោះពិតជាមានគ្រោះថ្នាក់ព្រោះបើលោកអូសខ្លាំងតែបន្ដិចទៀត នឹងត្រូវធ្លាក់ពីលើឆាកដែលមានកម្ពស់នេះមកដល់ខាងក្រោមជាមិនខាន។ លោកបានសម្ដែងបទនេះ ដោយមិនមានពាក់ខ្សែការពារសុវត្ថិភាពអ្វីឡើយ។


មែនទែនទៅ ហេតុការណ៍នេះបានធ្វើឲ្យមនុស្សជាច្រើនមានការព្រួយបារម្ភ និងមានអ្នកខ្លះបញ្ចេញមតិឲ្យតារាប្រុសជើងចាស់រូបនេះមានភាពប្រុងប្រយ័ត្ន ដោយសារគ្រោះថ្នាក់អាចកើតឡើងមានគ្រប់ពេល។ ស្របពេលដែល ឈ្មោះរបស់តារាប្រុស Wong Ka Kui ក៏ត្រូវបានលើកយកមកនិយាយម្ដងទៀត ដោយសារការខុសបច្ចេកទេស ធ្វើឲ្យលោកបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីធ្លាក់ពីលើឆាកតន្ដ្រីមានកម្ពស់ត្រឹមជាង ៣ ម៉ែត្រប៉ុណ្ណោះ។
បន្ទាប់ពីរឿងបានកើតឡើង និងធ្វើឲ្យមនុស្សជាច្រើនមានការព្រួយបារម្ភ តារាប្រុស Andy Lau ក៏បានចេញមុខសុំទោស ចំពោះទង្វើធ្វេសប្រហែសរបស់លោក។ លោកក៏សន្យាឈប់សម្ដែង ឈុតឆាកគ្រោះថ្នាក់ដូច្នេះតទៅទៀត៕

























Account
Security
Favourite Content